សង្គមអន្តរជាតិ​
អន្តរជាតិ
ប៉ូលិស​ថៃ កោះហៅ​មេដឹកនាំ​បាតុកម្ម​១២​រូប​ជុំវិញ​បទ​ចោទ​ប្រមាថ​ស្ដេច​ដែល​អាច​ជាប់គុក​១៥​ឆ្នាំ​
25, Nov 2020 , 5:21 pm        
រូបភាព
ក្រុមបាតុករថៃ បង្ហាញម្រាមដៃ៣ នៅក្នុងទីក្រុងបាងកក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ Reuters
ក្រុមបាតុករថៃ បង្ហាញម្រាមដៃ៣ នៅក្នុងទីក្រុងបាងកក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ Reuters
​មេដឹកនាំ​បាតុកម្ម​ថៃ​ចំនួន ១២​រូប ត្រូវបាន​ប៉ូលិស​ថៃ​កោះហៅ ដើម្បី​សួរចម្លើយ​ជុំវិញ​ការបរិហារកេរ្តិ៍​ព្រះមហាក្សត្រ​។ នេះ គឺជា​លើកទីមួយ​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៨ ដែល​ច្បាប់​ការពារ​ព្រះមហាក្សត្រ ត្រូវបាន​យកមកប្រើ​ប្រាស់​ឡើងវិញ បន្ទាប់ពី​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានផ្តល់​ភ្លើង​បៃតង​ដល់​អាជ្ញាធរ​អាច​ប្រើប្រាស់​ច្បាប់​គ្រប់​ទាំងអស់ ដើម្បី​ដោះស្រាយ​ជាមួយ​បាតុករ ដែល​បំពាន​ច្បាប់​។

​បាតុកម្ម នៅ​ថៃ​ហាក់ដូចជា​កើនឡើង​កម្តៅ​ជាង​មុន ដោយសារ​ក្រុមបាតុករ​នៅតែ​ទទូច​ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ចុះ​ចេញពី​តំណែង វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​ជាដើម​។ ស្របពេល​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី បានផ្តល់​ភ្លើង​បៃតង ដល់​អាជ្ញាធរ​អាច​ប្រើប្រាស់​ច្បាប់​ផ្សេងៗ ដើម្បី​ទប់ទល់​ជាមួយ​ក្រុមបាតុករ​ណា ដែល​ហ៊ាន​បំពាន​ស្ថាប័ន​ព្រះមហាក្សត្រ និង​មិន​គោរព​ច្បាប់​ជាដើម​។ 
 
​ទាក់ទិន​នឹង​ច្បាប់​ការពារ​ព្រះមហាក្សត្រ​នេះ មេដឹកនាំ​ក្រុម​បាតុកម្ម​ថៃ​ចំនួន ១២​រូប ត្រូវបាន​ប៉ូលិស​ថៃ​កោះហៅ​ទៅ​សួរចម្លើយ ជុំវិញ​បទ​បរិហារកេរ្តិ៍​មហាក្សត្រ​។ តាម​មាត្រា ១១២​នៃ​ក្រមព្រហ្មទណ្ឌ​ថៃ ជន​ទាំងឡាយណា ដែល​បាន​បង្ខូច​កេរ្តិ៍ឈ្មោះ ញុះញង់ និង​គំរាមកំហែង​ព្រះមហាក្សត្រ ព្រះមហាក្សត្រី និង ព្រះ​ញាតិវង្សានុវង្ស អាច​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ១៥​ឆ្នាំ​។ 
 
​ក្នុងចំណោម​អ្នក​ទាំង ១២​នាក់​នោះ មាន​មនុស្ស​មួយចំនួន ធ្លាប់​រង​នូវ​បទ​ចោទ ជុំវិញ​បាតុកម្ម​នៅ​ថៃ​កន្លងមក​។ អ្នក​ទាំងនោះ​មានដូចជា មេធាវី​ការពារ​សិទ្ធិ​មនុស្សលោក Anon Nampa, លោក Anon Numpha និង​មេដឹកនាំ​និស្សិត កញ្ញា Panusaya Sithijirawathanakul និង​លោក Parit Chiwarak ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​កន្លងទៅ ក្រុមបាតុករ​ថៃ បានប្រកាសថា នឹងធ្វើ​បាតុកម្ម​នៅមុខ​ការិយាល័យ​ទ្រព្យសម្បត្តិ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ដើម្បី​ទាមទារ​ឲ្យ​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បោះបង់​ការកាន់កាប់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​មួយចំនួន​។ យ៉ាងណាមិញ បាតុករ​បាន​ផ្លាស់ប្ដូរ​ទីតាំង​តវ៉ា​វិញ ខណៈដែល​ប៉ូលិស​បាន​បិទផ្លូវ​ជុំវិញ​រាជវាំង និង​ស្នាក់ការ​ការិយាល័យ​ទ្រព្យសម្បត្តិ​ស្ដេច​។ ប៉ូលិស​ថៃ ត្រៀម​ដាក់ពង្រាយ​កម្លាំង​ប្រមាណ​៦​ពាន់​នាក់ ដើម្បី​គ្រប់គ្រង​ក្រុមបាតុករ​។ 
 
​តាម​ការប៉ាន់ស្មាន​កន្ល​ង​មក មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បាន​កាន់កាប់​ទ្រព្យសម្បត្តិ ដែលមាន​តម្លៃ​ប្រមាណ​ពី​៣០ ទៅ​៤០​ពាន់​លាន​ដុល្លារ​។ យ៉ាងណាក៏ដោយ តម្លៃ​ទ្រព្យសម្បត្តិ​ជាក់លាក់ នៅតែ​រឿង​សម្ងាត់ និង​មិនទាន់​ត្រូវបាន​ទម្លាយ​ជា​សាធារណៈ​នៅឡើយ​ទេ​៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com