ជាតិ
ការប្រើប្រាស់ទឹកស្អាត ក្នុងក្រុងសៀមរាប ធ្លាក់ចុះ៥០ភាគរយ
22, Nov 2020 , 9:59 am        
រូបភាព
សកម្មភាពដាក់បំពង់បណ្ដាញភ្ជាប់ទឹកស្អាតក្នុងក្រុងសៀមរាប នាពេលថ្មីៗនេះ។ រូបភាពរដ្ឋបាលខេត្តសៀមរាប
សកម្មភាពដាក់បំពង់បណ្ដាញភ្ជាប់ទឹកស្អាតក្នុងក្រុងសៀមរាប នាពេលថ្មីៗនេះ។ រូបភាពរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ ការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាប បានធ្លាក់ចុះ៥០ភាគរយក្នុងអំឡុងកាលៈទេសៈជំងឺកូវីដ១៩នេះ។ ការធ្លាក់ចុះនេះ ដោយសារសណ្ឋាគារ និងផ្ទះសំណាក់ដែលជាអតិថិជនធំៗ បិទទ្វារ។
 
«សព្វថ្ងៃដោយសារកូវីដ ការប្រើប្រាស់ទឹកស្អាត ធ្លាក់ចុះយ៉ាងកំហុក ដោយសារយើងពឹងលើអាជីវកម្មធំៗ មានសណ្ឋាគារ ផ្ទះសំណាក់...បរិមាណប្រើប្រាស់ធ្លាក់ចុះដល់ ៥០ភាគរយ ដែលពីមុនយើងផ្គត់ផ្គង់ពី៣ម៉ឺន ទៅជាង៣ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ឥឡូវលក់បានតែ ១៥,០០០ទៅ១៦,០០០ម៉ែត្រគីបប៉ុណ្ណោះក្នុងមួយថ្ងៃ»។ នេះជាការលើកឡើងរបស់លោក ចាន់ សេងឡា អគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តខេត្តសៀមរាប។ លោកបន្ថែមថា ការធ្លាក់ចុះអ្នកប្រើប្រាស់នេះ កំពុងធ្វើឱ្យស្ថាប័នលោកជួបបញ្ហានូវវិបត្តិថវិកាមួយចំនួន ដូចជាគ្មានថវិកាគ្រប់គ្រាន់សម្រាប់សងបង្វិលទៅស្ថាប័នធំៗ ដែលខ្លួនបានខ្ចីសម្រាប់ការអភិវឌ្ឍប្រព័ន្ធទឹកស្អាតក្នុងក្រុងសៀមរាបនាពេលកន្លងមក។
 
លោកពន្យល់បន្ថែមថា៖« យើងប្រឈមផ្នែកហិរញ្ញវត្ថុ ដោយសារចំណូលធ្លាក់ ចំណាយថេរ ការថែទាំប្រព័ន្ធទឹកស្អាតរបស់យើងនៅដដែល ណាមួយដោយសារយើងខ្ចីលុយពីស្ថាប័នគេ ដល់ពេលសងការប្រាក់ទៀត»។ ចំណុចនេះលោក ចាន់ សេងឡា ប្រាប់ថា រដ្ឋាករទឹកស្វយ័តសៀមរាបកំពុងពិចារណាស្នើសុំទៅថ្នាក់លើឱ្យជួយសម្រួល បន្ថូរបន្ថយ និងសុំពន្យារពេលការសងការប្រាក់ទៅស្ថាប័នអន្ដរជាតិធំៗដែលបានផ្តល់ប្រាក់កម្ចីកន្លងមក។
 
ស្ថាប័នចំនួន៣ ដែលបានផ្តល់ប្រាក់កម្ចីសម្រាប់អភិវឌ្ឍន៍សង់ប្រព័ន្ធទឹកស្អាតក្នុងក្រុងសៀមរាប រួមមាន ទី១គម្រោងឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងទំហំទឹកប្រាក់សរុបជិត ១៣លានដុល្លារអាមេរិក សម្រាប់សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅបារាយណ៍ខាងលិច និងដំឡើងបំពង់មេនាំទឹកចែកចាយប្រវែង៦គីឡូម៉ែត្រ។ ទី២ គម្រោងឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងតម្លៃសរុប ៥លានដុល្លារ សម្រាប់ផ្គត់ផ្គង់បំពង់ចែកចាយទឹកប្រវែង ១០០គីឡូម៉ែត្រ។ និងទី៣ គម្រោងឥណទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) ក្នុងតម្លៃសរុបជាង៧ពាន់លានយ៉េន សម្រាប់សង់រោងចក្រនិងបណ្ដាញចែកចាយទឹកពីទន្លេសាបសរុបប្រវែងជាង ១៦៦គីឡូម៉ែត្រ។
 
ជាមួយនឹងគម្រោងខាងលើនេះ នឹងធ្វើឱ្យទំហំការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាបដែលបច្ចុប្បន្នមាន៣ម៉ឺនម៉ែត្រគីប ឡើងដល់៩ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃនាឆ្នាំ ២០២២ ដែល៦ម៉ឺនម៉ែត្រគីបនឹងទាញចេញពីបឹងទន្លេសាបក្នុងគម្រោងឥណទានរបស់អង្គការ JICA។  សម្រាប់អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាប ទំហំបរិមាណផ្គត់ផ្គត់ទឹកស្អាតក្រោយសាងសង់រោងចក្រមួយបន្ថែមនៅតំបន់បឹងទន្លេសាប នឹងឆ្លើយតបទៅនឹងតម្រូវការគ្រួសារប្រើប្រាស់ក្នុងក្រុងដែលមានប្រមាណ៤ម៉ឺនគ្រួសារ។ យ៉ាងណា បច្ចុប្បន្ននេះ គ្រួសារដែលភ្ជាប់បណ្ដាញទឹកស្អាតមានប្រមាណ ១៣,០០០គ្រួសារ ឬស្មើនឹង ៣០ភាគរយប៉ុណ្ណោះ នៃផ្ទៃសេវាដែលរៀបចំបានប្រមាណ ៥០ភាគរយ។ នេះបើតាមការបញ្ជាក់ពីលោក ចាន់ សេងឡា។ 
 
លោក ហង្ស វណ្ណៈ អ្នកគ្រប់គ្រងសណ្ឋាគារផ្កាយ៥មួយក្នុងក្រុងសៀមរាប បានប្រាប់ថា ចាប់ពីខែមេសាមក សណ្ឋាគាររបស់លោកកាន់បន្ថយការប្រើប្រាស់ទឹកស្អាតពីរដ្ឋាករទឹកស្វយ័តប្រមាណ៩៥ភាគរយ ហើយការប្រើប្រាស់សព្វថ្ងៃ គឺសម្រាប់តែក្រុមបុគ្គលិក និងស្រោចសួនច្បារបន្ដិចបន្ដួចប៉ុណ្ណោះ។ 
 
តម្លៃលក់ទឹកស្អាតក្នុងក្រុងសៀមរាបបានបែងចែកជា២ ទី១សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងសម្រាប់អាជីវកម្ម។ ក្នុងនោះតម្លៃសម្រាប់អាជីវកម្ម ខ្ពស់ជាងតម្លៃការភ្ជាប់ជាលក្ខណៈគ្រួសារ។
 
បើទោះបីជាជំងឺកូវីដធ្វើឱ្យការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបធ្លាក់ចុះយ៉ាងណាក្ដី តែការអភិវឌ្ឍនិងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប នៅដំណើរការដដែល។ លោក ចាន់ សេងឡា ថា ខាងរដ្ឋាករទឹកកំពុងជំរុញឱ្យប្រជាពលរដ្ឋដែលមានបណ្ដាញទឹកទៅដាក់ តភ្ជាប់សេវាឱ្យបានគ្រប់ផ្ទះ និងយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត។ លោកបន្ត៖«មើលទៅគាត់ចង់បានទឹកស្អាតប្រើ តែពួកគាត់នៅមានទម្លាប់ថាចង់ប្រើទឹកមិនបង់លុយ ដូចជាគាត់នៅទម្លាប់ប្រើទឹកធម្មតា ទឹកអណ្ដូង បើយើងយកមកគិតថាការចំណាយដូចជាសេវាបុកអណ្ដូង ទិញម៉ូទ័រ និងថ្លៃភ្លើង សឹងតែអស់ច្រើនជាងសេវាទឹកស្អាត។ យើងចង់ឱ្យគាត់ភ្ជាប់បណ្ដាញឱ្យគ្រប់ខ្នងផ្ទះ ព្រោះអនាគតទៅពេលគម្រោងធ្វើផ្លូវ ៣៨ខ្សែ ចប់ គឺយើងពិបាកភ្ជាប់បណ្ដាញឬថាសេវាថ្លៃ ដោយសារផ្លូវស្អាតហើយ យើងពិបាកនឹងកកាយណាស់»។
 
នៅឆ្នាំ២០៣០ រដ្ឋាករទឹកស្វយ័តសៀមរាប គ្រោងនឹងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដែលតាមការព្យាករណ៍នឹងមានទេសចរ៧លាននាក់ជាប្រចាំឆ្នាំ៕

Tag:
 ទឹកស្អាត
  អនាម័យ
  រដ្ឋាករទឹកស្វ័យតសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com