កីឡាជាតិ
ជាតិ
ខ្សែភាពយន្ត Surviving Bokator ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ភាពយន្ត​នៅ​អ៊ីតាលី​
26, Nov 2020 , 7:29 pm        
រូបភាព
ដោយ:
​ខ្សែភាពយន្ត​ការ​រស់​ឡើងវិញ​នៃ​គុន​ល្បុក្កតោ «Surviving Bokator» ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ភាពយន្ត​និង​កីឡា​ប្រចាំ​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក World FICTS Challenge នៅ​មហោស្រព​ភាពយន្ត និង​ទូរទស្សន៍​កីឡា​នៅ​ប្រទេស​អ៊ីតាលី​។ ខ្សែភាពយន្ត​ជាង​៩០០​មកពី​មហោស្រព​ចំនួន​២០​ត្រូវបាន​ដាក់​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ​។
 
 
​ខ្សែភាពយន្ត Surviving Bokator ដែលជា​កិច្ចសហការ​រវាង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​ម្ពុ​ជា សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​ផលិតកម្ម​ភាពយន្ត Cineboxx Film & Television Inc របស់​កាណាដា ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ភាពយន្ត​កីឡា​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក World FICTS Challenge នៅ​មហោស្រព​មី​នី​ណូ​អន្តរជាតិ​លើក​ទី​៣៨​នៅ​អ៊ីតាលី​។ 
 
​បច្ចុប្បន្ន​មហោស្រព​អន្តរជាតិ ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៨៣ មួយ​នេះ មាន​ប្រទេស​ជា​សមាជិក​ចំនួន​១១៦ និង​ទទួលបាន​ការទទួលស្គាល់​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC)​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន World FICTS Challenge កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ដែល​សារព័ត៌មាន​ថ្មីៗ​ទើប​ទទួលបាន​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ខ្សែភាពយន្ត Surviving Bokator បាន​ឆ្លងកាត់​ការប្រកួត​វគ្គ​ជម្រុះ​ជា​បន្តបន្ទាប់ និង​ចុងក្រោយ​បាន​ប្រកួតប្រជែង​ជាមួយ​ខ្សែភាពយន្ត​ចំនួន​៩៧០ មកពី​២០​មហោស្រព​។ 
 
​ខ្សែភាពយន្ត Surviving Bokator ត្រូវបាន​ផលិតករ​អូ​ស្ត្រ​លី​លោក Mark Bochsler និង​លោកស្រី Sandra Leuba ចាប់យក​ដំណើររឿង​របស់លោក​ព្រឹទ្ធាចារ្យ សាន គីម​ស៊ាន ដែល​បាន​ខិតខំ​តស៊ូ​ជីក​កកាយ​គុន​ល្បុក្កតោ​ឲ្យ​រស់​ឡើងវិញ ក្រោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បន្ត​សិក្សា​ស្រាវជ្រាវ ចងក្រង និង​អភិរក្ស​សម្រាប់​យុវជន​មកដល់​បច្ចុប្បន្ន​។​
 
​គុន​ល្បុក្កតោ​ស្ទើរ​ត្រូវបាន​បាត់បង់​ទាំងស្រុង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពី​១៩៧៥-១៩៧៩​។ អ្នកចេះ​ក្បាច់​មួយចំនួន​ត្រូវបាន​រស់នៅ​ដោយ​លាក់បាំង​អត្តសញ្ញាណ និង​អ្នក​ខ្លះទៅ​ជ្រកកោន​នៅតាម​ទី​វត្ត​អារាម​។ ក្រោយ​របប​ដឹកនាំ​ដោយ​ខ្មែរក្រហម​មួយ​នេះ​ដួលរលំ លោក​ព្រឹទ្ធាចារ្យ សាន គីម​ស៊ាន បាន​បង្កើត​ចលនា​ប្រមែប្រមូល​អ្នក​គុន​ល្បុក្កតោ ដើម្បី​ស្តារ​ក្បាច់គុន​នេះ​ឲ្យ​រស់​ឡើងវិញ​។ 
 
​ផលិតករ Mark Bochsler បង្ហាញ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ជោគជ័យ​មួយ​នេះ និង​ចាត់ទុកជា​ព្រឹត្តិការណ៍​មិនគួរ​ឲ្យ​ជឿ​។ លោក​បានបង្ហាញ​ពី​អារម្មណ៍​ដូច្នេះ​ថា​៖«​សម្រាប់​យើង​ជា​ផលិតករ ភាពយន្ត Surviving Bokator មិន​ត្រឹមតែ​ជា​ខ្សែភាពយន្ត​ប៉ុណ្ណោះ​ទេ វា​គឺជា​ដំណើរ​ដ៏​អស្ចារ្យ​មួយ ហើយ​យើង​មាន​កិត្តិយស​ណាស់ ដែល​បាន​ដើរតួនាទី​តូច​មួយ ក្នុងការ​រួមចំណែក​នៃ​ការ​រស់​ឡើងវិញ​នៃ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​»​។  
 
​ភាពយន្ត​ឯកសារ Surviving Bokator ត្រូវបាន​ចាក់​បញ្ចាំង​លើកដំបូង​លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​សិល្បៈ​ក្បាច់គុន​ពិភពលោក​ជុង​ប៊ូ​កនៅ​សាធារណរដ្ឋ​កូរ៉េ​។ បន្ទាប់មក​ភាពយន្ត​នេះ ត្រូវបាន​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​នៅ​ឆ្នាំ​២០១៨ និង​បាន​ចាក់ផ្សាយ​ក្នុង​មហោស្រព​អន្តរជាតិ​ជាច្រើន​លើ​ពិភពលោក​ផងដែរ​។ 
 
​ភាគី​ពាក់ព័ន្ធ​ទាំងបី​ខាងលើ​ប្តេជ្ញា​ថា ពួកគេ​នឹងធ្វើ​យុទ្ធនាការ​ចាក់ផ្សាយ​ខ្សែភាពយន្ត​ឯកសារ Surviving Bokator នៅ​ជុំវិញ​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡា​វប្បធម៌​ប្រពៃណី​ខ្មែរ​មួយ​នេះ​ឲ្យ​កាន់​តែមាន​ភាពទូលំទូលាយ និង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ថែមទៀត​៕

Tag:
 ល្បុក្កតោ​
  Surviving Bokator
© រក្សាសិទ្ធិដោយ thmeythmey.com