ជាតិ
តើត្រូវប្រើប្រាស់បណ្តាញសង្គមបែបណា ដើម្បីកុំឱ្យល្មើសច្បាប់?
21, Nov 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិត្រូវបានកំណត់ថា ជាសិទ្ធិសេរីភាពមួយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលសិទ្ធិនេះត្រូវបានការពារតាមរយៈរដ្ឋធម្មនុញ្ញ និងបទដ្ឋានច្បាប់អន្តរជាតិ។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិមានច្រើនរូបភាពដូចជាសិទ្ធិសេរីភាពខាងសារព័ត៌មាន សិទ្ធិសេរីភាពខាងបោះពុម្ភផ្សាយ សិទ្ធិសេរីភាពខាងការប្រជុំ សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ហើយក៏អាចជាការផ្តល់ ចែកចាយ និងផ្សព្វផ្យាយសារព័ត៌មានដែរ។ ម្យ៉ាងទៀតការបញ្ចេញនៅលើបណ្តាញសង្គមក៏រាប់ថាជាការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិមួយផងដែរ ។


តាមរដ្ឋធម្មនុញ្ញ មាត្រា៤១បានកំណត់ពីព្រំដែននៃសេរីភាពនៃការបញ្ចេញមតិផងដែរ ដោយកំណត់ថា ការសម្តែងមតិមិនត្រូវឡើងដោយរំលោភលើសិទ្ធិអ្នកដទៃ ទំនៀមទម្លាប់ល្អសង្គម ទៅដល់សណ្តាប់ធ្នាប់សារធារណៈ និងសនិ្តសុខជាតិនោះទេ ។
 
 បើទោះបីជាសិទ្ធិនេះត្រូវបានចាត់ទុកថាជាសិទ្ធិសេរីភាពមូលដ្ឋានមិនអាចកាត់ផ្តាច់ពីពលរដ្ឋ និងត្រូវបានទទួលនូវការការពារពីច្បាប់កំពូលរបស់ជាតិ និងអន្តរជាតិក៏ដោយ ក៏ពលរដ្ឋមិនត្រូវយល់ច្រលំថាសិទ្ធសេរីភាពនៃការបញ្ចេញមតិនៅទីនេះ គឺជាសេរីភាពនៃការបញ្ចេញមតិដោយអាណាធិបតេយ្យ។ ហើយពលរដ្ឋមិនត្រូវយល់ច្រលំថា សេរីភាពបញ្ចេញមតិ គឺជាអាវក្រោះការពារខ្លួនពីការសំដែងមតិដែលហួសព្រំដែនកំណត់នោះដែរ បើទោះជាបីជាមាត្រា៤១នៃរដ្ឋធមនុញ្ញបានចែងថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន»ក៏ដោយ។
 
ជាក់ស្តែងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អំពីដែនកំណត់នៃសិទ្ធិនេះក្នុងករណីដែលការប្រើប្រាស់នោះវាប៉ះពាល់ដល់បុគ្គល និងសង្គមជាតិ។
 
ប៉ះពាល់ដល់បុគ្គលរួមមាន ការប៉ះពាល់ទៅដល់សិទ្ធិខាងរូបភាព សិទ្ធិលំនៅដ្ឋាន និងការបរិហាកេរ្តិ៍ផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់កិតិ្តយសបុគ្គល ដែលបុគ្គលនៅទីនេះរួមមានទាំងបុគ្គល និងស្ថាប័នណាមួយ ។
ការប៉ះពាល់ដល់សង្គមជាតិ ដូចជាការប្រើសិទ្ធិនោះវានាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈធ្ងន់ធ្ងរ ឬមានចរិកលក្ខណៈញុះញង់ ដែលនាំបាត់បង់នូវសន្តិសុខជាតិ ។ 
ក្នុងករណីដែលការប្រើប្រាស់សិទ្ធិសម្តែងមតិដូចបានរៀបរាប់ខាងលើ បុគ្គល នោះត្រូវទទួលនូវទោសដូចមានកំណត់ដោយច្បាប់ ដូចជាទោសរដ្ឋប្បវេណី និងទោសព្រហ្មទណ្ឌ ដែលមានទាំងទោសជាប់ពន្ធនាគារ ពីប្រាំមួយខែ ទៅ ៥ឆ្នាំ និងទោសពិន័យជាប្រាក់ចន្លោះពី មួយសែនរៀល ទៅ ដប់លាន រៀល ។ 
 
ដូច្នេះយើងត្រូវចងចាំថា រាល់ការសម្តែងមតិគឺជាព័ត៌មាន ហើយព័ត៌មានគឺជាការសម្តែងមតិ ! ចុះ ច្បាប់បានកំណត់ពីដែនកំណត់នេះទៅលើការសម្តែងមតិ និង ចែករំលែកព័ត៌មាននៅលើ បណ្តាញសង្គមដែរឬទេ?  

ការបញ្ចេញមតិ និង ការចែកចាយព័ត៌មានតាមរយៈបណ្តាញសង្គម
 
ប្រព័ន្ធបណ្ដាញសង្គមត្រូវបានគេសំដៅទៅលើប្រព័ន្ធអនឡាញដែលប្រើសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គោលបំណងនៃបណ្តាញសង្គម គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចែកចាយរំលែកព័ត៌មាន ឬ មតិយោបល់  រវាងគ្នាគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈរូបថត អត្ថបទ វីដេអូ ។ល។ នៅប្រទេសកម្ពុជា ប្រព័ន្ធបណ្តាញសង្គមដែលពេញនិយមជាងគេ គឺ ហ្វេសប៊ុក (Facebook)។ 
 
ទោះបីជាមានគោលបំណងផ្សេងគ្នាក្តី ប៉ុន្តែរបៀបនៃការប្រើប្រាស់បណ្តាញសង្គមគឺសុទ្ធតែដូចគ្នាទាំងអស់ដោយយើងអាចប្រើប្រាស់បានតាមរយៈការសរសេរ status, ការបញ្ចេញមតិតាមរយៈ comment ឬ Caption , ការបង្ហោះរូប ឬ វីដេអូ, ឬ ការផ្សាយផ្ទាល់ Live ជាដើម។ ប៉ុន្តែតើយើងដឹងទេថា ទោះបីជាយើងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់Facebook ដោយសេរីក៏ពិតមែន តែមិនមានន័យថាយើងមានសិទ្ធិប្រើប្រាស់ឥតដែនកំណត់នោះទេ។ តើការចែកចាយព័ត៌មាន និងការបញ្ចេញមតិតាមរយៈនោះសុទ្ធតែត្រូវបានអនុញ្ញាត និងត្រឹមត្រូវតាមច្បាប់ឬទេ? 
 
 ថ្ងៃនេះខ្ញុំសូមលើកយកការចែកចាយព័ត៌មានដែលមនុស្សភាគច្រើននិយមប្រើប្រាស់ដូចជាតាមរយៈការបង្ហោះការអធិប្បាយ (comment), ការចែករំលែក (share) និង ការថតផ្សាយផ្ទាល់ (Live) មកធ្វើការបកស្រាយក្រោមរូបភាពច្បាប់របស់ប្រទេសកម្ពុជា ដែលមានដូចតទៅ ៖ 
 
ទី ១៖ ការសរសេរបង្ហោះ comment ទៅលើអ្វីមួយ ប្រៀបបាននឹងការសម្តែងមតិផ្ទាល់របស់ម្ចាស់គណនីទៅលើអ្វីមួយនោះ។ ការសម្តែងនេះត្រូវបានធ្វើឡើងជាសាធារណៈដែលអ្នកប្រើប្រាស់ទាំងអស់អាចមើលឃើញ លើកលែងតែមានការកំណត់ដោយឡែក ពីម្ចាស់គណនីដែលត្រូវបានគេចូលទៅComment។ ក្នុងករណីនេះ ប្រសិនបើការបញ្ចេញមតិត្រូវបានធ្វើឡើងដែលបណ្តាលប៉ះពាល់សិទ្ធិអ្នកដទៃ កិត្តិយសរបស់បុគ្គលដទៃទៀត ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ នោះ អ្នកបញ្ចេញមតិនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខាន។ 
 
ទី ២៖ យ៉ាងណាមិញ ការ Share ប្រៀបបានទៅនឹងការចែកចាយព័ត៌មាន ហើយក៏អាចជាផ្នែកមួយនៃការសម្តែងមតិផងដែរ។ ជាក់ស្តែង នៅពេលយើង Share ព័ត៌មានអ្វីមួយ យើងនឹងក្លាយទៅជាអ្នកចែកចាយព័ត៌មាន។ ប្រសិនបើយើង Share អមជាមួយការបញ្ចេញមតិយើងនោះយើងនឹងក្លាយជាអ្នកចែកចាយព័ត៌មានផង និងអ្នកបញ្ចេញមតិផង។ ក្នុងករណីណាមួយដែលបានរៀបរាប់ខាងលើ យើងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ប្រសិនបើការប្រព្រឹត្តណាមួយនោះត្រូវបានច្បាប់ចាត់ទុកថា ជាការប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពសារព័ត៌មានហួសដែនកំណត់។ មិនតែប៉ុណ្ណោះ Facebook ក៏បានចែងទាក់ទងនឹងការ Share ក្នុងបញ្ញត្តិ និងលក្ខខណ្ឌរបស់ពួកគេផងដែរថា ការShare ត្រូវបានឱ្យប្រើប្រាស់សម្រាប់ការចែកចាយព័ត៌មានដែលសំខាន់ចំពោះអ្នកប្រើប្រាស់ ប៉ុន្តែមិនត្រូវឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់អ្នកដទៃ ឬបញ្ញត្តិដែលបានកំណត់នោះទេ។
 
ទី ៣៖ ការផ្សាយវីដេអូផ្ទាល់ ឬ ហៅជាភាសាអង់គ្លេសថា ការ Live នោះ គឺជាកម្មវិធីមួយដែលកំពុងតែមានការពេញនិយមជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់។  ជាទូទៅ ការចែកចាយព័ត៌មានតាមរយៈការ Live នេះត្រូវបានធ្វើឡើងសម្រាប់គោលបំណងជាច្រើន ដូចជាការផ្សព្វផ្សាយផលិតផលអាជីវកម្ម សិល្បៈ ការកម្សាន្ត ការផ្សព្វផ្សាយព័ត៌មាន ឬ ព្រឹត្តិការណ៍ទាន់ហេតុការណ៍ណាមួយ ជាដើម។  ការចែកចាយព័ត៌មាន ឬបញ្ចេញមតិតាមរយៈការ Live អាចនឹងក្លាយទៅជាបទល្មើស បើសិនបើខ្លឹមសារនៃព័ត៌មាន ឬមតិនោះ ផ្ទុយនឹងច្បាប់ដែលមានចែងនៅក្នុងប្រទេស។ ជាបទល្មើសខុសច្បាប់ គឺមានន័យថា អ្នកប្រព្រឹត្តត្រូវទទួលរងទោសទណ្ឌពីច្បាប់ដែលមានជាធរមាន ។
 
ដូច្នេះដើម្បីជៀសវាងការប្រព្រឹត្តអំពើខុសច្បាប់ទាក់ទងនឹងការប្រើប្រាស់សិទ្ធិ យើងគម្បីស្វែងយល់ឲ្យបានច្បាស់នូវការប្រើប្រាស់សិទ្ធិនេះជាមុនសិន ហើយត្រូវប្រាកដថាការប្រើប្រាស់នូវសិទ្ធិទាំងនោះមិនត្រូវច្បាប់ចាត់ទុកថាជាការប្រើប្រាស់សិទ្ធិហួសដែនកំណត់។ ម៉្យាងទៀតយើងត្រូវស្វែងយល់ឲ្យបានលម្អិតជាមុនអំពីប្រភេទព័ត៌មានដែលយើងនឹងត្រូវផ្សព្វផ្សាយ និងច្បាប់ហាមឃាត់មិនឲ្យផ្សព្វផ្សាយ ហើយត្រូវចេះបែងចែកនូវប្រភព និងខ្លឹមសារសារពត៌មានជៀសវាងការក្លាយខ្លួនជាជនល្មើស នាំឲ្យទទួលនូវទោសទណ្ឌដោយប្រការណាមួយ។ បន្ថែមលើនេះទៅទៀតមុនបញ្ចេញមតិ យើងគួរវិភាគឲ្យបានល្អិតល្អន់ច្បាស់លាស់ជាមុនសិនមុននឹងយកទៅតិទៀន ឬផ្សព្វផ្សាយបន្តនៅតាមទីសារធារណៈ ជាពិសេសនៅតាមបណ្តាញសង្គម FACEBOOK ដែលអាចបង្ករឲ្យមានការភាន់ច្រលំ នាំឲ្យប៉ះពាល់សិទ្ធិរបស់យើងដទៃ សណ្តាប់ធ្នាប់សារធារណៈ និងសនិ្តសុខរបស់ជាតិជាតិ ទំនៀមទម្លាប់ល្អរបស់សង្គម អំពីស្ថានការណ៌ណាមួយដោយចេតនាក្តី ឬអចេតនាក្តី។ 
 
សូមយើងចងចាំដោយយកចិត្តទុកដាក់ថា “យើងទាំងអស់គ្នាមានសិទ្ធិស្របច្បាប់ក្នុងការចែកចាយព័ត៌មាន ឬបញ្ចេញមតិនានាលើបណ្តាញសង្គម។ ប៉ុន្តែបើខ្លឹមសារនៃព័ត៌មានឬ មតិទាំងនោះខុសនឹងច្បាប់ យើងអាចនឹងក្លាយទៅជាជនល្មើស ហើយត្រូវទទួលរងទោសទណ្ឌពីច្បាប់ដែលមានជាធរមាន។
 
ការបញ្ចេញមតិ និង ការចែកចាយព័ត៌មានលើបណ្តាញសង្គមដែលជាបទល្មើស
 
ការចែកចាយព័ត៌មាន ឬបញ្ចេញមតិតាមរយៈបណ្តាញសង្គម អាចនឹងក្លាយទៅជាបទល្មើស បើសិនបើខ្លឹមសារនៃព័ត៌មានឬ មតិនោះ ផ្ទុយនឹងច្បាប់ដែលមានចែងនៅក្នុងប្រទេស។ ជាបទល្មើសខុសច្បាប់ គឺមានន័យថា អ្នកប្រព្រឹត្តត្រូវទទួលរងទោសទណ្ឌពីច្បាប់ដែលមានជាធរមាន ។ 
 
តើមានខ្លឹមសារអ្វីខ្លះដែលអាចធ្វើអោយការចែកចាយព័ត៌មាន ឬបញ្ចេញមតិនោះអាចក្លាយជាបទល្មើសបាន?
 
ប្រជាពលរដ្ឋខ្មែរមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន ប៉ុន្តែជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ នេះបើតយោងតាមមាត្រា ៤១ ក្រមរដ្ឋធម្មនុញ្ញ។ យោងតាមមាត្រា ៤១ នៃក្រមរដ្ឋធម្មនុញ្ញ ខ្លឹមសារដែលអាចធ្វើអោយការចែកចាយព័ត៌មាន ឬបញ្ចេញមតិតាមបណ្តាះសង្គមនោះអាចក្លាយជាបទល្មើសបាន បើសិនជាខ្លឹមសារនោះ នាំឲ្យ (១) ប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ  (២) ប៉ះពាល់ដល់ទំនៀមទំលាប់ល្អរបស់សង្គម និង (៣) ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬ សន្តិសុខជាតិ ។
 
ដើម្បីអធិប្បាយអំពីខ្លឹមសារទាំងនោះអោយងាយស្រួលយល់ យើងសូមលើកយកឧទាហរណ៍ពីអង្គហេតុមួយចំនួនដែលធ្លាប់បាន និងកំពុងកើតឡើងជាក់ស្តែងក្នុងសង្គមយើងដូចតទៅ។
 
១. ខ្លឹមសារនោះ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ មានដូចជា ៖
 
ការបរិហាកេរ្តិ៍ជាសាធារណៈ៖ គ្រប់ការអះអាងដោយបំផ្លើស ឬ ការទំលាក់កំហុសដោយទុច្ចចិត្ត ដែលនាំអោយប៉ះពាល់ដល់កិត្តយស ឬ កិត្តិស័ព្ទរបស់អ្នកដទៃ ឬស្ថាប័នណាមួយ ។ ពោលគឺជាការអះអាងមិនពិត ឬ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានភស្តុតាងត្រឹមត្រូវ មានលក្ខណៈមួលបង្កាច់ និង មិនស្របច្បាប់ ។ 
ការជេរប្រមាថជាសាធារណៈ៖ ខ្លឹមសារដែលជាពាក្យប្រមាថ ពាក្យមើលងាយ ពាក្យទ្រគោះបោះបោកទៅលើអ្នកដទៃ ឬ ស្ថាប័នណាមួយ។
ការរំលោភទៅសិទ្ធិឯកជនរបស់បុគ្គល៖ សំដៅដល់ការលួចថតរូប ឬ វីដេអូអ្នកដទៃ ដោយមិនទទួលបានការព្រមព្រៀងពីសាម៉ីខ្លួន ហើយធ្វើអោយប៉ះពាល់ដល់ជីវិតឯកជនរបស់អ្នកដទៃ។
 
២. ខ្លឹមសារប៉ះពាល់ដល់ទំនៀមទំលាប់ល្អរបស់សង្គម
 
ខ្លឹមសារអាសអាភាស ប្រាសចាសពីប្រពៃណី ប៉ះពាល់ដល់ទំនៀមទម្លាប់ល្អរបស់ប្រទេស គឺជាទង្វើខុសច្បាប់ តាមរយៈការបង្ហាញរូបអាក្រាត រូបភាពអាសអាភាសរបស់បុគ្គលណាមួយ ។ 
ការរើសអើងជាតិសាសន៍ សញ្ជាតិ ជំនឿ សាសនា៖ គឺជាបទល្មើស បើសិនខ្លឹមសារព័ត៌មាន ឬ មតិនោះមានលក្ខណៈរើសអើង បណ្តុះបន្តាប់ ធ្វើអោយប៉ះពាល់ដល់ជំនឿ ឬ សាសនាណាមួយ។
 
៣. ខ្លឹមសារដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង សន្តិសុខជាតិ
 
ការញុះញង់អោយប្រព្រឹត្តបទល្មើសខុសច្បាប់៖  ខ្លឹមសារដែលមានលក្ខណៈញុះញង់លើកទឹកចិត្តអោយប្រព្រឹត្តអំពើហិង្សា, ការឃោសនាអោយចូលរួមប្រមូលផ្តុំជាក្រុម ដើម្បីប្រព្រឹត្តបទល្មើសណាមួយ។ ឩ. ដូចជាការបង្ហាញពីការប្រើប្រាស់អាវុធខុសច្បាប់ ការអូសទាញអោយមកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាដើម។ 
ព័ត៌មានមិនពិត ឬ Fake New៖ ជាប្រភេទព័ត៌មានមិនត្រឹមត្រូវ ព័ត៌មានប្រឌិត ឬបោកបញ្ឆោត ដែលបានបោះពុម្ព ឬផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គម ដែលមានចេតនាទុច្ចចិត្តដើម្បីបំផ្លាញ ឬធ្វើឲ្យខូចកិត្តិយសដល់អង្គភាព ក្រុមហ៊ុន ឬបុគ្គល ដោយហេតុផលមនោគមន៍វិជ្ជា ការសងសឹក ផលប្រយោជន៍ហិរញ្ញវត្ថុ ឬផលចំណេញផ្នែកនយោបាយ ជាដើម។ ការចែកចាយព័ត៌មានមិនពិត គឺជាបទល្មើស ព្រោះវាបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសង្គម និង សន្តិសុខជាតិ ដូចជាធ្វើអោយមានភាពវឹកវរ ចលាចល អស្ថេរភាព ។
ការញ៉ុះញង់ បង្កអសន្តិសុខដល់សង្គម៖ រាល់ការ កចាយព័ត៌មាន ឬបញ្ចេញមតិ ដែលមានគោលបំណងទុច្ចរិត បង្កអោយមានភាពវឹកវរដល់សន្តិសុខសង្គម គឺជាអំពើខុសច្បាប់។ 
សរុបមកវិញ ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការសំដែងមតិ។ ប៉ុន្តែសូមឱ្យសេរីភាពនៃការបញ្ចេញមតិស្ថិតនៅក្នុងក្របខណ្ឌនៃសីលធម៌ និងក្របខណ្ឌច្បាប់៕
 
អត្ថបទផ្តល់ដោយ
 
កញ្ញា និត នីតិការ មេធាវី និងជាប្រធានគម្រោង «ពីនេះពីនោះពីច្បាប់» របស់សមាគមសាលាត្រាជូ
កញ្ញា ស៊ុយ ដាណា សមាជិកគម្រោង «ពីនេះពីនោះពីច្បាប់» របស់សមាគមសាលាត្រាជូ
លោក បូរ គឹមហុង សមាជិកគម្រោង «ពីនេះពីនោះពីច្បាប់» របស់សមាគមសាលាត្រាជូ
 
 

Tag:
 បណ្តាញសង្គម
  ហ្វេសប៊ុក
© រក្សាសិទ្ធិដោយ thmeythmey.com