ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​បក្ស​កាន់អំណាច នៅតែ​យក​ច្បាប់​មក​ដាក់​ពីមុខ​អ្នកប្រឆាំង​
26, Nov 2020 , 10:29 pm        
រូបភាព
រូបរង្វង់មូលឆ្វេងដៃ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាពេលកន្លងមក។ រូបរង្វង់មូលស្តាំដៃ គឺលោក សម រង្ស៊ី (ពាក់វ៉ែនតា) និង លោក កឹម សុខា ស្ថិតក្នុងកម្មពិធីមួយជាមួយគ្នា កាលពីអតីតគណបក្សសង្គ្រោះជាតិ មិនទាន់ត្រូវបានរំលាយ។ ទិដ្ឋភាពពីខាងមុខតុលាការរាជធានីភ្នំពេញ ត្រូវបានថតដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជាថ្ងៃដែលតុលាការនេះ បើកសវនាការលើសំណុំរឿងរបស់មនុស្សជាង១០០នាក់ ក្រោមបទរួមគំនិតក្បត់ [ជាតិ]។
រូបរង្វង់មូលឆ្វេងដៃ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាពេលកន្លងមក។ រូបរង្វង់មូលស្តាំដៃ គឺលោក សម រង្ស៊ី (ពាក់វ៉ែនតា) និង លោក កឹម សុខា ស្ថិតក្នុងកម្មពិធីមួយជាមួយគ្នា កាលពីអតីតគណបក្សសង្គ្រោះជាតិ មិនទាន់ត្រូវបានរំលាយ។ ទិដ្ឋភាពពីខាងមុខតុលាការរាជធានីភ្នំពេញ ត្រូវបានថតដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជាថ្ងៃដែលតុលាការនេះ បើកសវនាការលើសំណុំរឿងរបស់មនុស្សជាង១០០នាក់ ក្រោមបទរួមគំនិតក្បត់ [ជាតិ]។
​គ្មាន​ការចរចា​នយោបាយ ដោយ​ការ​រំលង​ផ្លូវច្បាប់​ឡើយ​។ នេះជា​សារ​របស់​ប្រមុខ​គណបក្សកាន់អំណាច ផ្ញើ​ទៅកាន់​អ្នកប្រឆាំង ខណៈ​មេដឹកនាំ​ក្រុមប្រឆាំង ចាត់ទុក​វិធានការ​ផ្លូវច្បាប់​របស់​តុលាការ ជាការ​បំភ័យ​ដល់​អ្នកគាំទ្រ​ខ្លួន​។​


​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជូន​សារជាថ្មី​ទៅកាន់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា គ្មាន​ការចរចា​នយោបាយ​ឡើយ ដរាបណា​ផ្លូវច្បាប់​មិនទាន់​ត្រូវបាន​ដោះស្រាយ​។ សារ​របស់​សម្តេច ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មេធាវី​រដ្ឋាភិបាល និង​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ 
 
​សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា ជាមួយអតីត​គណបក្សប្រឆាំង គឺ​មិនអាច​ដោះស្រាយ​តាមផ្លូវ​នយោបាយ មុន​ផ្លូវច្បាប់​នោះទេ តែ​ផ្ទុយ​មកវិញ គឺ​ត្រូវ​រង់ចាំ​ឲ្យ​ផុតពី​ផ្លូវច្បាប់​សិន ចាំ​សម្របសម្រួល​គ្នា​តាមផ្លូវ​នយោបាយ​ជា​ក្រោយ​។ ប្រធាន​គណបក្សកាន់អំណាច​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ដំណើរការ​ផ្លូវច្បាប់​នៅតែ​បន្ត​។  អ្នក ត្រូវ​ជាប់គុក ត្រូវ​ជាប់គុក​ឲ្យ​ហើយ ចាំ​មក​និយាយ​ខាង​នយោបាយ​។ អ្នក មិនទាន់​កាត់ក្តី ត្រូវ​កាត់ក្តី​ឲ្យ​ហើយ ចាំ​និយាយ​គ្នា​រឿង​នយោបាយ​»​។  
 
​សម្តេច រម្លឹក​ពាក្យចាស់​ថា កម្ពុជា អត់​មាន​ជម្លោះ​នយោបាយ​ទេ គឺ​មានតែ​អ្នកនយោបាយ មាន​ជម្លោះ​ជាមួយ​ច្បាប់ ហើយក៏​គ្មាន​អ្នកទោសនយោបាយ​ដែរ គឺ​មានតែ​អ្នកនយោបាយ មានទោស​ព្រហ្មទណ្ឌ​។ ជាមួយគ្នានេះ សម្តេច ប្រកាស​ឡើងវិញ​ថា គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លើក​ទី​២ និង​គ្មាន​ការថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ​សុំ​ប្រោស​ព្រះរាជទាន​លើកលែងទោស​ដល់​បុគ្គល​ណា​ជា​លើក​ទី​៣ លើក​ទី​៤ ឬ​លើក​ទី​៥​នោះឡើយ​។ ដ្បិត​មិន​បញ្ចេញ​ឈ្មោះ តែ​គេ អាច​សន្និដ្ឋានថា សម្តេច ចង់​សំដៅលើ​លោក សម រង្ស៊ី មេដឹកនាំ​កំពូល​នៃ​ក្រុមប្រឆាំង​។ សម្តេច មានប្រសាសន៍ថា​៖«​ល្មម​យល់​គ្នា​ហើយ កន្លែង​ហ្នឹង​»​។​
 
​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ តុលាការ​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​តាម​ការគ្រោងទុក ដើម្បី​ជំនុំ​ជម្រះក្តី​លើ​មនុស្ស​ជាង​១០០​នាក់ ដែល​ពាក់ព័ន្ធ​នឹង​អតីត​គណបក្សប្រឆាំង ក្រោម​បទ​រួមគំនិត​ក្បត់ [​ជាតិ​] និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹង​វរ​ដល់​សន្តិសុខ​សង្គម​។ 
 
​ក្នុងចំណោម​មនុស្ស​ជាង​១០០​នាក់​នោះ ក៏មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​អតីត​គណបក្សប្រឆាំង​ផងដែរ ដូចជា លោក សម រង្ស៊ី អ្នកស្រី មួរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក អ៊ុំ សំអាន លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក តុ វ៉ាន់​ចាន់ លោក ឡុង រី លោក ហូរ វ៉ាន់ និង លោក ម៉ែន សុថា​វរិ​ន្ទ្រ ជាដើម​។ ប៉ុន្តែ មេដឹកនាំ​ជាន់ខ្ពស់​នៃ​អតីត​គណបក្សប្រឆាំង​ទាំងនោះ គ្មាន​អ្នកណាម្នាក់ បាន​ទៅ​ចូលរួម​សវនាការ​នៅ​តុលាការ​រាជធានី​ភ្នំពេញ​ឡើង ដ្បិត​ពួកគេ សុទ្ធតែ​ស្ថិត​នៅឯ​ក្រៅប្រទេស​។​
 
​ចំពោះ​អ្នក​នៅក្នុង​ស្រុក មាន​មួយចំនួន បាន​ស្ម័គ្រចិត្ត​ទៅ​ចូលរួម​សវនាការ​។ ទន្ទឹមគ្នានេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ទៅមុខ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​លើកទឹកចិត្ត​អ្នក​ដែល​ស្ម័គ្រចិត្ត​ចូលរួម​សវនាការ ហើយក៏​ដើម្បី​ឃ្លាំមើល​ដំណើរការ​ជំនុំជម្រះ​ដែរ​។  
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា លោក សម រង្ស៊ី ហៅ​ការកាត់ក្តី​លើ​មនុស្ស​ជាង​១០០​នាក់​នោះ ថា​ដើម្បី​បង្ហាញ​សញ្ញា​ឲ្យ​ឈប់​គាំទ្រ​អតីត​គណបក្សប្រឆាំង​និង​មិន​ឲ្យ​រង់ចាំ​ទទួល​ការធ្វើ​មាតុភូមិ​និវត្ត​របស់​លោ​កនាពេលខាងមុខ​។ លោក ជឿជាក់ថា ពេល​លោក និង​ថ្នាក់ដឹកនាំ​របស់លោក វិល​ចូល​កម្ពុជា​វិញ​នៅពេល​ខាងមុខ នឹងមាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក ថ្លែងថា​៖«​អ្វីដែល​លោក ហ៊ុន សែន ចង់បាន​តាមរយៈ​តុលាការ​របស់គាត់ គឺ​ការបំភិតបំភ័យ​ប្រជារាស្ត្រ​ខ្មែរ កុំ​ឲ្យ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​...»​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច នៅតែ​សំដៅលើ​មេដឹកនាំ​ក្រុមប្រឆាំង ថា​ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។ លោក សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ទៅកាន់​អ្នកកាសែត​ថា​៖«​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ ទោះ​ចូល [​កម្ពុជា​] នៅពេលណា​ក៏ដោយ គឺ​ខ្ញី​ពេលនោះ​តែម្តង​»​។​
 
​រីឯ អ្នកធ្វើ​សកម្មភាព​បម្រើ​នយោបាយ​របស់​ក្រុម​ឧទ្ទាម ក៏ត្រូវ​លោក សុខ ឥសាន ចាត់ទុកថា ខុសច្បាប់​ដែរ​។ លោក រម្លឹកថា រដ្ឋធម្មនុញ្ញ ចែង​ពី​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ តែ​ពុំបាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ គាំទ្រ​ក្រុម​ឧទ្ទាម​និង​គណបក្ស​ខុសច្បាប់​ទេ​។ លោក បញ្ជាក់ថា​៖«​អ្នក​ចូល​ដៃ​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ នឹង​គ្មាន​អនាគត​ល្អ​ទេ​។ ម​ធ្យោ​បា​តែមួយគត់ ដើម្បី​ជៀសវាង​ផលវិបាក​ផ្សេងៗ មានតែ​កុំ​ធ្វើតាម​និង [​កុំ​] ធ្វើ​សកម្មភាព​បម្រើ​នយោបាយ​ក្រុម​ម​ឧទ្ទាម​ក្រៅច្បាប់​»​។ 
 
​បន្ថែម​ពីនេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា បទល្មើស ដែលមាន​មនុស្ស​ច្រើន​នាក់​ពាក់ព័ន្ធ គឺជា​រឿង​ធម្មតា​និង​ជាគោលការណ៍​ច្បាប់ព្រហ្មទណ្ឌ​។ លោក បកស្រាយ​ថា សំណុំរឿង​មួយចំនួន អាចមាន​មនុស្ស​ច្រើន​នាក់​ជាប់​ពាក់ព័ន្ធ បើកាលណា វា​ជា​សំណុំរឿង ដែលមាន​អង្គការ​ចាត់តាំង​និង​រៀបចំ​ចាត់ចែង​ច្បាស់លាស់​និង​ជា​ប្រព័ន្ធ​។  
 
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ អធិប្បាយ​ទៀតថា តាម​គោលការណ៍​ច្បាប់ព្រហ្មទណ្ឌ សំណុំរឿង ដែលមាន​មនុស្ស​ច្រើននាក់​ជាប់​ពាក់ព័ន្ធ​បែបនេះ គឺ​ពួកគេ ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដូចៗ​គ្នា​។ ម្យ៉ាងវិញទៀត លោក អះអាងថា ការចេញ​ដីកា​ជា​បន្តបន្ទាប់​នាពេល​ថ្មីៗ​នេះ គឺ​ស្ថិតក្នុង​គោលដៅ​នៃ​ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅតាម​តុលាការ តែ​មិនមែន​ស្ថិតក្នុង​គោលដៅ «​ធ្វើទុក្ខបុកម្នេញ​រឹតត្បិត​» សិទ្ធិសេរីភាព​របស់​ស​កម្ម​ជន​យោ​បាយឡើយ​។ 
 
​សារ​របស់លោក ជិន ម៉ា​លីន គឺជា​ការឆ្លើយតប​នឹង​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា អ្នកស្រី បង្ហាញ​ការភ្ញាក់ផ្អើល​និង​ក្តីកង្វល់​ខ្លាំង អំពី​ការជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ លើ​មនុស្ស​ជាង​១០០​នាក់​។ អ្នកស្រី សរសេរថា ការជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​នេះ ទំនងជា​កើតចេញពី​ហេតុផល​នយោបាយ និង​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​។​
 
​អ្នកស្រី សន្និដ្ឋានថា ដំណើរការ​ក្តី​របស់​តុលាការ ទំនងជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បំភិតបំភ័យ​និង​បំបាក់មុខ​គូប្រជែង​របស់​រដ្ឋាភិបាល​។ អ្នកស្រី រំលេច​ការយល់ឃើញរ​បស់​អ្នកស្រី​ថា​៖«​លំហ​ប្រជាពលរដ្ឋ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​បន្ត​ធ្លាក់ចុះ ហើយ​មាន​សញ្ញា​តិចតួច​ប៉ុណ្ណោះ ដែល​បង្ហាញ​ពី​ការបង្រួបបង្រួម​និង​ការផ្សះផ្សារ​នយោបាយ​»​។​
 
​មនុស្ស​ជាង​១០០​នាក់​ខាងលើ ត្រូវ​ចោទ​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] និង​បទ​ញុះញង់ គឺ​ដោយសារតែ​ពួកគេ បង្ហាញ​ការគាំទ្រ​គម្រោង​ធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ អ្នកខ្លះ បាន​បំផុសបំផុល​បន្ត​ដល់​អ្នក​ផ្សេងទៀត ចូលរួម​គាំទ្រ​ដែរ និង​ចាំ​ទទួល​ការមកដល់​របស់លោក សម រង្ស៊ី​។ អ្នក​ខ្លះទៀត បាន​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ម៉ាឡេស៊ី ដែល​កាលនោះ លោក ទៅ​ម៉ាឡេស៊ី ដើម្បី​ជួប​អ្នកគាំទ្រ​ហើយ​បាន​និយាយ​ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិ​និវត្ត​របស់លោក​។ 
 
​លោក សម រង្ស៊ី ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា ហាម​ក្រុមហ៊ុន​យន្តហោះ​មិន​ឲ្យ​ដឹក​លោក ទើប​ធ្វើ​ឲ្យ​លោក មិនអាច​ចូល​កម្ពុជា​តាម​ការគ្រោង​ទុក​។ រដ្ឋាភិបាល តបវិញថា លោក សម រង្ស៊ី មិន​ហ៊ាន​ចូល​កម្ពុជា​ដោយ​ខ្លួនឯង​។ 
 
​លោក សម រង្ស៊ី រួមទាំង​ថ្នាក់ដឹកនាំ​មួយចំនួន​របស់លោក ដែល​ត្រូវបាន​តុលាការ សង្ស័យថា ផ្តើមគំនិត​និង​រៀប​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា បាន​រង​ពីបទ​ឧបឃាត​។ បទ​ឧបឃាត សំដៅ​ដល់​ការរៀប​គម្រោង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​។ មេដឹកនាំ​ក្រុមប្រឆាំង ក៏​ជាប់​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] ដែរ​។ 
 
​ចំណែក​លោក កឹម សុខា ដៃគូ​នយោបាយ​របស់លោក សម រង្ស៊ី ត្រូវ​ចោទ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព ដែល​សំដៅថា លោក លួច​ពឹងពាក់​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ ដ្បិត​នៅក្នុង​ស្រុក តែ​លោក កឹម សុខា ពុំទាន់អាចធ្វើ​សកម្មភាព​នយោបាយ​បានឡើយ​។ សំណុំរឿង​របស់លោក ត្រូវបាន​តុលាការ បើកសវនាការ​ជំនុំជម្រះ​ប៉ុន្មាន​ដង​រួចមកហើយ តែ​ត្រូវបាន​ផ្អាក​វិញ ដោយសារ​បារម្ភ​ពី​ជំងឺ​កូ​វីដ​-១៩​។ 
 
​បើ​គ្មាន​ដំណោះស្រាយ​នយោបាយ ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០២៣ អាច​នឹង​គ្មាន​វត្តមាន​អតីតគណបក្សប្រឆាំង​ដ៏​ធំ​នេះម្តងទៀត​៕ 
 
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  តុលាការ​
  សកម្មជន​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com