COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Salah ចូល​ហ្វឹកហាត់​ជាមួយ Liverpool វិញ ក្រោយ​តេស្ត​អវិជ្ជមាន COVID-19
23, Nov 2020 , 5:59 pm        
រូបភាព
Mohamed Salah បាន​ត្រឡប់​ចូល​ហ្វឹកហាត់​វិញ​ហើយ ក្រោយ​ខកខាន​ប៉ុន្មាន​ប្រកួត​ឲ្យ​ជម្រើសជាតិ​អេ​ហ្ស៊ី​ប និង Liverpool ដោយសារ​ឆ្លង​ជំងឺ COVID-19​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Jurgen Klopp ក្រោយ​ការប្រកួត​ដែល Liverpool យកឈ្នះ Leicester City ៣-០ ពានរង្វាន់ Premier League នៅ​ថ្ងៃទី​២២ វិច្ឆិកា​។​

Salah បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19 អំឡុងពេល​បំពេញ​កាតព្វកិច្ច​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​កាលពី​សប្តាហ៍​មុន​។ ដោយសារ​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​មួយរយៈ ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ជឿជាក់ថា​នឹង​អវត្តមាន​ពេល​ហង្ស​ក្រហម​ប៉ះ Leicester ផង និង Atalanta ក្នុងការ​ប្រកួត Champions League ផង​។​
​ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅពេល​មានការ​ប្រកាសថា Salah អាច​ចូល​ហ្វឹកហាត់​វិញ​នោះ មានន័យថា រូបគេ​ខកខាន​តែ​ក្នុងជំនួប​លី​គជា​មួយក្រុមរ​សហ្ស​នាម​កញ្ជ្រោង​ប៉ុណ្ណោះ​។​
 
​លោក Klopp អ្នកចាត់ការ​ទូទៅ Liverpool បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​យប់​ការប្រកួត​លី​គ​សប្តាហ៍​ទី​៩​ថា​៖« ខ្ញុំ​បានដឹងថា Salah តេស្ត​ចេញ​លទ្ធផល​អវិជ្ជមាន​ហើយ​។ ខ្ញុំ​គិតថា​ចាប់ពីពេលនេះ​ទៅ​គាត់​មាន​អាការ​ធម្មតា​។ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​យើង​មានការ​តេស្ត​ក្នុង​ក្របខណ្ឌ UEFA ហើយ​ខ្ញុំ​ច្បាស់​ណាស់​ថា គាត់​នឹង​បង្ហាញខ្លួន​ជាមួយ​ក្រុម​បាន​»​។​
 
​ស្របពេល​ជឿជាក់ថា Salah អាច​ចូល​ជួយ​ក្រុម​វិញ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បន្ថែមថា ខ្សែបម្រើ Naby Keita បាន​រងរបួស​សរសៃ​ពួរ​ពេល​ប៉ះ Leicester ដែលជា​ក្តីបារម្ភ​សម្រាប់​ក្រុម ខណៈ​មាន​កីឡាករ​របួស​ផ្សេងទៀត​ដូចជា Virgil van Dijk, Joe Gomez និង Trent Alexander-Arnold ជាដើម​។​
 
Liverpool នឹងត្រូវ​ទទួលភ្ញៀវ Atalanta ក្នុងការ​ប្រកួត​ក្របខណ្ឌ​អឺរ៉ុប Champions League ពូ​ល D នៅ​រាត្រី​ថ្ងៃទី​២៥ ខែវិច្ឆិកា​៕
 

Tag:
 Mohamed Salah
  COVID-19
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com