ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​ស្បែក​មុខ​រលោង​ស្អាត​គ្មាន​មុន និង​ស្នាម​ជាំ​អ៊ុច​ខ្មៅ កុំ​រំលង​អត្ថបទ​នេះ​
28, Dec 2020 , 8:59 pm        
រូបភាព
​គ្រប់គ្នា​នរណា​ក៏​ចង់​មាន​ស្បែក​មុខ​សរ​លោង​ស្រស់ស្អាត​គ្មាន​មុន និង​ស្នាម​ជាំ​អ៊ុច​ខ្មៅ គួរឱ្យ​ទាក់ទាញ​ដែរ​។  ការព្យាបាល​បែប​ទំនើប និង​ការប្រើប្រាស់​ផលិតផល​សម្រស់​ផ្សេងៗ មិន​ត្រឹមតែ​តម្រូវ​ឲ្យ​អ្នកចំណាយ​ប្រាក់​អស់​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេលខ្លះ​ផ្ដល់​ប៉ះពាល់​ចំពោះ​សុខភាព​ទៀត​តាមរយៈ​សារធាតុ​គីមី​ដែល​ផលិតផល​ទាំងនោះ​មាន​ផ្ទុក​។ កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​មួយចំនួន​ដោះស្រាយ​កម្ចាត់​បញ្ហា​ស្នាម​ជាំ​អ៊ុច​ខ្មៅ​លើ​ផ្ទៃមុខ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ៖
 
១. គ្រាប់​អាល់​ម៉ុ​ន​និង​ទឹកដោះគោ​
 
​ត្រាំ​គ្រាប់​អាល់​ម៉ុ​ន​ពី ២ ទៅ ៣ គ្រាប់​ក្នុង​ទឹក​ធម្មតា​សម្រាប់​រយៈពេល​ពេញ​មួយ​យប់​។ រួច​កិន​ឱ្យ​ម៉ដ្ឋ​នៅ​ព្រឹក​បន្ទាប់ ហើយ​លាយ​ទឹកដោះគោ​ស្រស់​បន្តិច​ចូល​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែក​និង​ទុកចោល​សម្រាប់​រយៈពេល​ពេញ​មួយ​យប់ ហើយ​លាង​សម្អាត​ចេញ​នៅ​ព្រឹក​បន្ទាប់​ជាមួយ​ទឹក​ត្រជាក់​។​
 
២. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​យក​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ផ្លែ ហើយ​ប្រើប្រាស់​សំឡី​ជ្រលក់​លាប ឬ​ផ្ដិត​ថ្នមៗ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់ និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១ ទៅ ២ ម៉ោង​សិន សឹម​លាង​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​រូបមន្ត​នេះ ២ ដង​ក្នុង​មួយថ្ងៃ ហើយ​ត្រូវ​ប្រាកដថា​អ្នក​មិន​ចេញ​ក្រៅ​ត្រូវ​ពន្លឺព្រះអាទិត្យ​ក្រោយពី​លាបទឹក​ក្រូចឆ្មារ​រួច​។ សម្រាប់​អ្នក​ដែលមាន​ស្បែ​កមុខ​ស្ដើង​ងាយ​ប្រតិកម្ម គួរ​លាយ​ទឹក​ធម្មតា​ប៉ុន្មាន​ដំណក់​ចូល​ជាមុនសិន​សឹម​លាប​ល្បាយ​លើ​ផ្ទៃមុខ​។ រីឯ​អ្នក​ដែលមាន​របួស​លើ​ផ្ទៃ​មុន​មិនគួរ​អនុវត្ត​រូបមន្ត​នេះឡើយ​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​ធម្មតា​ក្នុង​បរិមាណ​ស្មើគ្នា រួច​លាប​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ រងចាំ​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​ជាប្រចាំ​ដើម្បី​ទទួលបាន​លទ្ធផល​ប្រសើរ​។​
 
៤. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​លាប​លើ​ស្បែ​កមុខ​ដែល​ទទួលរង​ផលប៉ះពាល់ ហើយ​ម៉ាស្សា​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាងមុខ​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ ជាមួយ​ម្ស៉ៅ​រមៀត និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​លើ​ផ្ទៃមុខ​ក៏បាន​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍​។​
 
៥. រមៀត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​ម្ស៉ៅ​រមៀត ១ ស្លាបព្រា លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ចំនួន​សមល្មម និង​ទឹកដោះគោ​ស្រស់ កូរ​ឲ្យ​សព្វ​ចូលគ្នា សឹម​លាប​ល្បាយ​លើ​តំបន់​ស្បែ​កមុខ​ដែល​ទទួលរង​ផលប៉ះពាល់ ហើយ​ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឺ​ក​ធម្មតា​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល ១ ខែ​។​
 
៦. ផ្លែ​ល្ហុង​ទុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ចំណិត​បន្ទះ​ល្ហុង​ខ្លះមក​បិត​លើ​ផ្ទៃមុខ​កន្លែង​ទទួលរង​ផលប៉ះពាល់ ហើយ​ម៉ាស្សា​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ ឬក៏​អ្នក​អាច​យក​ល្ហុង​មួយចំនួន​មក​កិន​ឱ្យ​ម៉ដ្ឋ រួច​លាយ​ម្ស៉ៅ​រមៀត ១ ច្បិច និង​ទឹក​ក្រូចឆ្មារ​ស្រស់​ចំនួន​សមល្មម​ចូល ហើយ​កូរ​ឱ្យ​សព្វ សឹម​លាប​លើ​ផ្ទៃមុខ រួច​ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​ចេញ​ជាការ​ស្រេច​។ អនុវត្ត​រូបមន្ត​នេះ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៧. តែ​បៃតង​និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នកត្រូវការ ៖ ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​បាយ​, តែ​បៃតង ១ កញ្ចប់​តូច​, ទឹក​ក្ដៅ និង​ហ្វូ​ម​លាង​សម្អាត​មុខ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ឆុងតែ​ក្នុង​ទឹក​ក្ដៅ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ៣ នាទី​។ យក​កញ្ចប់​តែ​ចេញ​និង​ទុកឱ្យ​ចុះ​ត្រជាក់​។ កាត់​កញ្ចប់​តែ ដើម្បី​ស្រង​យក​ស្លឹក​តែ​ចេញ​។ លាយ​ស្លឹក​តែ​ជាមួយ​ទឹកឃ្មុំ​។ លាង​សម្អាត​មុខជា​មួយ​ហ្វូ​ម រួច​ជូត​ផ្ដិត​ថ្នមៗ​ដល់​ស្ងួត​។ លាប​ស្លឹក​តែ​បៃតង​ទឹកឃ្មុំ​លើ​មុខ រួច​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com