ពីនេះ ពីនោះ
សុខភាព
តើ​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ឈឺចង្កេះ​?
27, Nov 2020 , 6:59 am        
រូបភាព
​ការដែល​មនុស្សម្នា​ក់មាន​ការ​ប្រឈម​នឹង​ការឈឺ​ចង្កេះ​កាន់តែខ្លាំង​នោះ​មានន័យថា ឱកាស​នៃ​ការកើត​វា​ក៏​កាន់តែ​ខ្ពស់​ដែរ​។ ខាងក្រោម​នេះ​គឺជា​កត្តា​ប្រឈមមុខ​មួយចំនួន​ដែល​អ្នក​គួរតែ​យល់ដឹង​៖
 
​កត្តា​រាងកាយ និង​គ្រួសារ​
• អាយុ​វ័យ​កណ្តាល ឬ​អាយុ​ច្រើន​
• មនុស្ស​ប្រុស​
• គ្រួសារ​ធា្ល​ប់​មាន​ប្រវត្តិ​ឈឺចង្កេះ​
• ធ្លាប់មាន​របួស​នៅ​ចង្កេះ​ពីមុនមក​
• កំពុងមាន​ផ្ទៃពោះ ព្រោះតែ​សម្ពាធ​របស់​ទារក​ដាក់​លើ​ចង្កេះ​ខ្លាំង​
• កំពុង​មានតែ​ជិត​បាក់ឆ្អឹង​កង​ខ្នង​
• ធ្លាប់​វះកាត់​ខ្នង​កាលពីមុន​
• មាន​បញ្ហា​ឆ្អឹងខ្នង​តាំងពី​កំណើត​
 
​កត្តា​ដែល​អ្នក​អាច​ផ្លាស់ប្តូរ​បាន​ដោយ​ផ្លាស់ប្តូរ​របៀប​រស់នៅ​
• មិនបាន​ហាត់ប្រាណ​ទៀងទាត់​
• ធ្វើ​ការងារ ឬ​សកម្មភាព​ទាំងឡាយណា​ដែល​ទាមទារ​ឲ្យ​អង្គុយ​រយៈពេល​យូរ​, លើក​របស់​ធ្ងន់ៗ​, ឱន ឬ​រមួលខ្លួន​, ធ្វើ​ចលនា​ដដែលៗ ឬ​ស្ថិតនៅ​កន្លែង​មាន​រំ​ញ័រ​ជាប់​យូរ​។​
• អ្នក​ដែល​ជក់បារី​ទំនងជា​ឆាប់​ជួប​បញ្ហា​ឈឺចង្កេះ​ច្រើនជាង​អ្នក​មិន​ជក់​។​
• ការ​ធាត់​ជ្រុល​ជាពិសេស​ការ​ដុះ​ក្បាលពោះ ប្រហែលជា​ត្រូវដាក់​សម្ពាធ​ទៅលើ​ចង្កេះ​ខ្លាំង ប៉ុន្តែ​រឿងនេះ​មិនទាន់មាន​ការយល់ស្រប​ពេញលេញ​នៅឡើយ​ទេ​។ ការ​ធាត់​ជ្រុល​ច្រើនតែ​មានន័យថា បុគ្គល​នោះ​មិនសូវ​ចេះ​ហាត់ប្រាណ​, ខ្សោយ​សាច់ដុំ និង​មិនសូវមាន​ភាពបត់បែន​ច្រើន​ឡើយ ហេតុដូច្នេះ​ហើយ​វា​ងាយ​នឹង​ប្រឈម​នឹង​ឈឺចង្កេះ​ណាស់​។​
• ជំហរ​មិនល្អ​៖ ការ​អង្គុយ​កោង​ខ្នង​ដោយ​ខ្លួនឯង​ប្រហែលជា​មិន​ធ្វើ​ឲ្យ​ឈឺចង្កេះ​ទេ​។ ប៉ុន្តែ​ក្រោយពី​ខ្នង​នោះ​រង​សម្ពាធ ឬ​របួស​រួច ជំហរ​មិន​ត្រឹមត្រូវ​អាច​នឹងធ្វើ​ឲ្យ​ការឈឺចាប់​កាន់តែ​ធ្ងន់​បាន​។ ចំពោះ​ជំហរ​ដ៏​ល្អ​វិញ​មានន័យថា ត្រចៀក​, ស្មា និង​សន្លាក់​ត្រគាក​ស្ថិតនៅ​បន្ទាត់​ត្រង់​ស្មើគ្នា​។ បើសិនជា​ជំហរ​បែបនេះ​បង្ក​ឈឺចាប់​វិញ អ្នក​ប្រហែល​ជាមាន​ជំងឺ​ណាមួយ​ផ្សេង​ហើយ​ដូចជា បញ្ហា​ទាក់ទង​នឹង​ទ្រនាប់​នៅ​ឆ្អឹងខ្នង ឬ​ឆ្អឹងខ្នង​ផ្ទាល់​។​
• កំពុងតែ​ស្ត្រេ​ស​៖ ស្ត្រេ​ស និង​កត្តា​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​ត្រូវបាន​គេ​ជឿថា​ដើរតួនាទី​ដ៏​សំខាន់​ចំពោះ​ការឈឺ​ចង្កេះ ជាពិសេស​ការឈឺចាប់​រ៉ាំរ៉ៃ​តែម្តង​។ មាន​មនុស្ស​ច្រើនណាស់​មាន​បញ្ហា​តឹង​សាច់ដុំ​នៅ​ចង្កេះ​ដោយ​មិនដឹង​ខ្លួន​នៅពេល​ពួកគេ​ស្ថិតក្នុង​អារម្មណ៍​តានតឹង​។​
 
​កត្តា​ដែល​អ្នក​អាច​ផ្លាស់ប្តូរ​បាន​ដោយ​ការព្យាបាល​
• កំពុង​តែមាន​បញ្ហា​បាក់​ទឹកចិត្ត​រយៈពេល​យូរ​
• កំពុង​ប្រើ​ថ្នាំ​រយៈពេល​យូរ ដែល​វា​ជាហេតុ​នាំ​ឲ្យ​ខ្សោយ​ឆ្អឹង​បាន ដូចជា​ថ្នាំ​សរសៃ (Corticosteroid)​។​
• កំពុងមាន​ជំងឺ​ធ្វើ​ឲ្យ​ក្អក​រ៉ាំរ៉ៃ​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com