កីឡាអន្តរជាតិ
អន្តរជាតិ
Pele រំលែកទុក្ខ Maradona៖ «ខ្ញុំសង្ឃឹមថា យើងនឹងលេងបាល់ទាត់ជាមួយគ្នានៅឋានសួគ៌» 26, Nov 2020 , 10:26 am
× វីរបុរសអាហ្សង់ទីន Diego Maradona បានទទួលមរណភាពនៅអាយុ៦០ឆ្នាំ ដោយសារគាំងបេះដូងនៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ស្តេចបាល់ទាត់ប្រស៊ីល Pele បានចូលរួមរំលែកទុក្ខ ដោយប្រើពាក្យមួយឃ្លាចុងក្រោយចំពោះការបាត់បង់មិត្តដ៏អស្ចារ្យរបស់ខ្លួនថា «ខ្ញុំសង្ឃឹមថាថ្ងៃមួយយើងនឹងលេងបាល់ទាត់ជាមួយគ្នានៅឋានសួគ៌»។
ការស្លាប់របស់លោក Maradona កើតឡើងតែ២០ថ្ងៃក្រោយប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ipensa ក្នុងរដ្ឋធានី Buenos Aires ដោយទទួលការវះកាត់ឈាមក្នុងខួរក្បាល។ ប៉ុន្តែជាអកុសល លោកត្រូវបានប្រកាសថាបានលាចាកលោកហើយដោយសារគាំងបេះដូងនៅឯគេហដ្ឋានរបស់លោក។
ក្រោយទទួលដំណឹងដ៏ក្រៀមក្រំ លោក Pele ដែលទើបឈានដល់វ័យ៨០ឆ្នាំកាលពីខែមុនបានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដ្បិតលោកត្រូវបាត់បង់តារាបាត់ទាត់លំដាប់ពិភពលោកដែលលោកចាត់ទុកជាមិត្តដ៏អស្ចារ្យ។
វីរបុរសប្រេសស៊ីលរូបនេះ បានសរសេរនៅលើបណ្តាញសង្គម Twitter ផ្ទាល់របស់លោកដើម្បីជាការគោរពដល់ Maradona ថា៖«ខ្ញុំបានបាត់បង់មិត្តដ៏អស្ចារ្យម្នាក់ ហើយពិភពលោកក៏បានបាត់បង់កំពូលកីឡាករម្នាក់ដែរ។ ខ្ញុំមានរឿងជាច្រើនដែលត្រូវនិយាយ ប៉ុន្តែសម្រាប់ពេលនេះសូមព្រះផ្តល់កម្លាំងដល់សមាជិកគ្រួសាររបស់គាត់ [Maradona]។ ថ្ងៃណាមួយ ខ្ញុំសង្ឃឹមថាយើងនឹងលេងបាល់ទាត់ជាមួយគ្នានៅឋានសួគ៌»។
Pele និង Maradona ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ឆ្នើមក្នុងប្រវត្តិសាស្ត្រ ខណៈអ្នកទាំងពីរក៏មានប្រវត្តិពីកុមារភាពស្រដៀងគ្នាដែរ។ នៅឆ្នាំ ២០០០ អ្នកទាំងពីរក៏ត្រូវបាន FIFA តែងតាំងជាសហកីឡាករឆ្នើមប្រចាំងសតវត្សរ៍ទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com