កីឡាជាតិ
ជាតិ
លោក សួង ភី​រម្យ លាលែង​ពី​តំណែង​គ្រូបង្វឹក​អ្នកចាំទី​ក្លិប​វិសាខា
24, Nov 2020 , 11:17 am        
រូបភាព
​ភ្នំពេញ​៖ លោក សួង ភី​រម្យ បាន​សុំលាលែង​តំណែង​គ្រូបង្វឹក​អ្នកចាំទី​របស់​ក្លិប​វិសាខា ក្រោយ​រួមរស់​ជាមួយ​ក្លិប​ជាង​២​ឆ្នាំ​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​វិសាខា នៅ​ថ្ងៃទី​២៤ វិច្ឆិកា​។​
 
​ក្លិប​កីឡាបាល់ទាត់ វិសាខា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​សូម​អរគុណ​ចំពោះ​លោកគ្រូ សួង ភី​រម្យ សម្រាប់​រយៈពេល​ជាង ២​ឆ្នាំកន្លងមក ដែល​លោកគ្រូ​បាន​ខិតខំ​បំពេញការងារ និង​ជួយ​ដល់​ក្លិប​របស់​យើង​»​។​
 
​ចំពោះ​ការលាឈប់​របស់លោក សួង ភី​រម្យ នេះ ត្រូវបាន​អ្នកចាត់ការ​ទូទៅ​នៃ​ក្លឹប​បាល់ទាត់​វិសាខា លោក ហុក សុចិ​ត្រា បាន​បញ្ជាក់ថា គ្រូបង្វឹក​អ្នកចាំទី​រូបនេះ ត្រូវ​ទៅ​បំពេញការងារ​ជាប្រចាំ​នៅ​ក្រសួងការពារជាតិ​វិញ ទើប​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ការងារ​នៅក្នុង​ក្លិប​។​
 
«​ដោយសារ​គាត់​(​លោក សួង ភី​រម្យ​)​មិនមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ជួយ​ក្លិប ព្រោះ​គាត់​ត្រូវ​ចូល​បំពេញការងារ​នៅ​ក្រសួងការពារជាតិ ដោយសារ​ក្រសួង​ត្រូវ​ការប្រមូល​កងកម្លាំង​យោធពលខេមរភូមិន្ទ ឲ្យ​ចូល​បំពេញការងារ​ជាប្រចាំ​វិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហុក សុចិ​ត្រា ដែល​ប្រាប់​ពី​ហេតុផល​នៃ​ការឈប់​របស់លោក សួង ភី​រម្យ​។​
 
​សម្រាប់​ក្លិប​វិសាខា ដែល​ទើប​គ្រង​តំណែង​ជើងឯក​ពានរង្វាន់​សម្ដេច ហ៊ុន សែន នៅ​ឆ្នាំ​២០២០​នេះ ក៏​មិន​ចង់​ឲ្យ​លោក សួង ភី​រម្យ ចាកចេញ​ដែរ ប៉ុន្តែ​វា​ជាការ​សម្រេចចិត្ត​គាត់​។ អ្នកចាត់ការ​ទូទៅ​នៃ​ក្លឹប​បាល់ទាត់​វិសាខា លោក ហុក សុចិ​ត្រា បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មានការ​សោកស្ដាយ​ដែរ ព្រោះ​គាត់​ជា​គ្រូបង្វឹក​អ្នកចាំទី​មួយ​ដ៏​ល្អ ជា​ធនធាន​ល្អ​នៅ​ស្រុក​ខ្មែរ​យើង ដែលមាន​បទពិសោធន៍​ខ្ពស់ និង​មាន​សញ្ញាប័ត្រ​ខ្ពស់​។ ប៉ុន្តែ​យើង​ក៏មិនអាច​ឃាត់​គាត់​បានដែរ ព្រោះ​ក្របខណ្ឌ​មន្ត្រីរាជការ​នេះ គឺជា​ឆ្នាំងបាយ​ដ៏​សំខាន់​របស់គាត់​»​។​
 
​លោក សួង ភី​រម្យ នឹងត្រូវ​ឈប់​ពី​តួនាទី​គ្រូបង្វឹក​អ្នកចាំទី ចាប់ពី​ថ្ងៃទី​១ ធ្នូ ២០២០ ខណៈ​ក្លិប​កំពុង​សម្លឹងមើល​គ្រូបង្វឹក ដែលមាន​ទេពកោសល្យ​ល្អ​ដូច​លោក​។ លោក សួង ភី​រម្យ បាន​រួមរស់​ជាមួយ​ក្លិប​វិសាខា ជាង​២​ឆ្នាំ ក្រោយ​ផ្ទេរ​ពី​ក្លិប​កង​យោធ​ព​ខេមរភូមិន្ទ​(​អតីត​ឈ្មោះ​ក្លិប​ក្រសួងការពារជាតិ​) កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ៕
 
 

Tag:
 សួង ភី​រម្យ​
  វិសាខា​
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com