សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុម​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ចាប់ផ្ដើម​វាយប្រហារ​ដោយ​គ្រាប់​រ៉ុ​ក​កែ​ត​ឡើងវិញ​ទៅលើ​ស្ថានទូត​អាមេរិក​នៅ​អ៊ីរ៉ាក់​
23, Nov 2020 , 7:59 pm        
រូបភាព
សមាជិក​ម្នាក់​នៃ​កង​សន្តិសុខ​អ៊ីរ៉ាក់ ចុះត្រួតពិនិត្យ​មើល​ការខូចខាត​នៅ​ខាងក្រៅ​ឧទ្យាន Zawraa ក្នុង​រដ្ឋធានី​បាកដាដ នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពី​គ្រាប់រ៉ុកែតមួយចំនួន ​ត្រូវ​បាន​បាញ់​ទៅលើ​​រដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ាក់។
សមាជិក​ម្នាក់​នៃ​កង​សន្តិសុខ​អ៊ីរ៉ាក់ ចុះត្រួតពិនិត្យ​មើល​ការខូចខាត​នៅ​ខាងក្រៅ​ឧទ្យាន Zawraa ក្នុង​រដ្ឋធានី​បាកដាដ នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពី​គ្រាប់រ៉ុកែតមួយចំនួន ​ត្រូវ​បាន​បាញ់​ទៅលើ​​រដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ាក់។
ដោយ: VOA
​ភាពស្ងប់ស្ងាត់​អស់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ​នៅ​ខាងក្នុង និង​នៅ​ជុំវិញ​តំបន់ Green Zone ក្នុង​ទីក្រុង​បា​កដាដ ប្រទេស​អ៊ីរ៉ាក់ ត្រូវបាន​បង្អាក់​កាលពី​ថ្ងៃ​អង្គារ នៅពេលដែល​គ្រាប់​រ៉ុ​ក​កែ​ត​មួយចំនួន ត្រូវបាន​គេ​បាញ់​ទៅលើ​ស្ថានទូត​សហរដ្ឋអាមេរិក ដែល​ស្ថិតនៅក្នុង​តំបន់​ដែលមាន​ការការពារ​រឹងមាំ និង​ជាទី​កន្លែង​ដែលមាន​ការិយាល័យ​សំខាន់ៗ​របស់​រដ្ឋាភិបាល និង​ការិយាល័យ​ការទូត​ផ្សេងៗ​ទៀត​នៅ​ក្នុងនោះ​។​
 
​មន្ត្រី​អ៊ីរ៉ាក់​និយាយថា មាន​គ្រាប់​រ៉ុ​ក​កែ​ត​យ៉ាងតិចណាស់​ក៏​ចំនួន ៣ គ្រាប់​ដែរ​នៃ​គ្រាប់​រ៉ុ​ក​កែ​ត​ទាំងអស់​ចំនួន ៧ គ្រាប់ ដែល​ត្រូវបាន​បាញ់​ស្ទា​ក់ដោយ​ប្រព័ន្ធ​ចាប់​រ៉ុ​ក​កែ​ត (C-Ram) ដែល​ត្រូវបាន​បំពាក់​នៅ​ជិត​ស្ថានទូត​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ គ្រាប់​រ៉ុ​ក​កែ​ត​ខ្លះ​បាន​ធ្លាក់​នៅក្បែរ​តំបន់​ដែល​ជន​ស៊ីវិល​រស់នៅ ដោយបាន​សម្លាប់​កូនក្មេង​យ៉ាងតិចណាស់​ម្នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួនទៀត​រងរបួស​។ ការវាយប្រហារ​នេះ​មិនបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ណា​ម្នាក់​ស្លាប់ ឬ​រងរបួស​ទេ​។​
 
​កាលពី​ដំបូង​ឡើយ ក្រុម​មួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​ដែល​ហៅថា Ashab al-Kahf ដែល​ប្រភព​ស៊ើបការណ៍​សម្ងាត់​អ៊ីរ៉ាក់​ពណ៌នា​ថា ជា​សាខា​របស់​ក្រុម Kataib Hezbollah ដែលជា​ក្រុម​មួយ​ដែល​គេ​តែងតែ​សង្ស័យថា ជា​អ្នកបើក​ការវាយប្រហារ​ទៅលើ​ទីតាំង​នានា​របស់​សហរដ្ឋអាមេរិក​ក្នុងប្រទេស​អ៊ីរ៉ាក់ បាន​អះអាង​នៅលើ​បណ្តាញ​ព័ត៌មាន​សង្គម​ថា ខ្លួន​ជា​អ្នកធ្វើការ​វាយប្រហារ​នេះ​។​
 
​ប៉ុន្តែ​ក្រោយពី​ព័ត៌មាន​អំពី​ជន​ស៊ីវិល​រងរបួស​ត្រូវបាន​ចេញផ្សាយ ក្រុម Kataib Hezbollah និង​សម្ព័ន្ធមិត្ត​នយោបាយ​របស់ខ្លួន​នៅក្នុង​សភា​អ៊ីរ៉ាក់ គឺ​ក្រុម Fatah Coalition បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​មួយ ដោយ​បដិសេធ​អំពី​ការជាប់​ពាក់ព័ន្ធ​របស់​ក្រុម​សកម្មប្រយុទ្ធ Shiite នៅក្នុង​ការវាយប្រហារ​នេះ​។ ពួកគេ​បាន​ស្ដីបន្ទោស​ដោយ​គ្មាន​ភស្តុតាង ទៅលើ​លទ្ធផល​នៃ​ការបោះឆ្នោត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។​
 
​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​បា​កដាដ​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​ការវាយប្រហារ​នេះ ដោយ​គូសបញ្ជាក់​នូវ​សេចក្ដីរាយការណ៍​ដែលថា «​ក្រុម​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ទទួលស្គាល់ថា​ខ្លួន​ជា​អ្នកធ្វើ​ការវាយប្រហារ​នេះ​ម្ដងទៀត​»​។ សេចក្ដីថ្លែងការណ៍​នោះ​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ចាប់​ឲ្យ​ក្រុម​ប្រដាប់អាវុធ​ដែល​ហិង្សា​នោះ ទទួលខុសត្រូវ​ផងដែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com