កីឡាជាតិ
ជាតិ
មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា អនុញ្ញាត​ឲ្យ​ក្រុម​កីឡាករ ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើងវិញ​
20, Nov 2020 , 9:59 pm        
រូបភាព
ដោយ:
​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា អនុញ្ញាត​ឲ្យ​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ​ប្រមូលផ្តុំ​ហ្វឹកហាត់​ជុំគ្នា​ឡើងវិញ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បន្ទាប់ពី​ផ្អាក​ជិត​ពីរ​សប្តាហ៍ ដោយសារ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ ការអនុញ្ញាត​នេះ ធ្វើឡើង​ក្រោយ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩​។ ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺ​សំដៅលើ​ដំំ​ណើ​រ​ទស្សនកិច្ច​របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​នៅ​កម្ពុជា​។ 
 
​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ការអនុញ្ញាត​ឲ្យ​លេង​កីឡា និង​ហាត់ប្រាណ​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​ឡើងវិញ​។ ជាមួយគ្នានេះ ក្រសួង ក៏បាន​អនុញ្ញាត​ឲ្យ​បើ​ការចេញ​ចូលក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ផងដែរ​។ 
 
​ការអនុញ្ញាត​នេះ​ធ្វើឡើង​ក្រោយ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ជាង​១​ពាន់​នាក់ តេស្ត​សុខភាព​ចុងក្រោយ​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩​។ ភ្លាមៗ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ហើយ​បញ្ជា​ឲ្យ​ក្រសួង ក៏ដូចជា​អាជ្ញាធរ បើក​សាលារៀន សារមន្ទីរ រោងភាពយន្ត កន្លែង​សាសនា និង​រៀប​អាពាហ៍ពិពាហ៍​ឡើងវិញ​។ ប៉ុន្តែ​ត្រូវ​បន្ត​អនុវត្តតាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​។ 
 
១​ថ្ងៃក្រោយ​ក្រសួង​អប់រំ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​ផ្ញើលិខិត​ទៅកាន់​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ដោយ​អនុញ្ញាត​ឲ្យ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ​ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើងវិញ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។  
 
​ដោយឡែក​ក្រសួងទេសចរណ៍​ឯណោះ​វិញ ក៏បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ​នានា​ឧស្សាហ៍​លាង​សម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​ឧបករណ៍ សម្ភារ​ហាត់ប្រាណ​ជាប្រចាំ ដោយ​រៀបចំ​ឧបករណ៍ និង​សម្ភារ​ហាត់ប្រាណ​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា​យ៉ាងតិច​១,៥០​ម៉ែត្រ​។ ក្រសួង​ណែនាំ​ឲ្យ​ម្ចាស់​ក្លឹប​ហាត់ប្រាណ​ត្រូវតែ​ផ្តល់​សេវាកម្ម​ដែល​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។​
 
​គួររំលឹកថា កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ការផ្អាក​ការលេង​កីឡា និង​ហាត់ប្រាណ​គ្រប់​ប្រភេទ​កីឡា ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ និង​ផ្អាក​ការចេញចូល​ពហុ​កីឡដ្ឋាន​ជាតិ​បណ្តោះអាសន្ន​។ ការផ្អាក​នេះ ធ្វើឡើង​ក្រោយ​អង្គរក្ស​ម្នាក់ និង​ជា​គ្រូបង្វឹក​កីឡា​មួយ​ប្រភេទ ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ បាន​ទាក់ទង​ការងារ​ផ្ទាល់ និង​ប្រយោល​ជាមួយ​កីឡាករ និង​បុគ្គលិក​៥​រូប​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។ 
 
​អង្គរក្ស​រូបនេះ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពេល​លោក​ធ្វើជា​អង្គរក្ស​ការពារ​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ រដ្ឋមន្ត្រី​រូបនេះ​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ពេល​លោក​ទៅដល់​ប្រទេស​ថៃ មួយថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ 
 
​ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា មាន​មនុស្ស​៤​នាក់​ប៉ុណ្ណោះ ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ រួមមាន​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម រួមទាំង​អង្គរក្ស​ម្នាក់​។ ប៉ុន្តែ​លោក សួស យ៉ា​រ៉ា បានជា​សះស្បើយ​ពី​កូ​វីដ​-១៩ ហើយ កាលពី​ថ្ងៃទី​១៦ វិ​ច្ឋិ​កា​៕ 
 
 
 
 

Tag:
 ក្រសួង​អប់រំ​យុវជន​និង​កីឡា​
  មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com