សង្គមអន្តរជាតិ
អន្តរជាតិ
ចិនថា ខ្លួននឹងឆ្លើយតបឲ្យបានសក្តិសមបំផុតនឹងទស្សនកិច្ចមន្ត្រីអាមេរិកនៅតៃវ៉ាន់ 24, Nov 2020 , 2:39 pm
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
× ចិន នឹងឆ្លើយតបឲ្យសាកសមបំផុត និងស្របច្បាប់ លើទស្សនកិច្ចរបស់មន្ត្រីអាមេរិកនៅតៃវ៉ាន់។ នេះបើតាមការបញ្ជាក់ថារបស់អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២៣ ខែវិច្ឆិកា។ បើតាមប្រភពដែលស្និទ្ធនឹងព្រឹត្តិការណ៍នេះ មន្ត្រីអាមេរិកនោះ ជាឧត្តមនាវីទោ Michael Studeman ដែលជាមេបញ្ជាការកងកម្លាំងចារកិច្ចរបស់យោធាអាមេរិកប្រចាំនៅតំបន់ឥណ្ឌូ-បាស៊ីហ្វិក។
តៃវ៉ាន់ នៅថ្ងៃទី២២ វិច្ឆិកា បានប្រកាសទទួលស្វាគមន៍ មន្ត្រីអាមេរិកម្នាក់ ដែលមិនបានបញ្ចេញព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចនេះឡើយ ដោយផ្អែកលើទំនុកចិត្តទៅវិញទៅមក។ មន្ត្រីតៃវ៉ាន់ដែលស្និទ្ធនឹងព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចរបស់ឧត្តមនាវីទោ Michael Studeman ដែលជាមេបញ្ជាការកងកម្លាំងចារកិច្ចរបស់យោធាអាមេរិកប្រចាំនៅតំបន់ឥណ្ឌូ-បាស៊ីហ្វិក។
ចិន ព្រមានឆ្លើយតបនឹងការផ្លាស់ប្ដូរទំនាក់ទំនងយោធារវាងអាមេរិក និងតៃវ៉ាន់បែបនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian និយាយថា៖ « ចិនជំទាស់ជាដាច់ខាតគ្រប់ទម្រង់នៃការផ្លាស់ប្តូរមន្ត្រី និងយោធារវាងអាមេរិក និងតៃវ៉ាន់»។ បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ ចិននឹងបន្តគោលជំហរបែបនេះ និងទទូចឲ្យអាមេរិកគោរពគោលការណ៍ «ចិនតែមួយ» និងសេចក្តីថ្លែងការណ៍រួមចំនួន៣ រវាងចិន និងអាមេរិក។
ទន្ទឹមគ្នានេះ លោក Zhao បានបន្តទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងឆ្លើយតបឲ្យបានសក្តិសមបំផុត និងស្របច្បាប់ បើសិនបើមានការវិវឌ្ឍលើពីនេះ។
កន្លងទៅ មន្ត្រីជាន់ខ្ពស់អាមេរិក ដូចជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar និងអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាមេរិក លោក Keith Krach ក៏បានធ្វើទស្សនកិច្ចមកតៃវ៉ាន់ដែរ។ មិនតែប៉ុណ្ណោះ អាមេរិក ក៏បានផ្តល់ភ្លើងបៃតង ក្នុងការលក់អាវុធដល់តៃវ៉ាន់ជាច្រើនពាន់លានដុល្លារផងដែរ។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក លោក Alex និងលោក Keith យន្តហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះចូលដែនអាកាសតៃវ៉ាន់ជាច្រើនលើក ដែលបង្កឲ្យតៃវ៉ាន់ត្រៀមខ្លួន និងអាចឈានទៅដល់ការប៉ះទង្គិចគ្នាថែមទៀត៕
Tag:
ចិន
អាមេរិក
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com