សង្គមអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីតៃវ៉ាន់ ប្តេជាការពារបូរណភាពទឹកដីរបស់ខ្លួនជាមួយនាវាមុជទឹកថ្មី 24, Nov 2020 , 9:59 pm
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ថ្លែងសុន្ទរកថានៅក្នុងពិធីបើកសម្ពោធការសាងសង់នាវាមុជទឹក នៅក្នុងក្រុង Kaohsiung នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ Reuters
× តៃវ៉ាន់ សន្យាថា ការពារទឹកដី និងដែនអធិបតេយ្យរបស់ខ្លួន ជាមួយនាវាមុជទឹកថ្មីរបស់ខ្លួន។ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានលើកឡើងបែបនេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា។ ការប្រកាសរបស់ប្រធានាធិបតីតៃវ៉ាន់ បានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធការសាងសង់នាវាមុជទឹកថ្មី ស្របពេលដែនកោះមួយនេះ កំពុងមានភាពតានតឹងជាមួយទីក្រុងប៉េកាំង។
តៃវ៉ាន់ បានខិតខំយ៉ាងខ្លាំង ក្នុងការកែលម្អកម្លាំងនាវាមុជទឹករបស់ខ្លួន ដែលនាវាមុជទឹកខ្លះ សល់តាំងពីសង្គ្រាមលោកលើកទីពីរមកម្លេះ។ នាវាមុជទឹកចាស់ៗបែបនេះ មិនអាចយកទៅធៀប ឬការពារពីការវាយប្រហាររបស់ចិន ដែលមាននាវាមុជទឹកទំនើបៗបានឡើយ។ នាវាមុជទឹកចិនខ្លះ ថែមទាំងអាចមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរបានថែមទៀត។ កត្តានេះ បានទាមទារឲ្យតៃវ៉ាន់ ត្រូវតែធ្វើទំនើបកម្មនាវាមុជទឹករបស់ខ្លួន ដើម្បីការពារពីការវាយប្រហារណាមួយ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធការសាងសង់នាវាមុជទឹកនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Kaohsiung ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានចាត់ទុកពិធីសម្ពោធនេះជា ប្រវត្តិសាស្ត្រដ៏សំខាន់របស់តៃវ៉ាន់ ក្នុងការពង្រឹងសមត្ថភាពការពារប្រទេស ស្របពេលកំពុងមានបញ្ហាចម្រោងចម្រាស និងភាពមិនប្រាកដប្រជាជាច្រើនជាមួយចិន។
«ការសាងសង់នេះ បង្ហាញឲ្យឃើញពីឆន្ទៈដ៏ខ្លាំងរបស់តៃវ៉ាន់ទៅកាន់ពិភពលោក ក្នុងការការពារទឹកដីរបស់ខ្លួន»។ លោកស្រីTsai បានលើកឡើងបែបនេះ នៅចំពោះមុខអ្នកចូលរួម និងលោក Brent Christensen ប្រធានវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ ដែលទូតមិនផ្លូវការរបស់អាមេរិកប្រចាំតៃវ៉ាន់។ ទន្ទឹមគ្នានេះ ប្រធានាធិបតីតៃវ៉ាន់រូបនេះ បានបន្តទៀតថា នាវាមុជទឹក គឺសំខាន់ណាស់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់កងទ័ពជើងទឹកតៃវ៉ាន់ ក៏ដូចជាការពារតៃវ៉ាន់ពីការហ៊ុមព័ទ្ធរបស់សត្រូវ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការសាងសង់នាវាមុជទឹកនេះ មានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលអាមេរិក។ នៅក្នុងឆ្នាំ២០១៨ អាមេរិក បានផ្តល់ភ្លើងបៃតង ដល់ក្រុមហ៊ុនរបស់ខ្លួន ក្នុងការចូលរួមក្នុងកម្មវិធីសាងសង់នាវាមុជទឹករបស់តៃវ៉ាន់។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្រុមហ៊ុនអាមេរិកមួយណា បានចូលរួមក្នុងកម្មវិធីនេះ។
ការសាងសាង់នាវាមុជទឹកនេះ ត្រូវបានទទួលបន្ទុកដោយក្រុមហ៊ុន CSBC ដែលមានការគាំទ្ររបស់រដ្ឋាភិបាលតៃវ៉ាន់។ តាមការបញ្ជាក់របស់ក្រុមហ៊ុនCSBC នាវាមុជទឹក ១គ្រឿង ក្នុងចំណោម៨គ្រឿងដែលគ្រោងផលិត អាចនឹងប្រគល់ឲ្យរដ្ឋាភិបាលតៃវ៉ាន់ក្នុងឆ្នាំ២០២៥ខាងមុខ។ ទន្ទឹមគ្នានេះ ដំណើរការនៃការសាងសង់នាវាមុជទឹកនេះ ក៏ប្រឈមនៅបញ្ហាមួយចំនួនផងដែរ ដូចជាការផ្គត់ផ្គង់ផ្នែកនៃនាវាមុជទឹក និងការគំរាមពីកម្លាំងបរទេសខ្លះជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com