ជាតិ
ភូមិត្រពាំងថ្ម នឹងក្លាយជាតំបន់ទេសចរណ៍ថ្មីមួយទៀត នៃស្រុកបន្ទាយស្រី
22, Nov 2020 , 4:59 pm        
រូបភាព
 រូបភាពពីទំព័រហ្វេសប៊ុក ទៅលេងបន្ទាយស្រី
រូបភាពពីទំព័រហ្វេសប៊ុក ទៅលេងបន្ទាយស្រី
ដោយ:
រដ្ឋបាលស្រុកបន្ទាយស្រី មានគម្រោងជំរុញវិស័យកសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅក្នុងភូមិត្រពាំងថ្ម ដើម្បីកែប្រែមុខមាត់ និងលើកស្ទួយជីវភាពពលរដ្ឋ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ភូមិត្រពាំងថ្ម គឺជាភូមិក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រី ដោយសារតែភូមិនេះ ធ្លាប់ជាតំបន់សមរភូមិក្តៅ ដែលមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលមិនមិនអាចឲ្យប្រជាជន អាស្រ័យផលលើផ្ទៃដីតំបន់នេះបាន។ ប៉ុន្ទែបន្ទាប់ពី គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ទើបត្រូវបានដោះសម្អាតរួចរាល់ ១០០ភាគរយ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បង្កើតផលិតផលទេសចរណ៍ថ្មី ទាំងទេសចរណ៍ធម្មជាតិ និងកសិ-ទេសចរណ៍ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅតំបន់នេះ ។
 
រដ្ឋបាលស្រុកបន្ទាយស្រី មានគម្រោងជំរុញវិស័យកសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅក្នុងភូមិត្រពាំងថ្ម ដែលជាភូមិក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រី។ លោក ឃឹម ហ្វីណង់ ប្រាប់ Thmeythmey 25 ថា ភូមិត្រពាំងថ្មមានផ្ទៃដីធំល្វឹងល្វើយ លាតសន្ធឹងជាប់ជើងភ្នំគូលែន ដែលជាសក្តានុពលរដ្ឋធម្មជាតិដ៏ត្រកាលមួយ។ ប៉ុន្តែដោយសារតែតំបន់ធ្លាប់ជា តំបន់សមរភូមិក្តៅ ដែលមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅសេសសល់ ទើបតំបន់នេះ មិនបានបង្កើតជាតំបន់ទេសចរណ៍បាន។  
 
លោក ឃឹម ហ្វីណង់ រៀបរាប់ប្រាប់ ThmeyThmey25 ថា៖ «ជាគោលការណ៍ រដ្ឋបាលស្រុកមិនអនុញ្ញាតឲ្យទេសចរ ទៅតំបន់ដែលមានគ្រោះថ្នាក់ដោយគ្រាប់មីនទេ បើទោះបីជាតំបន់នេះមានសក្តានុពល ព្រោះវានៅជាប់ជើងភ្នំគូលែន ទេសភាពស្អាត មានផ្ទៃដីធំល្វឹងល្វើយ។ បន្ទាប់ពីបោសសម្អាតមីនរួចរាល់ អនុញ្ញាតឲ្យប្រជាជនអាស្រ័យផល នៅតំបន់នេះ ដូចជាកសិកម្ម និងទេសចរណ៍»។ 
 
គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ទើបបានដោះសម្អាតចេញពីភូមិសាស្ត្រ ភូមិត្រពាំងថ្ម បាន១០០ភាគរយ ក្រោមកិច្ចសហការរវាង អាជ្ញាធរមីន មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ Peace Land Foundation ។ ប្រតិបត្តិការនេះ  បានរកឃើញនិងកម្ទេចចោល គ្រាប់មីនចំនួន៦៣គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន៩៩គ្រាប់ ព្រមទាំងអំបែងគ្រាប់រាប់ម៉ឺនដុំទៀត ត្រូវបានបោសសម្អាតចេញពីផ្ទៃដីសរុបចំនួន ៦៩ហិកតា ក្នុងភូមិសាស្ត្រភូមិត្រពាំងថ្ម  ឃុំឃុនរាម ស្រុកបន្ទាយស្រី។
 
តាមលោក ឃឹម ហ្វីណង់ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងកសិ-ទេសចរណ៍ នៅក្នុងតំបន់នេះ គួបផ្សំនឹងការធ្វើកសិកម្មរបស់ប្រជាកសិករ នឹងចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ ឲ្យប្រសើរឡើង លោក ហ្វីណង់ បន្ថែម៖« យើងគ្រោងជំរុញវិស័យទេសចរណ៍ ដូចជាទេសចរណ៍ធម្មជាតិ ជម្រើសជាផ្ទះស្នាក់ នៅលើផ្ទៃដីធំល្វឹងល្វើយ ឬក៏ជាប្រភេទកសិ-ទេសចរណ៍ ដែលភ្ញៀវទេសចរអាចទៅកម្សាន្ត តាមចម្ការ។ ទេសចរអាចទៅដើរលេង ដកស្រង់បទពិសោធន៍ ការស្នាក់នៅតាមចម្ការ ឬក៏សកម្មភាពណាមួយ ពាក់ព័ន្ធជាមួយកសិ-ទេសចរណ៍»។ 
 
ក្រៅពីវិស័យទេសចរណ៍ រដ្ឋបាលស្រុក ក៏ជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិបន្ថែមទៀតដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងារអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត៕


រូបភាពពីទំព័រហ្វេសប៊ុក ទៅលេងបន្ទាយស្រី


រូបភាពពីទំព័រហ្វេសប៊ុក ទៅលេងបន្ទាយស្រី 


Tag:
 ត្រពាំងថ្ម
  បន្ទាយស្រី
  ទេសចរណ៍
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com