អន្តរជាតិ
រដ្ឋមន្ត្រីកិច្ចការសមុទ្រឥណ្ឌូណេស៊ី ត្រូវចាប់ខ្លួនពីបទចោទអំពើពុករលួយ 25, Nov 2020 , 2:40 pm
លោក Edhy Prabowo រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសមុទ្រ និងនេសាទ។ រូបភាព៖ KP
× ទីភ្នាក់ងារលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែវិច្ឆិកា បានអះអាងថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសមុទ្រ និងនេសាទ លោក Edhy Prabowo ត្រូវបានចាប់ខ្លួនពីបទទាក់ទិននឹងអំពើពុករលួយ។
អនុប្រធានទីភ្នាក់ងារលុបបំបាត់អំពើពុករលួយ លោក Nawawi Pomolango បានបញ្ជាក់ថា មនុស្សមួយចំនួន ត្រូវបានឃុំខ្លួបណ្តោះអាសន្ន នៅយប់ថ្ងៃទី ២៤ និងព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា។ ចំណែករដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទ លោកEdhy Prabowo ត្រូវបានចាប់ខ្លួន បន្ទាប់ពីទើបមកពីបរទេស នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា។
យ៉ាងណាក៏ដោយ អនុប្រធានទីភ្នាក់ងារលុបបំបាត់អំពើពុករលួយរូបនេះ បានបដិសេធបញ្ចេញព័ត៌មានលម្អិតផ្សេងៗ ដោយសំអាងថា ត្រូវរង់ចាំលទ្ធផលស៊ើបអង្កេតបឋមសិន។ តាមការចុះផ្សាយរបស់កាសែត Jakarta Globe លោករដ្ឋមន្ត្រី Edhy ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធនឹងការនាំចេញកូនបង្កងខុសច្បាប់។
លោក Edhy ជាអ្នកនយោបាយរបស់បក្សចលនាឥណ្ឌូណេស៊ី និងបានចូលកាន់តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសមុទ្រ និងនេសាទ នៅក្នុងខែតុលា ឆ្នាំ២០១៩កន្លងទៅ។ ប្រសិនបើលោក ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តអំពើពុករលួយមែននោះ លោក នឹងក្លាយជារដ្ឋមន្ត្រីទី៣ ក្នុងគណៈរដ្ឋមន្ត្រីលោក ចូកូ វីដូដូ ដែលត្រូវចោទពីបទប្រព្រឹត្តអំពើពុករលួយ។
នៅក្នុងខែមិថុនាកន្លងមក អតីតរដ្ឋមន្ត្រីកីឡាឥណ្ឌូណេស៊ី លោក Imam Nahrawi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពិន័យជាប្រាក់ ១,៣លានដុល្លារ និងហាមឈរឈ្មោះជាមន្ត្រីសាធារណៈរយៈពេល ៤ឆ្នាំ ពីបទលួចលុយសាធារណៈប្រមាណ ៨០ម៉ឺនដុល្លារ។ នៅក្នុងឆ្នាំ២០១៩ អតីតរដ្ឋមន្ត្រីសង្គម លោក Idrus Marham ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទទទួលសំណូក៕
© រក្សាសិទ្ធិដោយ thmeythmey.com