សង្គមអន្តរជាតិ
អន្តរជាតិ
តៃវ៉ាន់ថា មានមន្ត្រីអាមេរិកម្នាក់ធ្វើទស្សនកិច្ច តែមិនបញ្ចេញឈ្មោះ 23, Nov 2020 , 10:41 am
បុរសម្នាក់កាន់ទង់តៃវ៉ាន់ (ខាងឆ្វេង) និងទង់ជាតិអាមេរិក។ រូបភាព៖ Reuters
× ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃទី២២ ខែវិច្ឆិកា បានប្រកាសថា មន្ត្រីអាមេរិកម្នាក់ បានទៅដល់កោះតៃវ៉ាន់ហើយ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតៃប៉ិ បានបដិសេធមិនបញ្ចេញព័ត៌មានលម្អិត នៃដំណើរទស្សនកិច្ចឡើយ ដោយផ្អែកលើទំនុកចិត្តទៅវិញទៅមក។ បើតាមប្រភពមន្ត្រីតៃវ៉ាន់ម្នាក់ នេះជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ជើងទឹកទទួលបន្ទុកលើចារកិច្ចយោធាប្រចាំតំបន់អាស៊ី-បាស៊ីហ្វិក។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសតៃវ៉ាន់ បានប្រកាសស្វាគមន៍ពីដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីអាមេរិក។ យ៉ាងណាមិញ តៃវ៉ាន់ មិនបានបញ្ចេញព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចនេះឡើយ។ «ទស្សនកិច្ចនេះ មិនធ្វើឡើងជាសាធារណៈឡើយ ដោយផ្អែកលើទំនុកចិត្តទៅវិញទៅមករវាងអាមេរិក និងតៃវ៉ាន់»។ តៃវ៉ាន់បានបញ្ជាក់បែបនេះ ដោយមិនមានពន្យល់បន្ថែមទៀតឡើយ។
យ៉ាងណាមិញ មន្ត្រីតៃវ៉ាន់ដែលស្និទ្ធនឹងព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចរបស់ឧត្តមនាវីទោ Michael Studeman ។ ដោយផ្អែកតាមវេបសាយរបស់កងទ័ពជើងទឹកអាមេរិក លោក Studeman ជាមេបញ្ជាការកងកម្លាំងចារកិច្ចរបស់យោធាអាមេរិកប្រចាំនៅតំបន់ឥណ្ឌូ-បាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទាក់ទិននឹងបញ្ហានេះ មន្ទីរបញ្ចកោណអាមេរិក មិនបានបញ្ចេញព័ត៌មានអ្វីឡើយ។ ចំណែកទីក្រុងប៉េកាំង ក៏មិនទាន់ចេញសេចក្តីថ្លែងការណ៍ប្រតិកម្មអ្វីដែរ។
សម្រាប់លោក Douglas Paal អតីតប្រធានការិយាល័យតំណាងអាមេរិកនៅតៃវ៉ាន់ ប្រសិនបើនេះជាទស្សនកិច្ចរបស់លោក Studeman មែននោះ វាជាទស្សនកិច្ចជាន់ខ្ពស់បំផុតរបស់មន្ត្រីយោធាអាមេរិក ដែលមិនធ្លាប់មានពីមុនមកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ព័ត៌មានក្នុងស្រុកតៃវ៉ាន់ United Daily News បានចុះផ្សាយពីរូបភាពយន្តហោះឯកជនមួយ ដែលត្រូវបានវាយតម្លៃបានថា ជាយន្តហោះយោធាអាមេរិក មកដល់អាកាសយានដ្ឋាន Songshan ក្នុងទីក្រុងតៃប៉ិ និងមានមន្ត្រីចាំទទួលនៅច្រកចេញចូល VIP ។ ពីដំបូង មន្ត្រីអាមេរិកនោះ ត្រូវជឿថា ជាប្រធានទីភ្នាក់ងារចារកិច្ចកណ្ដាល CIA ប៉ុន្តែតៃវ៉ាន់បានបដិសេធ។
សូមបញ្ជាក់ថា អាមេរិកនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនការគាំទ្រយ៉ាងខ្លាំងដល់តៃវ៉ាន់។ កន្លងមក មន្ត្រីជាន់ខ្ពស់អាមេរិក ដូចជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar និងអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាមេរិកបានធ្វើទស្សនកិច្ចមកតៃវ៉ាន់ ក្នុងឆ្នាំ២០២០។ មិនត្រឹមតែទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះទេ អាមេរិក ក៏បានផ្តល់ភ្លើងបៃតង ក្នុងការលក់អាវុធដល់តៃវ៉ាន់ ជាបន្តបន្ទាប់ផងដែរ៕
Tag:
តៃវ៉ាន់
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com