អន្តរជាតិ
នាវាចម្បាំងរុស្ស៊ី បណ្តេញនាវាចម្បាំងអាមេរិកដែលបើកចូលដែនទឹករបស់ខ្លួន 24, Nov 2020 , 10:59 pm
នាវាចម្បាំងអាមេរិកUSS John S. McCain។ រូបភាព៖AFP
× ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី២៤ វិច្ឆិកានេះ បានអះអាងថានាវាចម្បាំងរបស់ខ្លួន បានបណ្តេញនាវាចម្បាំងផ្ទុកមីស៊ីលប្រដេញ USS John S. McCain ដែលបើកប្រតិបត្តិការខុសច្បាប់ក្នុងដែនទឹករបស់ខ្លួន ក្នុងសមុទ្រជប៉ុន។
នាវាចម្បាំងរុស្ស៊ីAdmiral Vinogradov បានព្រមាននាវាចម្បាំងអាមេរិកឲ្យចាកចេញពីដែនទឹករបស់ខ្លួន ដោយគំរាមថានឹងបើកបំបុក។ នាវាចម្បាំងអាមេរិក បន្ទាប់ពីទទួលបានការគំរាម បានចាកចេញទៅដែនសមុទ្រអព្យាក្រឹត្យជាបន្ទាន់ដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី។
រដ្ឋាភិបាលរុស្ស៊ីអះអាងថានាវាចម្បាំងនេះបានបំពានចូល២គីឡូម៉ែត្រក្នុងដែនទឹករុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។
ឧបទ្ទវហេតុខាងលើនេះ ជារឿងកម្រ ប៉ុន្តែវាបង្ហាញពីទំនាក់ទំនង់ដុនដាបរវាងអាមេរិក និងរុស្ស៊ី ទាំងលើវិស័យការទូត និងវិស័យយោធា។ ទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំង២ ពុំសូវជារីកចម្រើនប៉ុន្មានឡើយតាំងតែពីការបញ្ចប់ទៅនៃសង្គ្រាមត្រជាក់ និងជាពិសេសក្រោយរុស្ស៊ីផ្តាច់យកទឹកដីគ្រីមេពីអ៊ុយក្រែន និងគាំទ្រក្រុមផ្តាច់ខ្លួនចាប់តាំងពីឆ្នាំ២០១៤។
ក្រោយហេតុការណ៍នេះ កើតឡើងនាវាចម្បាំងអាមេរិក មិនបានប៉ុនប៉ងចូលក្នុងដែនទឹករុស្ស៊ីសារជាថ្មីឡើយ។ ចំណែកនាវាចម្បាំងរុស្ស៊ីAdmiral Vinogradov បន្តឃ្លាំមើលស្ថានការណ៍ និងបន្ថែមដោយកូននាវាមួយផ្សេងទៀត។
ចំណែកអាមេរិក ពុំទាន់បានឆ្លើយតបតយ៉ាងណាឡើយចំពោះហេតុការណ៍ខាងលើនេះ។ ប៉ុន្តែគ្រាមុន អាមេរិក និងសម្ព័ន្ធមិត្តNATO ក៏បានអះអាងដែរថាយន្តហោះចម្បាំងរបស់ខ្លួនបានស្ទាក់យន្តហោះទម្លាក់គ្រាប់បែក និងស៊ើបយកការណ៍របស់រុស្ស៊ីចូលក្នុងដែនអាកាសរបស់ខ្លួនក្នុងសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក។ ទោះជាយ៉ាងណាក្តី ហេតុការណ៍ទាំងអស់នោះពុំដែលបង្កជាគ្រោះថ្នាក់ឡើងទេ។
សូមរំឭកថា កាលពីឆ្នាំ២០១៨ នាវាចម្បាំងអាមេរិក USS McCampbell ក៏បានបើកចូលដែនទឹករុស្ស៊ីនៅត្រង់សមុទ្រជប៉ុន និងតំបន់ Peter the Great Bay ក្រោមហេតុផលថាជាការអនុវត្តសេរីភាពនាវាចរ និងប្រជែងទល់នឹងការកាន់កាប់របស់រុស្ស៊ីក្នុងដែនទឹកនោះ។ អាមេរិកអះអាងថា ការទាមទាររបស់រុស្សីក្នុងតំបន់ Peter the Great Bay ហួសពីអ្វីដែលកំណត់ដោយច្បាប់សមុទ្រអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com