ទីបំផុត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចបើកភ្លើងបៃតងឲ្យមន្ត្រីលោកសហការជាមួយប្រធានាធិបតីទើបជាប់ឆ្នោត ចូ បៃឌិន រៀបចំការផ្ទេរអំណាច។ ចាប់ពីពេលនេះតទៅ លោក បៃឌិន នឹងទទួលការផ្ដល់ជូនព័ត៌មានសំខាន់ៗជាប្រចាំ ព្រមទាំងការផ្គត់ផ្គង់ហិរញ្ញវត្ថុផងដែរ ដើម្បីដំណើរការរៀបចំរដ្ឋបាលអាណត្តិថ្មី ខណៈថ្ងៃចូលស្បថកាន់តំណែងសល់តែជាង៥៧ថ្ងៃទៀតប៉ុណ្ណោះ។
១៦ថ្ងៃគត់ក្រោយលោក ចូ បៃឌិន ត្រូវបានប្រកាសថាឈ្នះឆ្នោត ទីភ្នាក់ងារសហព័ន្ធអាមេរិកទទួលបន្ទុកកិច្ចការសេវាកម្មទូទៅ (GSA) បានប្រាប់លោក បៃឌិន ថា លោកអាចចាប់ផ្ដើមរៀបចំដំណើរការផ្ទេរអំណាចជាផ្លូវការបានហើយ។
ក្នុងលិខិតចុះថ្ងៃទី ២៣ ខែវិច្ឆិកា អ្នកស្រី Emily Murphy ប្រធាន GSA បានគូសបញ្ជាក់ថា ឥឡូវនេះ លោក បៃឌិន នឹងទទួលបានធនធានចាំបាច់ក្នុងដំណើរការផ្ទេរអំណាចដែលត្រូវបានបដិសេធផ្ដល់ឲ្យលោកកាលពីពេលកន្លងមក ព្រោះតែមានបណ្ដឹងតវ៉ាប្រឆាំងលទ្ធផលជ័យជម្នះលោក។
ប៉ុន្តែលោក ដូណាល់ ត្រាំ បានបន្តចោទគ្មានភស្តុតាងថា មានការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតដែលរៀបចំកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ហើយលោកបានដាក់ពាក្យបណ្ដឹងតវ៉ាប្រឆាំង តែត្រូវច្រានចោលជាបន្តបន្ទាប់។ ទោះបីជាលោកមិនទាន់ព្រមទទួលស្គាល់ជោគជ័យរបស់លោក បៃឌិន ក៏ដោយក្តី ការប្រកាសរបស់លោកនៅថ្ងៃទីចន្ទនេះ ត្រូវបានមើលឃើញថាស្ទើរតែដូចជាការព្រមចុះចាញ់ទៅហើយ។
«ការប្ដឹងតវ៉ា នៅតែបន្ត។ យើង នឹងរក្សាការប្រយុទ្ធដ៏ល្អ ហើយខ្ញុំជឿថាយើងនឹងលាតត្រដាង[ការពិត]»។ លោក ត្រាំ សរសរបែបនេះលើ Twitter មុននឹងបញ្ជាក់បន្ថែមថា ទោះជាដូច្នេះក្តី ដើម្បីបម្រើប្រយោជន៍ដ៏ធំធេងរបស់ប្រទេស លោកលើកយោបល់ឲ្យប្រធាន GSA អ្នកស្រី Emily និងក្រុមការងាររបស់អ្នកស្រី អនុវត្តកាតព្វកិច្ចពួកគេ ហើយលោកក៏បានប្រាប់ឲ្យក្រុមមន្ត្រីលោកឲ្យធ្វើបែបនេះដូចគ្នា។
ការប្រកាសរបស់លោក ត្រាំ នេះកើតឡើងភ្លាមៗក្រោយ មន្ត្រីរៀបចំការបោះឆ្នោតប្រចាំរដ្ឋ Michigan បានប្រកាសជាផ្លូវការថា លោក បៃឌិន ជាអ្នកឈ្នះក្នុងរដ្ឋពួកគេ។ ហើយជោគជ័យក្នុងរដ្ឋដែលមានប្រតិភូបោះឆ្នោត ១៦ នេះ ធ្វើឲ្យកិច្ចប្រឹងប្រែងផ្លូវច្បាប់លោកត្រាំ ដែលព្យាយាមកែប្រែលទ្ធផលឆ្នោត ក្លាយជាសុបិន។
មែនទែនទៅ ការព្រមសហការរបស់ទីភ្នាក់ងារសហព័ន្ធអាមេរិក GSA មានន័យថា ក្រុមការងាររបស់លោក បៃឌិន ចាប់ពីពេលនេះតទៅ នឹងមានថវិកាសហព័ន្ធ និងការិយាល័យផ្លូវការមួយ ដើម្បីរៀបចំដំណើរការផ្ទេរអំណាចរបស់លោក រហូតដល់ថ្ងៃស្បថចូលកាន់តំណែងនាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។
កិច្ចសហការនេះ ក៏បើកផ្លូវឲ្យលោក បៃឌិន និងអនុប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត កាម៉ាឡា ហារីស ទទួលបានការផ្ដល់ព័ត៌មានសន្តិសុខជាតិជាទៀងទាត់ផងផងដែរ។ ជាមួយគ្នានេះ មន្ត្រីរដ្ឋបាលលោកត្រាំ ២នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមការងារផ្ទេរអំណាចលោកបៃឌិន អាចចាប់ផ្ដើមធ្វើការជាមួយក្រុមមន្ត្រីលោកប្រធានាធិបតីចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា។
សមាជិកដំបូងនៃគណៈរដ្ឋមន្ត្រីដ៏ចម្រុះរបស់លោកបៃឌិន
នៅមុនទទួលភ្លើងបៃតងពីលោក ត្រាំ លោក បៃឌិន បានបង្ហើបសមាជិកគណៈរដ្ឋមន្ត្រីលោកជាបណ្ដើរៗ ដោយរើសយកទីប្រឹក្សាទទួលបន្ទុកការបរទេសយូរឆ្នាំរបស់លោក គឺលោក Antony Blinken ទៅដឹកនាំក្រសួងការបរទេស។
ចំណែកលោក Alejandro Mayorkas ដើមកំណើតគុយបា នឹងត្រូវតែងតាំងជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ។ លោក Mayorkas ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងសន្តិសុខមាតុភូមិ ក្រោមអាណត្តិប្រធានាធិបតីអូបាម៉ា ហើយក៏ជាអតីតរដ្ឋអាជ្ញាសហព័ន្ធប្រចាំរដ្ឋ California ផងដែរ។ បើអនុម័តពីព្រឹទ្ធសភារួច លោកនឹងក្លាយជាអាមេរិកឡាទីនទីមួយ ដែលចូលកាន់កាប់តំណែងកំពូលនេះ។
តាមការសន្យាថាបង្កើតរដ្ឋបាលដែលតំណាងឲ្យភាពចម្រុះនៃសង្គមអាមេរិក លោក បៃឌិន រំពឹងថាតែងតាំងអតីតប្រធានធនាគារកណ្ដាលអាមេរិក អ្នកស្រី Janet Yellen ឡើងធ្វើជារដ្ឋមន្ត្រីរតនាគារអាមេរិក។ បើដូចការរំពឹងទុក អ្នកស្រី Yellen នឹងក្លាយស្ត្រីទីមួយដែលកាន់តួនាទីកំពូលនេះ។
បេក្ខភាពស្ត្រីម្នាក់ទៀត ក៏រំពឹងខ្ពស់ក្នុងការទៅដឹកនាំក្រសួងការពារជាតិអាមេរិកផងដែរ ហើយនោះគឺជាអ្នកស្រី Michèle Flournoy ។ អ្នកស្រី Flournoy ធ្លាប់កាន់តំណែងជាឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកផ្នែកយុទ្ធសាស្ត្រក្រោមអាណត្តិប្រធានាធិបតី Bill Clinton និងជាអតីតរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការគោលនយោបាយក្នុងអាណត្តិ អូបាម៉ា ។
ក្រៅពីនោះ អ្នកស្រី Avril Haines នឹងត្រូវតែងតាំងជានាយកចារសកម្មជាតិអាមេរិក , លោក Jake Sullivan ជាទីប្រឹក្សសន្តិសុខជាតិអាមេរិក, អ្នកស្រី Linda Thomas-Greenfield ជាអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ និងលោក John Kerry ប្រធានប្រេសិតពិសេសទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុ។តំណែងសំខាន់ដែលត្រូវបានតែងតាំងរួច មានលោក Ron Klain ប្រធានបុគ្គលិកសេតវិមានអាមេរិក៕