ជាតិ
លោក អ៊ិន សំណាង លាយគ្រឿងទេស និងស៊ុត ដើម្បីយកទៅស្រោចបន្លែ និងចិញ្ចឹមបង្កង
21, Nov 2020 , 8:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក អ៊ិន សំណាង គឺជាអ្នកដាំបន្លែ និងចិញ្ចឹមបង្កងម្នាក់ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រយៈពេលប្រមាណ៥ឆ្នាំហើយ ដែលលោក សំណាង បានចាប់ផ្តើមដាំបន្លែនៅក្រោយផ្ទះ និងចាប់ផ្តើមចិញ្ចឹមបង្កង នៅក្នុងអំឡុងកូវីដ-១៩នេះ។ នៅក្នុងបទសម្ភាសជាមួយ thmeythmey25 លោក អ៊ិន សំណាង បញ្ជាក់ លោកបានយកគ្រឿងទេសក្នុងផ្ទះបាយ និងស៊ុតមាន់ ផ្សំគ្នាធ្វើជា «អតិសុខុមប្រាណ» ឬ«ជូលីស៊ី» ស្រោចដំណាំ និងដាក់ក្នុងទឹកដែលលោកដាក់ចិញ្ចឹមបង្កង។ តាមលោក សំណាង «អតិសុខុមប្រាណ» ឬ«ជូលីស៊ី» គឺជាសារធាតុរាវម្យ៉ាង ដែលជួយបង្កើនទិន្នផលដំណាំ និងបង្កើនគុណភាពទឹក។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា ខន ណារី នៃសារព័ត៌មាន ThmeyThmey25 និង លោក អ៊ិន សំណាង អ្នកចិញ្ចឹមបង្កង និងដាំបន្លែដូចតទៅ៖
 
 
លោក អ៊ិន សំណាង បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា លោកបានស្រាវជ្រាវ វិធីធ្វើ«ជូលីស៊ី»ពីបណ្ដាញយូធូប ដែលកសិករនៅប្រទេសថៃ និយមប្រើក្នុងការងារកសិកម្ម។ តាមលោក សំណាង វត្ថុធាតុដើម ដែលយកមកផ្សំជាសារធាតុ«ជូលីស៊ី»នេះ មានដូចជាស៊ុតមាន់ ប៊ីចេង និងទឹកត្រី។ 
 
កសិកររូបនេះ រៀបរាប់របៀបផ្សំសារធាតុរាវ «ជូលីស៊ី»បន្តថា យកស៊ុតមាន់២គ្រាប់ ប៊ីចេង១ស្លាបព្រាបាយ ទឹកត្រី២ស្លាបព្រាបាយ និងទឹកចំនួន ១២លីត្រ លាយ បញ្ចូលគ្នាឲ្យបានសព្វល្អ រួចយកទៅដាក់ហាលថ្ងៃ រយៈពេលមួយខែ មុននឹងយកទៅប្រើប្រាស់។ ប៉ុន្តែសារធាតុ«ជូលីស៊ី»ត្រូវប្រើក្នុងបរិមាណតិចបំផុត។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន សំណាង ដោយលោកបន្តថា សម្រាប់ការស្រោចដំណាំ ត្រូវយកសារធាតុ«ជូលីស៊ី» មួយគម្របដប លាយជាមួយទឹក ២០លីត្រ កូរឲ្យសព្វ រួចអាចយកទៅស្រោចដំណាំកសិកម្មគ្រប់ប្រភេទ។ ប្រសិនប្រើសម្រាប់ចិញ្ចឹមចិញ្ចឹមត្រី និងបង្កង គឺត្រូវគិតទៅលើបរិមាណនៃអាងចិញ្ចឹម បើសិនអាងមានទំហំ ៣ម៉ែត្រគុណ ៦ម៉ែត្រអាចប្រើសារធាតុ«ជូលីស៊ី» ក្នុងបរិមាណប្រមាណកន្លះលីត្រ ទៅមួយលីត្រ ចាក់ចូលទៅក្នុងអាងចិញ្ចឹមត្រី និងបង្កង។
 
តាមរយៈបទពិសោធ ប្រើ«ជូលីស៊ី»សម្រាប់ការងារកសិកម្មកន្លងមក លោក អ៊ិន សំណាង អះអាងថា សារាធាតុនេះ បានធ្វើឲ្យដំណាំរបស់លោកកើនទិន្នផល កាត់បន្ថយការបំផ្លាញពីសត្វល្អិតដោយមិនចាំបាច់ប្រើថ្នាំកសិកម្ម។ ចំណែកប្រើសម្រាប់ចិញ្ចឹមបង្កងវិញ ក៏បានផលល្អផងដែរ 
 អាចបង្កើនគុណភាពទឹកក្នុងអាង និងធ្វើឲ្យបង្កងមានសុខភាពល្អផងដែរ៕
 





 

Tag:
 អ៊ិន សំណាង
  បន្លែ
  បង្កង
  ជូលីស៊ី
  អតិសុខុមប្រាណ
© រក្សាសិទ្ធិដោយ thmeythmey.com