ពីនេះ ពីនោះ
សុខភាព
កើត​ព្រូន​ដឹងថា​មាន​សញ្ញា​អ្វីខ្លះ​ដែរ​ទេ​?
28, Nov 2020 , 6:59 pm        
រូបភាព
​យោងទៅតាម​អង្គការ​សុខភាព​ពិភពលោក ក្មេងៗ​ដែលមាន​អាយុ​ចាប់ពី មួយ​ឆ្នាំទៅ ១៤​ឆ្នាំ​គឺ​ប្រឈម​ខ្ពស់បំផុត​នឹង​ជំងឺ​ព្រូន​ក្នុង​ពោះវៀន​។ ទោះបីជា​មនុស្ស​ធំ​ហើយក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​បានដែរ​។ ខាងក្រោម​នេះ​គឺជា​សញ្ញា​មួយចំនួន​តូច​ដែល​ព្រូន​ក្នុង​ពោះវៀន​បង្ហាញ​ឲ្យ​ដឹង និង​ត្រូវការ​ព្យាបាល​ឲ្យ​បាន​លឿន​បំផុត​។​
 
​រមាស់​រន្ធ​គូថ​
​តើ​កូនអ្នកមាន​អារម្មណ៍​រមាស់​រន្ធ​គូថ​ជាប់​រហូត​ដែរ​ទេ​? ហើយ​បើសិនជា​រឿងនេះ​កើតឡើង​ជាពិសេស​នៅពេល​យប់​ទៀត​នោះ វា​គួរតែ​ដល់ពេល​ជួប​ពេទ្យ​ជំនាញ​ខាង​រោគ​កុមារ​ដើម្បី​ពិនិត្យ​ហើយ​។​
 
​ស្រក​ទម្ងន់​ខ្លាំង​
​កាលណា​មាន​ជំងឺ​ព្រូន វា​នឹង​រំខាន​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​ទៅ​ចិញ្ចឹម​រាងកាយ ហើយក៏​អាចធ្វើ​ឲ្យ​ស្រក​ទម្ងន់​បានដែរ​។ ក្រៅពីនេះ ការបាត់បង់​ប្រូតេអ៊ីន​ធ្ងន់ធ្ងរ​ប្រហែលជា​នាំ​ឲ្យ​កើនឡើង​ជាតិ​ទឹក​ក្នុង​ពោះ ឬ​ហៅថា​ទាច​ទឹក​។​
 
​បញ្ហា​ការរំលាយ​អាហារ​
​ជាមួយនឹង​ការមិន​ឃ្លាន​អាហារ ញ៉ាំ​ទឹក​កាន់តែច្រើន និង​កង្វះ​ការ​បឺត​ស្រូប​អាហារ​ក្នុង​ពោះវៀន វា​ពិតជា​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​រាករូស ឬ​រាក​មួល និង​ទល់លាមក​។​
 
​ក្លិន​មាត់អាក្រក់​
​ការ​កង្វះ​វីតាមីន B12 និង​ជាតិ​ស័​ង្គ​សី​នឹង​បង្កើតបានជា​ក្លិនស្អុយ​ក្នុង​មាត់​។ ជាមួយគ្នានេះដែរ ការ​ចាល​ទឹក​អាស៊ីត​ពី​ក្រពះ​ក៏​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិនល្អ​ផងដែរ​។​
 
​កង្វះ​គ្រាប់​ឈាម​
​មិនមាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹងថា ព្រូន​ធ្វើ​ឲ្យ​រលាក និង​បាត់បង់​ឈាម​រ៉ាំរ៉ៃ ព្រោះថា​ព្រូន​នឹង​ស៊ី​ឈាម​របស់​មនុស្ស​យើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com