ជាតិ
ក្រោយ​ល្បី​តាម​ហ្វេ​ស​ប៊ុ​ក កុមារី យ៉ង់ ស្រី​នី​ត មក​ភ្នំពេញ​ថត​រឿង​ជាមួយ​នាយ​ពាក់​មី​
20, Nov 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ រូបភាព និង​វីដេអូ​ច្រៀង​ចម្រៀង​របស់​កុមារី យ៉ង់ ស្រី​នី​ត ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​តាមរយៈ​សម្រស់​ពី​ធម្មជាតិ និង​ការ​ច្រៀង​អមដោយ​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​។ ក្រោយ​សកម្មភាព​ទាំងនេះ បានធ្វើ​ឲ្យ​តារា​កំប្លែង​នាយ​ពាក់​មី ទាក់ទង​កុមារី យ៉ង់ ស្រី​នី​ត មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ថត​ខ្សែភាពយន្ត​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន Thmey Thmey 25 កុមារី យ៉ង់ ស្រី​នី​ត លើកឡើងថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​។ ថ្ងៃនេះ ខ្ញុំ​មក​ឡើង​បុ​ស្ដិ៍​ភី​អិន​អិន និង​មក​ថត​គុន​ជាមួយ​លោកពូ​ពាក់​មី​»​។

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ​កុមារី យ៉ង់ ស្រី​នី​ត ដូចតទៅ​៖
 
 
​នៅ​ថ្ងៃទី​២០ វិច្ឆិកា​នេះ ជា​វេលា​ដែល​កុមារី យ៉ង់ ស្រី​នី​ត បានមក​ដល់ទី​ក្រុងភ្នំពេញ ដើម្បី​ថត​ខ្សែភាពយន្ត​ជាមួយ​នាយ​ពាក់​មី​។ នៅថ្ងៃនេះ សារព័ត៌មាន Thmey Thmey 25 ក៏បាន​ជួប​សម្ភាស​ចំណាប់អារម្មណ៍​ជាមួយ​កុមារី យ៉ង់ ស្រី​នី​ត ដែល​ត្រូវបាន​មហាជន​ជាច្រើន​ស្គាល់ តាមរយៈ​រូបភាព និង​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​។  «​មុនដំបូង​ខ្ញុំ​ខ្មាស​គេ ដល់ពេល​យូរ​ទៅ​សប្បាយចិត្ត​។ មុនដំបូង​ខ្ញុំ​មិនដឹងថា​មាន​គេ​បង្ហោះ​រូប និង​វីដេអូ​របស់ខ្ញុំ​ទេ​។ ពេល​ខ្ញុំ​ទៅ​សាលារៀន គេ​ប្រាប់ថា​ឃើញ​ខ្ញុំ​នៅក្នុង​ទូរ​សព្ទ​។ គេ​ឲ្យ​ខ្ញុំ​មើល ហើយ​ខ្ញុំ​អង្គុយ​យំ ពេលឮ​គេ​ហៅ តារា​»​។ នេះ​ជាការ​លើកឡើង​របស់​កុមារី យ៉ង់ ស្រី​នី​ត​។ 
 
​ទោះ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សាធារណជន កុមារី យ៉ង់ ស្រី​នី​ត នៅតែមាន​បំណងប្រាថ្នា​ជា​គ្រូបង្រៀន​ដដែល​។ កុមារី​វ័យ ១១​ឆ្នាំ​រូបនេះ ស្រឡាញ់​អាជីព​ជា​គ្រូបង្រៀន ដោយ​នាង​រៀបរាប់​បែបនេះ​៖ «​នៅពេល​អនាគត ខ្ញុំ​ចង់​ក្លាយជា​គ្រូបង្រៀន និង​តារាចម្រៀង​។ ខ្ញុំ​មិន​ផ្លាស់ប្ដូរ​គោលបំណង​ទេ​»​។ 
 
​សម្រាប់​អ្នកស្រី ណៃ​ហាក់ ដែលជា​ម្ដាយ​កុមារី យ៉ង់ ស្រី​នី​ត មាន​អារម្មណ៍​សប្បាយចិត្ត និង​ត្រេកអរ​ចំពោះ​កូនស្រី​។ សន្ទុះ​នៃ​ការគាំទ្រ​កុមារី យ៉ង់ ស្រី​នី​ត នៅតាម​បណ្ដាញ​សង្គម​មាន​ចំនួន​ច្រើន​កុះករ ដោយ​សាធារណជន​ខ្លះ​ជំរុញ​ឲ្យ​ស្រី​នី​ត បន្ត​ការសិក្សា​។  អ្នកស្រី ណៃ​ហាក់ លើកឡើងថា​៖ «​ខ្ញុំ​ឲ្យ​កូន​ខ្ញុំ​សិក្សា​ដល់​ចប់​។ ពេល​គាត់​មានចំណេះដឹង អាច​កែប្រែ​ជីវភាព​រស់នៅក្នុង​គ្រួសារ​របស់ខ្ញុំ​បាន ហើយ​ចំណេះដឹង​នេះ ជា​អនាគត​របស់គាត់​ត​ទៅមុខទៀត​»​។​
 
 
 
​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា លោក ពាក់​មី ដែលជា​អ្នកកំប្លែង បាន​បង្ហោះ​រូបភាព​ស្វែងរក​កុមារី យ៉ង់ ស្រី​នី​ត យ៉ាង​ដូច្នេះ​៖ «​មាន​បងប្អូន​ណា​ស្គាល់​លេខ ក្មួយ​ស្រី​ម្នាក់នេះ​អត់ ខ្ញុំ​ចង់​ហៅ​គាត់​ថត នៅ​ថ្ងៃ​សុក្រ ទី​20​ខាងមុខនេះ​»​។ ក្រោយ​បង្ហោះ​បាន​ប៉ុន្មាន​ម៉ោង នាយ​ពាក់​មី ក៏បាន​លេខ​ទំនាក់ទំនង​ក្រុមគ្រួសារ​កុមារី យ៉ង់ ស្រី​នី​ត​។ «​អរគុណ​បងប្អូន ខ្ញុំ​ទាក់ទង​ក្មួយ​ស្រី​បាន​ហើយ ថ្ងៃ​១៩​នេះ​គាត់​ឡើងមក​ភ្នំពេញ​ជាមួយ​ម្តាយ​ក្មួយ​ស្រី មក​ស្នាក់​នៅផ្ទះ​ខ្ញុំ ថ្ងៃ​២០​ខ្ញុំ​ថត​តែម្តង ហើយនឹង​ផុស​ក្នុងពេល​ឆាប់ៗ អរគុណ​បងប្អូន​ដែល​គាំទ្រ​»​។ នេះ​ជាការ​រៀបរាប់​របស់​នា​យ​ពាក់​មី នៅក្នុង​ហ្វេ​ស​ប៊ុ​ក​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ តុលា​-១ វិច្ឆិកា ក្រុម​ជំរំ​តង់ Cambodia Amazing Trip Planner និង​សារព័ត៌មាន Thmey Thmey25  បានធ្វើ​ដំណើរ​កម្សាន្ត​បោះតង់​រយៈពេល ៣​ថ្ងៃ នៅ​ខេត្តមណ្ឌលគិរី​។ តាមរយៈ​ដំណើរ​កម្សាន្ត​មេះ ក្រុម​ជំរំ​តង់ Cambodia Amazing Trip Planner បាន​ជួប​កុមារី យ៉ង់ ស្រី​នី​ត នៅក្នុង​សហគមន៍​ដាក់​ដាំ គ្រា​ដែល​នាង​កំពុង​ដើរ​លក់​ចេកឆាប​៕
 
 
 

Tag:
 ស្រី​នី​ត​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com