សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រធានាធិបតី​ជាប់ឆ្នោត បៃ​ឌិន​៖ អាមេរិក ត្រៀម​ដឹកនាំ​ពិភពលោក​ជាថ្មី​
25, Nov 2020 , 11:59 am        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ថ្លែងអំឡុងព្រឹត្តិការណ៍ប្រកាសសមាជិកគណៈរដ្ឋមន្ត្រី នៅរដ្ឋ Delaware កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ។ រូបភាព៖ AFP
ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ថ្លែងអំឡុងព្រឹត្តិការណ៍ប្រកាសសមាជិកគណៈរដ្ឋមន្ត្រី នៅរដ្ឋ Delaware កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា បាន​និយាយថា សហរដ្ឋអាមេរិក នឹង​ត្រៀមខ្លួន​ដឹកនាំ​ម្ដងទៀត​លើ​ឆាក​អន្តរជាតិ ដោយ​ទាត់ចោល​គោលនយោបាយ «America First» របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ដូ​ណា​ល់ ត្រាំ​។


 
​បន្ទាប់ពី​ណែនាំ​ក្រុមមន្ត្រី​ផ្នែក​សន្តិសុខ​ជាតិ និង​គោលនយោបាយ​ការបរទេស លោក ចូ បៃ​ឌិន បានបង្ហាញ​ជំហរ​ថា ក្រោយ​ឡើងកាន់​អំណាច លោក​នឹង​កាច់ចង្កូត​អាមេរិក​ចេញពី​និន្នាការ​ជាតិនិយម​លក្ខណៈ​ឯកតោភាគី ដែល​លោក ដូ​ណា​ល់ ត្រាំ បាន​អនុវត្ត​៤​ឆ្នាំកន្លងមក​។ លោក បៃ​ឌិន និយាយថា អនាគត​គណៈរដ្ឋមន្ត្រី​លោក ដែល​រួមមាន​លោក Antony Blinken ជា​បេក្ខជន​រដ្ឋមន្ត្រីការបរទេស  នឹង​ងាក​ចេញពី​អ្វីដែល​លោក​ចាត់ទុកថា ជា​គំនិត​ចាស់គំរឹល និង​ទម្លាប់​ដែល​មិន​ផ្លាស់ប្តូរ​ក្នុង​កិច្ចការ​ការបរទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
«​នេះ​ជា​ក្រុម​ដែល​ឆ្លុះបញ្ចាំង​ការពិត​ថា អាមេរិក​ត្រលប់​មកវិញ ត្រៀមលក្ខណៈ​ដឹកនាំ​ពិភពលោក ពុំមែន​ដកថយ​ពី​វា​ឡើយ​» ។ លោក បៃ​ឌិន បញ្ជាក់​បែបនេះ នៅ​ព្រឹត្តិការណ៍​មួយ​នៅ​រដ្ឋ Delaware មុននឹង​បន្ថែមថា ជាថ្មី​ម្ដងទៀត សហរដ្ឋអាមេរិក ត្រៀមខ្លួន​ប្រឈមមុខ​នឹង​សត្រូវ ហើយ​មិន​ទាត់ចោល​សម្ព័ន្ធ​របស់ខ្លួន​ឡើយ​។ 
 
«​ត្រៀម​ក្រោកឈរ​សម្រាប់​គុណ​តម្លៃ​យើង​»​។ លោក សង្កត់ធ្ងន់​បែបនេះ​។​
 
​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក ត្រាំ ក្នុងពេល​៤​ឆ្នាំ បាន​បង្ក​ភាពល្អក់​កករ​ជាមួយ​សម្ព័ន្ធមិត្ត​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប និង​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក ជាមួយ​ការដាក់​សម្ពាធ​លើ​សមាជិក​អង្គការ​ណា​តូ​ពាក់ព័ន្ធ​ថ្លៃ​ចំណាយ​ការពារជាតិ និង​ការដំឡើង​ពន្ធ​ជាដើម​។ លោក ត្រាំ ក៏បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​អន្តរជាតិ​ជាច្រើន​ចាប់ពី​អាកាសធាតុ ពាណិជ្ជកម្ម អាវុធ​នុយក្លេអ៊ែរ និង​សុខភាព​សាធារណៈ ហើយ​បង្កើន​ភាពស្អិតល្មួត​ជាមួយ​មេដឹកនាំ​ផ្ដាច់ការ ដែល​ផ្ទុយ​នឹង​គុណ​តម្លៃ​លោកខាងលិច​។ 
 
​គោលនយោបាយ​ការបរទេស​ក្រោម​រដ្ឋបាល​លោក បៃ​ឌិន ទំនងជា​ឲ្យ​តម្លៃ​ខ្ពស់​លើ​គោលនយោបាយ​ពហុភាគី​និយម ដែលមាន​គោលដៅ​ផ្សះផ្សា​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​សម្ព័ន្ធមិត្ត​សំខាន់ៗ ក៏ដូចជា​ដើរ​លើ​មាគ៌ា​ថ្មី​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។  នេះ​គឺ​ស្តែង​ចេញពី​ការតែងតាំង​លោក ច​ន ឃែ​រី អតីតរដ្ឋមន្ត្រី​ការបរទេស និង​ជា​តួអង្គ​ចម្បង​មួយ​ក្នុង​ការចចារ​បង្កើត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ធ្វើជា​ប្រេសិត​ប្រធានាធិបតី​ពិសេស​ទទួលបន្ទុក​កិច្ចការ​អាកាសធាតុ ៕
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ចូ បៃ​ឌិន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com