កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Barca, Juventus, Cheslea និង Sevilla ឡើងទៅ​វគ្គ​១៦​ក្រុម ទោះ​សល់​ពីរ​ប្រកួត​
25, Nov 2020 , 10:50 am        
រូបភាព
Barcelona, Juventus, Chelsea និង Sevilla ទទួលបាន​កៅអី​ឡើងទៅ​កាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions league ដោយ​ស្វ័យប្រវត្តិ ក្រោយ​រកបាន​ពិន្ទុ​នាំមុខ​ដាច់​ក្នុង​ពូ​ល បើ​ទោះ​ការប្រកួត​នៅសល់​ពីរលើក​ទៀត​។​

Barcelona ទទួលបាន​១២​ពិន្ទុ​ពេញ​ពី​ការប្រកួត​៤​លើក​ក្នុង​ពូ​ល G បន្ទាប់ពី​ឈ្នះ Dynamo Kyiv ៤-០ នៅ​រាត្រី​ថ្ងៃទី​២៤ ខែវិច្ឆិកា​។ ៤​គ្រាប់​របស់​ក្រុម​រហស្សនាម​អ្នក​មានបុណ្យ​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Martin Braithwaite ២​គ្រាប់ Sergino Dest និង Antoine Griezmann ម្នាក់​មួយគ្រា​ប់​។​
 
​ដោយសារ​ក្នុង​មួយ​ពូ​ល​តម្រូវ​ឲ្យ​មានតែ​ពីរ​ក្រុម​ទៅ​វគ្គ​បន្ត ដូច្នេះ​ក្រុម​លោក Ronald Koeman ដែលមាន​ពិន្ទុ​នាំមុខ​ដាច់​ក្នុង​ពូ​ល​ទទួលបាន​កៅអី​ដោយ​ស្វ័​ប្រវត្តិ​។ ក្នុង​ពូ​ល G នេះដែរ Juventus ក៏មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ចាប់ដៃ​ជាមួយ Barca ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ផងដែរ​។ 
 
​ក្រុម​សេះបង្កង់​ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ពូ​ល G ដោយ​រកបាន​៩​ពិន្ទុ ក្រោយ​ឈ្នះ​ការប្រកួត​លើក​ទី​៤​លើ​ក្រុម Ferencvaros ក្នុង​លទ្ធផល ២-១​។ Cristiano Ronaldo និង Alvaro Morata រកបាន​ម្នាក់​១​គ្រាប់​ឲ្យ​ក្រុម​យក្ស​អ៊ីតាលី ឯ Myrto Uzuni ជា​អ្នកសម្រេច​ទី​ឲ្យ​ក្រុម​របស់​ហុង​គ្រី​។​
 
Dynamo Kyiv និង Ferencvaros ដែល​មិនអាច​ឈានទៅ​វគ្គ​បន្ត ប៉ុន្តែ​ពួកគេ​នៅសល់​ឱកាស​ប្រជែង​យក​លេខ​៣​ដើម្បី​ទទួលបាន​កៅអី​លេង Europa League បន្តទៀត សម្រាប់​ការប្រកួត​២​លើក​ដែល​នៅសល់​។ ក្រុម​ទាំងពីរ​រកបាន​១​ពិន្ទុ​ដូចគ្នា​ពី​ការប្រកួត​៤​លើក​។​
 
​ដោយឡែក​ក្នុង​ពូ​ល E ឯណោះ​វិញ ក៏​រកបាន​ពីរ​ក្រុម​ទៅកាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ផងដែរ​ក្រោយ​ឆ្លងកាត់​ការប្រកួត​៤​លើក​រៀងខ្លួន​។ Chelsea និង Sevilla រកបាន​១០​ពិន្ទុ​ដូចគ្នា ស្របពេល FC Krasnodar និង Rennes ដែល​រកបាន​១​ពិន្ទុ​ម្នាក់​នៅសល់​ឱកាស​ដណ្តើម​កៅអី Europa Leaue​។​
 
Chelsea បាន​យកឈ្នះ Rennes ២-១ ក្នុងជំនួប​លើក​ទី​៤​យប់មិញ​នេះ ខណៈ Sevilla ឈ្នះ FC Krasnodar ២-១ ដូចគ្នា​។ ក្រុម​រហ្សនាម​តោ​ខៀវ​ឈរ​កំពូល​តារាង​ពូ​ល E ដ្បិត​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​ក្រុម​អេ​ស្ប៉ា​ញ Sevilla​។​
 
​លទ្ធផល​ការប្រកួត​ដទៃទៀត​សម្រាប់​ពូ​ល H ក្រុម Manchester United ឈ្នះ Istanbul Basaksehir ៤-១ ឯ Paris Saint-Germain ឈ្នះ RasenBallsport Leipzig ១-០​។ Man Utd ឈរ​លេខ​១​មាន​៩​ពិន្ទុ តាម​ពីក្រោយ​ដោយ PSG មាន​៦​ពិន្ទុ ស្មើ Leipzig ដែល​នៅ​លេខ​៣ Basaksehir នៅ​បាត​តារាង​មាន​៣​ពិន្ទុ ពី​ការប្រកួត​៤​លើក​។​
 
​សម្រាប់​ពូ​ល F វិញ Borussia Dortmund  ឈ្នះ Club Brugge ក្នុង​លទ្ធផល ៣-០ ខណៈ Lazio ឈ្នះ Zenit St. Petersburg ៣-១​។ ក្រោយ​ការប្រកួត​៤​លើក Dortmund រកបាន​៩​ពិន្ទុ​ឈរ​កំពូល​តារាង តាម​ពីក្រោយ​ដោយ Lazio មាន​៨​ពិន្ទុ ឯ Club Brugge ឈរ​លេខ​៣​មាន​៤​ពិន្ទុ ហើយ Zenit រកបាន​១​ពិន្ទុ នៅ​បាត​តារាង​៕
 

Tag:
 Champions league
© រក្សាសិទ្ធិដោយ thmeythmey.com