កីឡាអន្តរជាតិ
អន្តរជាតិ
FIFA៖ កាតា នឹងធ្វើម្ចាស់ផ្ទះពានថ្មី Arab Cup ស្រដៀង World Cup នៅឆ្នាំ២០២១ 25, Nov 2020 , 11:29 pm
× កាតានឹងរៀបចំការប្រកួតពានរង្វាន់ Arab Cup ក្នុងក្របខណ្ឌប្រទេសអារ៉ាប់ នៅខែធ្នូ ឆ្នាំ ២០២១ ដែលនឹងមានក្រុមចំនួន ២២ មកពីជុំវិញតំបន់ចូលរួម។ បើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ព្រឹត្តិការណ៍ថ្មីនេះ មានការរៀបចំស្រដៀងនឹងការប្រកួតបាល់ទាត់ World Cup។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកាថា ប្រទេស និងតំបន់ដែលចូលរួមប្រជែងពាន Arab Cup ទាំង២២មានដូចជា អាល់ហ្សេរី បារ៉ែន កូម័រ ជីប៊ូទី អេហ្ស៊ីប អ៊ីរ៉ាក់ ហ្សកដានី កូវែត លីបង់ លីប៊ី ម៉ូរីតានី ម៉ារ៉ុក អូម៉ង់ ប៉ាឡេស្ទីន កាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត សូម៉ាលី ស៊ូដង់ ស៊ីរី ទុយនីស៊ី និងយេម៉ែន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Gianni Infantino ប្រធាន FIFA បានលើកឡើងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់កីឡដ្ឋាន Lusail ដែលជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានទាំង៨របស់កាតាសម្រាប់ត្រៀមការប្រកួត World Cup ឆ្នាំ២០២២ ថា តាមរយៈព្រឹត្តិការណ៍ Arab Cup នឹងទាក់ទាញពីទស្សនិកាជនលើសពី ៤៥០ លាននាក់មកពីទូទាំងតំបន់នេះមិនខាន។
កាលពីចន្លោះឆ្នាំ១៩៦៣ និង២០១២ ប្រទេសក្នុងតំបន់អារ៉ាប់ធ្លាប់មានការប្រកួតពាន Arab Nations Cup ម្តងរួចមកហើយ ជាមួយនឹងការប្រកួតដែលមានចំនួន៩ប្រទេសចូលរួម។ ប៉ុន្តែដោយសារការដឹកនាំស្ថិតនៅក្នុងស្ថានភាពមិនទៀងទាត់ ការប្រកួតប្រជែងក៏លែងដំណើរការ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កាតា (QFA) លោក Sheikh Hamad Bin Khalifa Bin Ahmed Al Thani អះអាងថា Arab Cup នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាការសាកល្បងចុងក្រោយសម្រាប់ការរៀបចំ ដែលមានរយៈពេលតែមួយឆ្នាំ មុនកាតាដឹកនាំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកជាលើកដំបូងនៅឆ្នាំ ២០២២៕
Tag:
FIFA
Arab Cup
World Cup កាតា
© រក្សាសិទ្ធិដោយ thmeythmey.com