កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡាបាល់ទាត់ អនុញ្ញាត​ឲ្យ​ពានរង្វាន់​ចំនួន​៥ ដំណើរការ​ប្រកួត​ឡើងវិញ​
20, Nov 2020 , 11:59 pm        
រូបភាព
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(កណ្តាល)
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(កណ្តាល)
ដោយ:
​ពានរង្វាន់​បាល់ទាត់​ចំនួន​៥​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ប្រកួត​ឡើងវិញ ក្រោយ​ផ្អាក​សកម្មភាព​ជិត​ពីរ​សប្តាហ៍ ដោយសារ​ការ​រាតត្បាត​នៃ​ជំ​ងឹ​កូ​វីដ​-១៩​។ ការអនុញ្ញាត​នេះ ធ្វើឡើង​ក្រោយ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ជាង​១​ពាន់​នាក់​ធ្វើតេស្ត​សុខភាព​ចុងក្រោយ​អវត្តមាន​កូ​វីដ​-១៩​។
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​នៅ​ថ្ងៃទី​២០ វិច្ឆិកា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ស្តីពី​ការអនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ នូវ​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២, លី​គ​នារី​, ជម្រើស​ជើងឯក​ហ្វ៊ូ​ត​សាល​, ជើងឯក​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​អាយុ​ក្រោម​១៥​ឆ្នាំ​។ ប៉ុន្តែ​សហព័ន្ធ​តម្រូវ​ឲ្យ​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​ទាំងអស់​គោរព​តាម​គោលការណ៍ និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក កែវ សារ៉េត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​លំដាប់​ទី​ពីរ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា រីឯ​ការប្រកួត​ពាន់រ​ង្វាន់​បាល់ទាត់​ក្នុង​សាល Tiger Futsal Cup ចាប់ផ្តើម​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ចំណែក​ការប្រកួត​លី​គ​បាល់ទាត់​នារី និង​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៥ និង​ក្រោម​១៨​ឆ្នាំ​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។  
 
​ការអនុញ្ញាត​នេះ ធ្វើឡើង​ក្រោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ អនុញ្ញាត​ឲ្យ​លេង​កីឡា និង​ហាត់ប្រាណ​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ​ជួបជុំ និង​ឲ្យ​ចេញចូល​ពហុ​កីឡដ្ឋាន​ជាតិ​ឡើងវិញ​។ ការសម្រេច​នេះ​ធ្វើឡើង​មួយថ្ងៃ​ក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា បន្ទាប់ពី​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​ព្រឹត្តិការណ៍​នេះ តេស្ត​លើកចុងក្រោយ​អវិជ្ជមាន​កូ​វីដ​-១៩​។ 
 
​ក្រោយ​ប្រកា​សបិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែល​សំដៅលើ​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ឲ្យ​ក្រសួង និង​អាជ្ញាធរ​បើក​សាលារៀន សារមន្ទីរ រោងភាពយន្ត កន្លែង​សាសនា និង​រៀប​អាពាហ៍ពិពាហ៍​ឡើងវិញ​។ 
 
​មានតែ​មនុស្ស​៤​នាក់​ប៉ុណ្ណោះ ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​លោក Peter ដែល​បាន​រកឃើញ​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​នៅ​ប្រទេស​ថៃ​។ អ្នក​ទាំងនោះ​រួមមាន​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម រួមទាំង​អង្គរក្ស​ម្នាក់​។ ប៉ុន្តែ​លោក សួស យ៉ា​រ៉ា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​វិញ​ហើយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០៕ 
 

Tag:
 បាល់ទាត់​
  កែវ សារ៉េត​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com