Bayern Munich និង Manchester City ជាក្រុមទី៦ ដែលទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League បន្ទាប់ពី Chelsea, Juventus, Barcelona និង Sevilla។ Inter Milan ប្រឈមធ្លាក់ត្រឹមវគ្គចែកពូលនេះ ក្រោយចាញ់ Real Madrid ២-០ សម្រាប់ការប្រកួតលើកទី៤ នៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា។
បន្ទាប់ពីយកឈ្នះ Salzburg ៣-១ ដែលជាជ័យជម្នះលើកទី៤ ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល A បាននាំឲ្យ Bayern Munich មានពិន្ទុនាំមុខដាច់ចំនួន១២ពិន្ទុពេញ និងទទួលបានសិទ្ធិទៅកាន់វគ្គបន្ត។
បីក្រុមទៀតក្នុងពូលនេះដែលរួមមាន Atletico Madrid ដែលឈរលេខ២ ប្រកួតស្មើ Lokomotiv Moscow នៅលេខបីក្នុងលទ្ធផល ០-០ និង Salzburg សុទ្ធតែនៅមានឱកាសប្រជែងយកលេខ២ ដើម្បីបានមួយកៅអីទៅកាន់វគ្គបន្ត។ Atletico Madrid រកបាន៥ពិន្ទុ ឯ Lokomotiv មាន៣ពិន្ទុ និង Salzburg មាន១ពិន្ទុ ខណៈការប្រកួតនៅសល់២លើកទៀត។ ក្រុមលេខ៣បានទៅលេង Europa League។
នៅក្នុងពូល C វិញ ក្រុម Man City ក៏រកបានពិន្ទុគ្រប់គ្រាន់ដើម្បីទៅកាន់វគ្គ ១/៨ផ្តាច់ព្រ័ត្រដែរ ក្រោយទទួលបានជ័យជម្នះលើក្រុម Olympiacos ១-០។ ឆ្លងកាត់ការប្រកួត៤លើក ក្រុមមេឃខៀវឈ្នះទាំង៤មាន១២ពិន្ទុពេញ។
FC Porto តាមរយៈការយកឈ្នះ Marseille ២-០ ក៏មានឱកាសច្រើនដើម្បីឈានទៅវគ្គបន្តផងដែរ។ ក្រុមព័រទុយហ្គាល់នេះ រកបាន៩ពិន្ទុឈរលេខ២ពូល C ដោយនាំមុខក្រុមលេខ៣ Olympiacos ៦ពិន្ទុ។ Olympiacos នៅតែមានឱកាសប្រជែងយកលេខ២ពី Porto ដ្បិតនៅសល់២ប្រកួតទៀត។ ក្រុមបាររាំង Marseille ដែលមិនទាន់មានពិន្ទុរាប់ នៅសល់តែឱកាសដណ្តើមកៅអី Europa League ប៉ុណ្ណោះ។
Real Madrid ដែលបានយកឈ្នះ Inter Milan ២-០ ក្នុងការប្រកួតលើកទី៤ពូល B បានបង្កើនឱកាសរបស់ខ្លួនក្នុងប្រជែងកៅអីទៅវគ្គ១៦ក្រុមផងដែរ។ ផ្ទុយទៅវិញ Inter មានភាគរយទាបក្នុងការឈានទៅវគ្គបន្ត ក្រោយប្រកួត៤លើកស្មើ២ ចាញ់២ មិនដែលឈ្នះសោះ។
ក្រុមយក្សអេស្ប៉ាញរកបាន៧ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២បណ្តោះអាសន្ន ចាញ់ក្រុមកំពូលតារាង Borussia Moenchengladbach ១ពិន្ទុ។ Moenchengladbach ដែលយកឈ្នះ Shakhtar Donetsk ៤-០ រកបាន៨ពិន្ទុពីការប្រកួត៤លើក។ Shakhtar នៅលេខរៀងទី៣មាន ៤ពិន្ទុ ខណៈ Inter Milan នៅបាតតារាងដោយរកបាន២ពិន្ទុ។ យ៉ាងណាក្រុមទាំងនៅមានឱកាសដណ្តើមយកលេខ១ និងលេខ២រៀងៗខ្លួន។
ដោយឡែកពូល D វិញ Liverpool បានភ្លាត់ស្នៀតចាញ់ក្រុមកំពុងឡើជើង Atalanta ដោយលទ្ធផល ២-០ ស្របពេល Ajax ឈ្នះ FC Midtjylland ៣-១។ បើទោះចាញ់នៅជំនួបលើកទី៤ក្តីប៉ុន្តែក្រុមរហស្សនាមហង្សក្រហមនៅតែឈរកំពូលតារាងពូល D ដដែល ដ្បិតពួកគេឈ្នះ៣ប្រកួតដំបូងដោយទទួលបាន៩ពិន្ទុ។ Ajax នៅលេខរៀងទី២ រកបាន៧ពិន្ទុ ស្មើគ្នាជាមួយ Atalanta ដែលនៅលេខ៣ ព្រោះមានសំណល់គ្រាប់បាល់តិចជាង។ Midtjyllandអស់ឱកាសប្រជែងទៅវគ្គបន្តក្របខណ្ឌកំពូលអឺរ៉ុប និង Europa League ដ្បិតគ្មានពិន្ទុរាប់នៅឡើយ៕