កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ហាមប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក ពាក់ព័ន្ធសកម្មភាពក្នុងបាល់ទាត់៥ឆ្នាំពីបទពុករលួយ 24, Nov 2020 , 4:04 pm
× សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ហាមប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) លោក Ahmad Ahmad មិនឲ្យជាប់ទាក់ទងក្នុងវិស័យបាល់ទាត់រយៈពេល៥ឆ្នាំ បន្ទាប់ពីរកឃើញថា លោកមានជាប់ពាក់នឹងអំពើពុករលួយ និងប្រើថវិកាមិនត្រឹមត្រូវ។
FIFA បានប្រកាសនៅថ្ងៃទី២៤ ខែវិច្ឆិកាថា គណៈកម្មាធិការសីលធម៌ឯករាជ្យបានបើកការស៊ើបអង្កេត ហើយរកឃើញថាលោក Ahmad មានកំហុសក្នុងការផ្តល់ និងទទួលយកអំណោយ និងអត្ថប្រយោជន៍ផ្សេងទៀតរួមទាំងការប្រើថវិកាមិនត្រឹមត្រូវផង។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ បានដាក់ទណ្ឌកម្មលើបុរសសញ្ជាតិម៉ាdដាកាស្ការូបនេះ នឹងការហាមឃាត់រាល់សកម្មភាពដែលទាក់ទងនឹងបាល់ទាត់ (ទាំងរដ្ឋបាលកីឡា) ទាំងកម្រិតជាតិ និងអន្តរជាតិរយៈពេល៥ឆ្នាំ។
លើសពីនេះទៅទៀតនោះ លោក Ahmad វ័យ៦០ឆ្នាំក៏បានពិន័យជាប្រាក់ ២សែន ដុល្លារអាមេរិកផងដែរ។ ជុំវិញការដាក់ពិន័យខាងលើ អតីតអ្នកនយោបាយរូបនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អតីតអគ្គលេខាធិការ CAF លោក Amr Fahmy ដែលទទួលមរណភាពកាលពីដើមឆ្នាំ ២០២០ ដោយសារជំងឺមហារីក ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីលោកបានចោទប្រកាន់លោក Ahmad ពីបទពុករលួយកាលពីឆ្នាំមុនតាមរយៈឯកសារមួយដែលបានផ្ញើទៅ FIFA។
ឯកសារដែលបានបញ្ជូនទៅ FIFA នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៩ បានចោទប្រកាន់លោក Ahmad ថា បានធ្វើឲ្យ CAF ត្រូវចំណាយប្រាក់៨៣ម៉ឺនដុល្លារបន្ថែមទៀតលើការបញ្ជាទិញគ្រឿងបរិក្ខារតាមរយៈក្រុមហ៊ុនបារាំងមួយឈ្មោះថា Tactical Steel។ លោក Ahmad ក៏ត្រូវបានចោទពីបទបៀតបៀនបុគ្គលិកស្រី៤នាក់ផង និងការកិបកេងប្រាក់មួយចំនួនដើម្បីទិញរថយន្តទំនើបៗប្រើប្រាសជាលក្ខណបុគ្គលិកនៅក្នុងប្រទេសអេហ្ស៊ីប និង ម៉ាឡាកា៕
Tag:
FIFA
CAF
Ahmad Ahmad
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com