ម្ចាស់ការពារតំណែងជើងឯក Liverpool នៅតែរក្សាភាពមិនចាញ់ក្នុងដីទាំង៥ប្រកួតរដូវកាលនេះ បន្ទាប់ពីយកឈ្នះ Leicester City ៣-០ នៅ Anfield ក្នុងការប្រកួត Premier League នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា។
Liverpool នៅតែបង្ហាញទម្រង់លេងដ៏ល្អបើទោះកីឡាករសំខាន់ៗមួយចំនួនមានបញ្ហារបួស និងឆ្លង COVID-19 ក៏ដោយ។ ក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី៩ ក្រុមរហស្សនាមហង្សក្រហមបានបើកការនាំមុខ Leicester មុននៅនាទី២១ ដោយសារ Jonny Evans ធ្វើឲ្យចូលទីខ្លួនឯង។
ខ្សែប្រយុទ្ធចំណូលថ្មី Diogo Jota ដែលលោក Juergen Klopp ដាក់ជំនួសកន្លែង Mohamad Salah ដែលកំពុកនៅដាច់ដោយឡែកដោយសារឆ្លង COVID-19 ជាអ្នកសម្រេចទីគ្រាប់ទី២នៅនាទី៤១។ ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino បន្ថែមគ្រាប់ទី៣នៅនាទី៨៦ ដើម្បីជួយ Liverpool ឈ្នះ Leicester ៣-០។
ជ័យជម្នះនេះ មិនត្រឹមនាំក្រុមម្ចាស់ជើងឯករដូវកាលមុន រក្សាការឈ្នះ១០០ភាគរយក្នុងដីរដូវកាលនេះទេ ថែមទាំងជួយក្រុមឡើងទៅចំណាត់ថ្នាក់ទី២ក្នុងតារាង Premier League ដោយមាន២០ពិន្ទុស្មើក្រុមកំពូលតារាង Tottenham Hotspur ក្រោយការប្រកួត៩លើកដូចគ្នា។
Spurs តាមរយៈការដឹកនាំរបស់លោក Jose Mourinho ក៏បានបង្ហាញទម្រង់លេងដ៏គួរចាប់អារម្មណ៍ផងដែររដូវកាលនេះ ដោយឡើងទៅឈរកំពូលតារាងបណ្តោះអាសន្នក្រោយឈ្នះ Manchester City ២-០ កាលពីថ្ងៃទី២១ ខែវិច្ឆិកា។ មាន់ខ្នាយមាស លទ្ធផលប្រកួត៩លើកឈ្នះ៦ ស្មើ១ និងចាញ់ពីរលើកដូច Liverpool ដែរ តែមានសំណល់គ្រាប់បាល់ល្អជាង។
ក្រុមមេឃខៀវ បានធ្លាក់ទម្រង់លេខយ៉ាងខ្លាំងរដូវកាល ២០២-០២១នេះ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៣ មាន១២ពិន្ទុពីការប្រកួត៨លើក ក្នុងនោះឈ្នះ៣ ចាញ់៣ និងស្មើ២លើក។
Chelsea ដែលយកឈ្នះ Newcastle United ២-០ នៅលេខរៀងទី៣ ដោយរកបាន១៨ពិន្ទុ ស្មើគ្នាជាមួយ Leicester ដែលនៅលេខ៤។ Everton រកបាន១៦ពិន្ទុ ក្រោយឈ្នះ Fulham ៣-២ និងស្ថិតនៅចំណាត់ថ្នាក់ទី៦។
Manchester United បានរំកិលខ្លួនទៅកាន់ចំណាត់ថ្នាក់ទី១០ បន្ទាប់ពីឈ្នះ West Bromwich Albion ដោយរកបាន១៣ពិន្ទុពីការប្រកួត៨លើក។ Arsenal នៅលេខរៀងទី១១បន្ទាប់ពី Man Utd ក្រោយប្រកួតបានត្រឹមស្មើ ០-០ ទល់នឹង Leeds United នៅជំនួបទី៩របស់ពួកគេ។
ក្រុមបាតតារាងទាំង៣មាន West Bromwich, Burnley ដែលទើបប្រកួត៧លើក និង Sheffield United ៕