អន្តរជាតិ
លោក ត្រាំ លើកលែងទោសឲ្យអតីតទីប្រឹក្សាសន្តិសុខពាក់ព័ន្ធសំណុំរឿងរុស្ស៊ី 26, Nov 2020 , 11:48 am
អតីតទីប្រឹក្សាសន្តិសុខជាតិ Michael Flynn ដែលលោក ដូណាល់ ត្រាំ លើកលែងទោស។ រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែវិច្ឆិកា បានប្រកាសថា លោកបានលើកលែងទោសឲ្យអតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn ពាក់ព័ន្ធសំណុំរឿងជាមួយរុស្ស៊ី។ បើតាមសេតវិមាន ការលើកលែងទោសនេះ ជាការបញ្ចប់សកម្មភាពរបស់បក្សប្រជាធិបតេយ្យលើអ្នកស្អាតស្អំម្នាក់។ បក្សប្រជាធិបតេយ្យ បានប្រតិកម្មខ្លាំងនឹងការលើកលែងទោសនេះ ដោយចោទលោក ត្រាំ ថា បំពានអំណាច និងពុករលួយ។
«ខ្ញុំមានមហាកិត្តយសក្រៃលែងដើម្បីប្រកាសថា ឧត្តមសេនីយ៍ Michael Flynn ត្រូវបានលើកលែងទោសពេញលេញ។» លោកប្រធានាធិបតី ដូណាល់ ត្រាំ សរសេរបែបនេះលើបណ្ដាញសង្គម Twitter នៅថ្ងៃទី២៥ ខែវិច្ឆិកា។ ការលើកលែងទោស ជារឿងដែលគេរំពឹងទុកទៅហើយ ខណៈពេលវេលាលោក ត្រាំ ជាប្រធានាធិបតីនៅមិនច្រើនទៀតឡើយ ដែលការណ៍នេះលោកអាចប្រើប្រាស់សិទ្ធិប្រធានាធិបតីលើកលែងទោសមនុស្សជំនិតឯទៀតបាន។
លោក Flynn ដែលជាឧត្តមសេនីយ៍ទ័ពជើងគោកចូលនិវត្តន៍ ជាទីប្រឹក្សាសន្តិសុខជាតិដំបូងគេរបស់លោក ត្រាំ ។ កាន់តំណែងមិនបានមួយខែផង លោក Flynn បង្ខំចិត្តលាលែងពីតំណែងវិញនៅខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយលោកក្លាយជាមុខសញ្ញារបស់ទីភ្នាក់ស៊ើបអង្កេតសហព័ន្ធ (FBI) ដែលបើកការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតឆ្នាំ២០១៦ ។ លោកស្ថិតក្រោមស៊ើបអង្កេតទាក់ទងការជជែកតាមទូរសព្ទជាសម្ងាត់ជាមួយអគ្គរដ្ឋទូតរុស្ស៊ីក្នុងខែធ្នូ ឆ្នាំ២០១៦ ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងកិច្ចសន្ទនានោះ លោក Flynn បានជជែកពីការដាក់ទណ្ឌកម្មលើរុស្ស៊ី និងការបណ្ដេញមន្ត្រីការទូតរុស្ស៊ីដែលប្រកាសដោយរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ។ ក្រៅពីរឿងនេះ ឧត្តមសេនីយ៍ Flynn ក៏ជាប់ពាក់ព័ន្ធនឹងការទទួលប្រាក់ពីក្រុមហ៊ុនរុស្ស៊ីតាមរយៈការចូលរួមក្នុងកម្មវិធីចំនួនពីរ ដែលក្នុងកម្មវិធីមួយ លោកអង្គុយជាប់ប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ទៅទៀត។
លោក ត្រាំ ព្យាយាមការពារលោក Flynn យ៉ាងខ្លាំង រហូតឈានដល់ការបង្កើតរដ្ឋអាជ្ញាពិសេសដើម្បីស៊ើបអង្កេតករណីលូកដៃរបស់រុស្ស៊ីនេះ។ នៅចុងឆ្នាំ២០១៧ លោក Flynn បានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកស៊ើបអង្កេត និងសារភាពថា លោកបានកុហក FBI ពីរឿងជជែកតាមទូរសព្ទជាមួយមន្ត្រីរុស្ស៊ីដើម្បីចៀសផុតពីការជាប់ទោសធ្ងន់ធ្ងរ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានលើកឡើងថា ការលើកលែងទោសនេះ ជាការបញ្ចប់ការតាមចាប់ឥតស្រាកស្រាន្តរបស់បក្សនយោបាយលើជនស្មោះត្រង់ម្នាក់។ សេចក្ដីថ្លែងការណ៍បន្តថា ការស៊ើបអង្កេតលើលោក Flynn ជាផ្នែកមួយនៃការប៉ុនប៉ងធ្វើឲ្យអាប់អោនដល់លទ្ធផលការបោះឆ្នោតឆ្នាំ២០១៦ និងធ្វើឲ្យរដ្ឋបាលលោក ត្រាំ បាក់មុខគ្រប់ជំហាន។
បក្សប្រជាធិបតេយ្យវិញ បានរិះគន់ការលើកលែងទោសនេះ។ ប្រធានគណៈកម្មាធិការចារកិច្ចសភាតំណាង លោក Adam Schiff និយាយថា ជាថ្មីម្ដងទៀត លោកបានបំពានអំណាចលើកលែងទោសដើម្បីលើកលែងឲ្យលោក Flynn ។ មន្ត្រីជាន់ខ្ពស់ប្រជាធិបតេយ្យនៅស្ថាប័ននីតិបញ្ញត្តិរូបនេះបន្តថា ការលើកលែងទោសនេះ មិនអាចលុបបំបាត់ការពិតបានឡើយ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
Michael Flynn
© រក្សាសិទ្ធិដោយ thmeythmey.com