COVID-19
អន្តរជាតិ
EU ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ១៦០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​អាមេរិក Moderna
25, Nov 2020 , 9:29 pm        
រូបភាព
ប្រធានគណៈកម្មការ អ្នកស្រី Ursula von der Leyen ។ រូបភាព៖ AFP
ប្រធានគណៈកម្មការ អ្នកស្រី Ursula von der Leyen ។ រូបភាព៖ AFP
ដោយ:
​សហភាព​អឺរ៉ុប (EU) បានសម្រេច​កិច្ចព្រមព្រៀង​ទិញ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩ រហូតដល់​១៦០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ឱសថ​អាមេរិក Moderna ។ ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា​។
 
«​ខ្ញុំ​រីករាយ​នឹង​ប្រកាសថា ស្អែក យើង​នឹង​អនុម័ត​កិច្ចសន្យា​ថ្មី​មួយ​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​មួយ​ផ្សេងទៀត​»​។ អ្នកស្រី Ursula von der Leyen និយាយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា មុន​បន្ថែមថា កិច្ចព្រមព្រៀង​នេះ អនុញ្ញាត​ឲ្យ​សហភាព​អឺរ៉ុប​ទិញ​ថ្នាំ​វ៉ាក់សាំង​រហូតដល់ ១៦០​លាន​ដុល្លារ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ Moderna ។​
 
​កាលពី​សប្ដាហ៍​មុន ក្រុមហ៊ុន​ឱសថ Moderna បានប្រកាសថា បេក្ខភាព​ថ្នាំ​វ៉ាក់សាំង​របស់ខ្លួន មាន​ប្រសិទ្ធភាព​រហូតដល់ ៩៤,៥​ភាគរយ ក្នុងការ​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ ថ្នាំ​វ៉ាក់សាំង​ទាំង​១៦០​លាន​ដូ​ស​នេះ នឹង​គ្រប់គ្រាន់​សម្រាប់​ចាក់​មនុស្ស​៨០​លាន​នាក់ ខណៈ​មនុស្ស​ម្នាក់​រំពឹងថា​ត្រូវ​ចាក់​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩​រហូតដល់​២​ដូ​ស​។ 
 
​ការបញ្ជាទិញ​ពិតប្រាកដ នឹងត្រូវ​ធ្វើឡើង​ដោយ​បណ្ដា​រដ្ឋាភិបាល​ដែលជា​សមាជិក​សហភាព​អឺរ៉ុប ប្រសិនបើ​វ៉ាក់សាំង​នេះ ត្រូវបាន​អនុម័ត​ដោយ​និយតករ​ឱសថ​របស់ EU ។ ពេលវេលា​នៃ​ការដឹកជញ្ជូន ពុំ​ត្រូវ​បានកំណត់​នៅឡើយ​។ 
 
​ក្នុង​ខែសីហា គណៈកម្មការ EU ដែល​សហ​ដឹកនាំ​កិច្ចពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង តំណាង​ឲ្យ​រដ្ឋ​ជា​សមាជិក​របស់ខ្លួន បាន​បញ្ជាក់ថា ខ្លួន​បានរៀបចំ​កិច្ចពិភាក្សា​បឋម​ជាមួយ​ក្រុមហ៊ុន Moderna ជុំវិញ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ថ្នាំ​វ៉ាក់សាំង​៨០​លាន​ដូ​ស និង​គម្រោង​បន្ថែម​៨០​លាន​ដូ​ស​ទៀត​។ យ៉ាងណាមិញ ព័ត៌មាន​លម្អិត​របស់​កិច្ចសន្យា​នេះ ពុំ​ត្រូវ​បានបង្ហាញ​ជា​សាធារណៈ​ឡើយ​។ 
 
​មន្ត្រី​សហភាព​អឺរ៉ុប​ដែល​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​សប្ដាហ៍​មុន​ថា EU ព្យាយាម​ច​ចារ​ទិញ​ថ្នាំ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna ក្រោម​តម្លៃ​២៥​ដុល្លារ​ក្នុង​មួយ​ដូ​ស​។ ក៏ប៉ុន្តែ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moderna លោក Stephane Bancel បានបញ្ជាក់​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែវិច្ឆិកា​ថា ក្រុមហ៊ុន​លោក នឹង​យក​ថ្លៃ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩ ចន្លោះ​ពី ២៥​ដុល្លារ និង​៣៧​ដុល្លារ​ក្នុង​មួយ​ដូ​ស អាស្រ័យ​លើ​បរិមាណ​បញ្ជា​ទិញ​។ 
 
​ការសម្រេច​កិច្ចសន្យា​ទិញ​ថ្នាំ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ឱសថ​អាមេរិក Moderna ជា​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ថ្នាំ​វ៉ាក់សាំង​ទី​៦​ហើយ ដែល​សហភាព​អឺរ៉ុប​បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩​។ បូក​ទាំង​កិច្ចព្រមព្រៀង​ចុងក្រោយ​នេះ ការបង្កើន​ស្ដុក​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩​របស់ EU មាន​សរុប​ដល់ ១,៩៦​ពាន់​លាន​ដូ​ស សម្រាប់​ប្រជាជន​សរុប​របស់ EU មាន​ប្រមាណ ៤៥០​លាន​នាក់​។ 
 
​លើសពី Moderna សហភាព​អឺរ៉ុប​បានសម្រេច​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​ជាមួយ​ក្រុមហ៊ុន​ឱសថ straZeneca, Pfizer-BioNTech, Sanofi-GSK, Johnson & Johnson និង CureVac ។ បច្ចុប្បន្ន EU ក៏​កំពុង​ចរចា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​របស់​ក្រុមហ៊ុន​អាមេរិក  Novavax ផងដែរ​៕
 

Tag:
 EU
  Moderna
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com