អន្តរជាតិ
លោក ស៊ី ផ្ញើ​សារ​អបអរ​លោក បៃ​ឌិន ដោយ​សង្ឃឹមថា អាមេរិក​និង​ចិន​មាន​ទំនាក់ទំនង​ឈ្នះ​-​ឈ្នះ​
26, Nov 2020 , 10:41 am        
រូបភាព
លោក ស៊ី ជិនភីង ចាប់ដៃជាមួយលោក ចូ បៃឌិន នៅវិមានប្រជាជានចិន ក្នុងទីក្រុង ប៉េកាំង កាលពីខែធ្នូ ឆ្នាំ២០១៣ ។ រូបភាព៖ AFP
លោក ស៊ី ជិនភីង ចាប់ដៃជាមួយលោក ចូ បៃឌិន នៅវិមានប្រជាជានចិន ក្នុងទីក្រុង ប៉េកាំង កាលពីខែធ្នូ ឆ្នាំ២០១៣ ។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ផ្ញើ​សារ​អបអរសាទរ​ជ័យជម្នះ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន ហើយ​សង្ឃឹមថា ប្រទេស​ទាំងពីរ នឹង​ប្រកាន់ខ្ជាប់​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ទោះបី​កំពុងមាន​ជម្លោះ​រាប់​ចាប់ពី​វិស័យ​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​សន្តិសុខ​ដែល​កើតឡើង​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក្ដី​។
 
 
​ក្នុង​សារ​អបអរ​ដែល​ចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា លោក ស៊ី ជិន​ភីង បាន​ប្រា​ប់លោក ចូ បៃ​ឌិន​ថា ទំនាក់ទំនង​ដែល​ល្អ​និង​មាន​ស្ថិរភាព​របស់​ចិន​និង​អាមេរិក ជាការ​រំពឹងទុក​រួម​គ្នា​មួយ​នៃ​សហគមន៍​អន្តរជាតិ​។ 
 
«​យើង​សង្ឃឹមថា ភាគី​ទាំងពីរ នឹង​ប្រកាប់​ខ្ជាប់​នូវ​ស្មារតី​មិន​ប្រឈមមុខ​ដាក់គ្នា និង​មិន​បង្កជម្លោះ គោរព​គ្នា​ទៅវិញទៅមក ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​»​។ ប្រធានាធិបតី ស៊ី បញ្ជាក់​បែបនេះ មុននឹង​រំពឹងទុក​ទៀតថា ចិន​និង​អាមេរិក នឹង​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ ចេះ​គ្រប់គ្រង​ភាពខុសគ្នា ព្រមទាំង​លើកកម្ពស់​ការអភិវឌ្ឍ​ល្អ និង​មាន​ស្ថិរភាព​ក្នុង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំងពីរ​។ 
 
​ក្រសួងការបរទេស​ចិន បាន​អបអរ​លោក បៃ​ឌិន កាលពី​ថ្ងៃទី ១៣ ខែវិច្ឆិកា ពោលគឺ​ជិត​១​សប្ដាហ៍​ក្រោយ​សម្ព័ន្ធមិត្ត​អាមេរិក​ជាច្រើន​បានធ្វើ​បែបនេះ​។ ក្នុង​ឆ្នាំ​២០១៦ លោក ស៊ី បាន​ផ្ញើ​សារ​អបអរ​ជ័យជម្នះ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ថ្ងៃទី ៩ ខែ​វិ​ច្ឆ​កា ពោលគឺ​១​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ចប់​បោះឆ្នោត​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន អនុ​ប្រធានាធិបតី​ចិន វ៉ាង ឈី​សាន ក៏បាន​អបអរ​អនុ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត អ្នកស្រី កា​ម៉ា​ឡា ហារី​ស ។ 
 
​ជាង​១០​ថ្ងៃ​មកហើយ​ក្រោយ​ចិន​ចេញ​សារ​អបអរ​លោក​បៃ​ឌិន រុស្ស៊ី​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល​។ ក៏ប៉ុន្តែ វិមាន​ក្រេ​ម​ឡាំង បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​ថា ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នឹងមិន​អបអរ​ជ័យជម្នះ​របស់លោក បៃ​ឌិន នោះឡើយ ទោះបីជា​រដ្ឋបាល​លោក ត្រាំ បាន​បើកភ្លើង​បៃតង​ក្នុងការ​ដំណើរការ​នីតិវិធី​ផ្ទេរអំណាច​ផ្លូវការ​។ 
 
​គួរ​បញ្ជាក់ដែរថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ចិន មាន​ភាព​ល្អក់កករ​ខ្លាំង​បំផុត​អំឡុងពេល​៤​ឆ្នាំ​នៃ​អាណត្តិ​លោក​ត្រាំ ជាពិសេស​ជម្លោះ​លើ​វិស័យ​ជាច្រើន រាប់​ចាប់ពី​ពាណិជ្ជកម្ម បច្ចេកវិទ្យា សន្តិសុខ ហើយ​ចុងក្រោយ​វិបត្តិ​សុខភាព​សាធារណៈ​កូ​វីដ​-១៩៕ 
 
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  ស៊ី ជិន​ភីង​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com