អន្តរជាតិ
ប្រធានាធិបតី​ប៉ា​គី​ស្ថាន​ជួប​ដំរី​ឯកោ មុន​បញ្ជូនទៅ​កម្ពុជា​
26, Nov 2020 , 7:59 pm        
រូបភាព
​ដំរី​ឈ្មោះ Kaavan កំពុង​រង់ចាំ​ឲ្យ​គេ​ដឹកជញ្ជូន​ទៅ​ទីជម្រក​ក្នុងប្រទេស​កម្ពុជា ក្នុងអំឡុងពេល​នៃ​ពិធីជប់លៀង​លាគ្នា​មួយ នៅ​សួនសត្វ Marghazar ទីក្រុង Islamabad ប្រទេស​ប៉ា​គី​ស្ថាន ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​ដំរី​ឈ្មោះ Kaavan កំពុង​រង់ចាំ​ឲ្យ​គេ​ដឹកជញ្ជូន​ទៅ​ទីជម្រក​ក្នុងប្រទេស​កម្ពុជា ក្នុងអំឡុងពេល​នៃ​ពិធីជប់លៀង​លាគ្នា​មួយ នៅ​សួនសត្វ Marghazar ទីក្រុង Islamabad ប្រទេស​ប៉ា​គី​ស្ថាន ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​លោក Arif Alvi បាន​ជួប​ជា​ចុងក្រោយ​ជាមួយ ដំរី​ឯកោ​ឈ្មោះ Kaavan​នៅ​សួនសត្វ​នៃ​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​អង្គារ​ទី​២៤ ខែវិច្ឆិកា គឺ​ប៉ុន្មាន​ថ្ងៃ​មុនពេល​សត្វ​នេះ​ទៅ​ចាប់ផ្តើម​ជីវិត​ថ្មី​នៅ​កម្ពុជា​។​
 
​បន្ទាប់ពី​យុទ្ធនាការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​សត្វ​និង​តារាចម្រៀង​ល្បី​គឺ​អ្នកស្រី Cher ដែល​ជួយសង្គ្រោះ​ដំរី​នេះ​ពី​ស្ថានភាព​ដ៏​សែន​អាក្រក់​ដោយ​គ្មាន​ដៃគូ​នោះ ទីបំផុត​ដំរី ឈ្មោះ Kaavan ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ដែន​ជម្រក​សត្វ​ដំរី​នៅ​ថ្ងៃអាទិត្យ​ថ្ងៃទី​២៩ ខែវិច្ឆិកា​ខាងមុខ​។​
 
​លោក Alvi ដែល​ពាក់​ម៉ាស់​និង​ភរិយា​របស់លោក​គឺ​អ្នកស្រី Samina បាន​ឲ្យ Kaavan ស៊ី​ចេក​នៅពេល​ពួកគេ​ពិភាក្សា​ជាមួយ​សមាជិក​នៃ​អង្គការ​ជួយសង្គ្រោះ​សត្វ​គឺ អង្គការ Four Paws អំពី​ផែន​ការដឹក​ដំរី​នេះ​។​
 
​លោក Alvi បាន​និយាយថា​៖ «​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា នៅ​ប្រទេស​កម្ពុជា​ដំរី​នេះ​នឹងមាន​សុភមង្គល ពីព្រោះ​អស់​ពេល​យូរណាស់​ទើប​គេ​ដឹងថា ដំរី​នេះ​មាន​ភាព​តានតឹង​ផ្លូវចិត្ត​»​។​
 
​ដំរី​ឈ្មោះ Kaavan នេះ​ត្រូវបាន​គេ​ដឹងថា ចូលចិត្ត​ស្តាប់ភ្លេង​និង​ចូលចិត្ត​លោក Amir Khalil បុគ្គលិក​សត្វព្រៃ​នៃ​អង្គការ Four Paws ដែលមាន​ចំណង​ផ្លូវចិត្ត​ជាមួយ​ដំរី ដោយ​ច្រៀង​ចម្រៀង Frank Sinatra ។ ដំរី​នេះ​ធ្លាប់​គឃ្លើន​ដាក់​មនុស្ស​នាពេល​កន្លងមក​។​
 
​ដំរី​នេះ​នឹងត្រូវ​ដឹក​តាម​យន្តហោះ​ទៅ​ប្រទេស​កម្ពុជា​បន្ទាប់ពី​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ជាមួយ​អ្នកឯកទេស​អន្តរជាតិ​ដែល​ប្រើ​ចេក ដើម្បី​ឲ្យ​ដំរី​នេះ​ព្រម​នៅ​កន្លែង​ចង្អៀត​និង​សំឡេង​ខ្លាំងៗ​ពេល​ជិះ​យន្តហោះ​១០​ម៉ោង​។​
 
​វិស្វករ​ដែល​រៀបចំ​ទ្រុង​ដឹក​ដំរី​និយាយថា ទ្រុង​នេះ​លាប​ពណ៌​តាមបែប​ប្រពៃណី​ប៉ា​គី​ស្ថាន​ដែល​តុបតែង​ដោយ​រូប​សត្វ​ពណ៌​ឆើត​និង​ទង់ជាតិ​ប៉ា​គី​ស្ថាន​ដើម្បី​អបអរ​ពិធី​រីករាយ​នេះ​។​
 
​តារាចម្រៀង Cher គ្រោង​នឹង​ទៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ជួប​និង​ជូន​ដំណើរដំរី ដែល​នាង​បានធ្វើការ​ជួយសង្គ្រោះ​អស់​ជាច្រើន​ឆ្នាំ​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com