អន្តរជាតិ
នយោបាយអន្តរជាតិ
លោក បៃឌិន នឹងប្រកាសសមាជិកដំបូងនៃគណៈរដ្ឋមន្ត្រីថ្ងៃស្អែក 23, Nov 2020 , 11:56 am
ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក ចូ បៃឌិន (ស្ដាំ) និងលោក Antony Blinken ដែលរំពឹងជាបេក្ខជនឈានមុខក្នុងតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក ។ រូបភាព៖ AFP
× ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ចូ បៃឌិន នឹងប្រកាសឈ្មោះសមាជិកដំបូងនៃគណៈរដ្ឋមន្ត្រីលោក នាថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ។ នេះបើតាមការបញ្ជាក់របស់អនាគតប្រធានបុគ្គលិកសេតវិមានអាមេរិក លោក Ron Klain ។ ទោះមិនបានបញ្ជាក់លម្អិត ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន អះអាងថា សមាជិកដំបូងនេះ ទំនងជាបេក្ខជនសម្រាប់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក ឬរដ្ឋមន្ត្រីរតនាគារអាមេរិក។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍អាមេរិក ABC News នៅថ្ងៃទី២២ ខែវិច្ឆិកា លោក Klain បញ្ជាក់ថា ជម្រើសដំបូងនៃគណៈរដ្ឋមន្ត្រីរបស់រដ្ឋបាលលោក ចូ បៃឌិន នឹងប្រកាសនាថ្ងៃអង្គារសប្ដាហ៍នេះ។ ក៏ប៉ុន្តែ លោកពុំបានបញ្ជាក់លម្អិតពាក់ព័ន្ធនឹងឈ្មោះបេក្ខជន ឬឈ្មោះក្រសួងណាឡើយ ដោយគ្រាន់តែប្រាប់ឲ្យគ្រប់គ្នារង់ចាំ ដើម្បីលោក បៃឌិន ប្រកាសផ្ទាល់មាត់ខ្លួនឯង។
ទោះជាបែបនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិកមួយចំនួន ដូចជា AP និង The New York Times ជាដើម បានអះអាងថា លោក បៃឌិន អាចប្រកាសឈ្មោះបេក្ខជនសម្រាប់តំណែងរដ្ឋមន្ត្រីការបរទេស ឬរដ្ឋមន្ត្រីរតនាគារអាមេរិក។
តួយ៉ាង លោក បៃឌិន បានបញ្ជាក់កាលពីសប្ដាហ៍មុនថា លោករើសបានមនុស្សសម្រាប់តំណែងរដ្ឋមន្ត្រីរតនាគារអាមេរិក ខណៈកាសែត The New York Times នៅថ្ងៃទី ២៣ ខែវិច្ឆិកា ចុះផ្សាយថា លោក Antony Blinken ដែលជាទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ម្នាក់របស់លោក បៃឌិន រំពឹងក្លាយជាបេក្ខជនសម្រាប់តំណែងរដ្ឋមន្ត្រីការបរទេស។
លោក Blinken អាយុ ៥៨ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកក្រោមអាណត្តិប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។ លោកធ្លាប់បម្រើការឲ្យលោក បៃឌិន ជិត២០ឆ្នាំ ក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់លោកក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសប្រចាំព្រឹទ្ធសភាអាមេរិក ហើយចុងក្រោយ ធ្វើជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃឌិន ក្នុងអាណត្តិលោកជាអនុប្រធានាធិបតី។
អនាគតប្រធានាធិបតីអាមេរិកទី៤៦ ចូ បៃឌិន បានសន្យាបង្កើតរដ្ឋបាលមួយដែលតំណាងឲ្យភាពចម្រុះពណ៌នៃប្រទេសមួយនេះ។ ដូចតាមការសន្យា សហរដ្ឋអាមេរិក នឹងមានអនុប្រធានាធិបតីស្ត្រីទីមួយ ហើយគេក៏ទន្ទឹងរង់ចាំមើលតទៅទៀត។ ជាឧទាហរណ៍ តើលោក បៃឌិន អាចដែរទេដាក់ស្ត្រីទីមួយឲ្យទៅដឹកនាំក្រសួងការពារជាតិ ឬអាមេរិកស្បែកខ្មៅទីមួយទៅដឹកនាំក្រសួងរតនាគារ ឬមហាផ្ទៃជាដើម។
ដោយឡែក លោក Klain ទទួលស្គាល់ថា ការមិនសហការពីសំណាក់រដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការផ្ដល់ព័ត៌មានសំខាន់ៗ និងធនធានហិរញ្ញវត្ថុ កំពុងបង្កផលប៉ះពាល់ដល់ដំណើរការផ្ទេរអំណាច ជាពិសេសពាក់ព័ន្ធនឹងការជ្រើសរើសសមាជិកគណៈរដ្ឋមន្ត្រីតែម្ដង។
សល់៥៨ថ្ងៃទៀតប៉ុណ្ណោះ លោក បៃឌិន នឹងស្បថចូលកាន់តំណែងធ្វើជាប្រធានាធិបតីអាមេរិកទី៤៦។ ទាក់ទិនរឿងនេះ លោក Klain លើកឡើងថា ការរៀបចំពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីលើកនេះ អាចនឹងមានប្រែផ្លាស់ខ្លះ ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ ។ ត្រង់ចំណុចនេះ លោកទំនងចង់សំដៅលើការបន្ថយចំនួនអ្នកចូលរួម ឬវិធីសាស្ត្រផ្សេងទៀត ដើម្បីបង្ការការឆ្លងរាលដាល៕
Tag:
ចូ បៃឌិន
ការបោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com