ពីនេះ ពីនោះ
សុខភាព
កើត​ជំងឺ​ផ្តាសាយ​ដឹងថា​មាន​សញ្ញា​ទាំងនេះហើយ​
28, Nov 2020 , 6:59 am        
រូបភាព
​ជំងឺ​ផ្តាសាយ ដែលជា​ការបង្ក​រោគ​ដោយ​វីរុស​អាច​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​តិចតួច ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ ការប្រើ​ថ្នាំ​ព្យាបាល​ដោយ​ខ្លួនឯង​វិញ​អាចជា​រឿង​មួយ​មាន​គ្រោះថ្នាក់​បាន​បើសិនជា​អ្នក​កើត​ជំងឺ​ផ្តាសាយ​មែន​។ យ៉ាងណាមិញ អ្នក​គួរតែ​សម្គាល់​ឲ្យ​បានដឹង​អំពី​រោគសញ្ញា​របស់​ជំងឺ​ផ្តាសាយ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទាន់ពេល​បំផុត​។ ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ដែល​តែងតែ​កើតមាន​នៅពេល​មាន​ជំងឺ​ផ្តាសាយ​។​
 
​ក្តៅខ្លួន​
​សញ្ញា​របស់​ជំងឺ​ផ្តាសាយ​ដែល​កើតមាន​ញឹកញាប់​បំផុត​នោះ​គឺ​ការ​ក្តៅខ្លួន​តិចតួច​។ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទោះបីជា​កម្តៅ​ឡើង​ត្រឹម ៣៨​អង្សា​ក៏ដោយ​។​
 
​ឈឺបំពង់ក​
​ការដែល​មាន​អារម្មណ៍​រមាស់ៗ​នៅក្នុង​បំពង់ក រួម​ជាមួយនឹង​ការមិន​ស្រួល​ក្នុង​ក ឬ​ឈឺចាប់​ទៀត​នោះ វា​អាច​បញ្ជាក់ថា​ជា​ជំងឺ​ផ្តាសាយ​ហើយ​។​
 
កណ្តាស់
​បើសិនជា​អ្នក​កំពុងតែ​កណ្តាស់​ញឹកញាប់​រយៈពេល​ពីរ​បី​ថ្ងៃ​ទៅហើយនោះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្រោះ​វា​អាចជា​ជំងឺ​ផ្តាសាយ ហើយក៏​មិនមែនជា​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​អី​ដែរ​។​
 
​រលាក​ច្រមុះ​
​ការ​រលាក​នៃ​ភ្នាស​រំអិល​ក្នុង​ច្រមុះ ឬ​ហៅថា​រលាក​ច្រមុះ​នោះ​អាច​នាំ​ឲ្យ​តឹង​ច្រមុះ ឬ​ហូរ​ទឹករំអិល​ក្នុង​ច្រមុះ​បាន​។ មិន​ខ្វល់​វា​បណ្តាលមកពី​ហេតុអ្វី​ទេ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។​
 
​ឈឺក្បាល​
​ការឈឺ​ក្បាល​អាច​បណ្តាល​មកពី​ហេតុផល​ច្រើនណាស់ ចាប់ពី​ស្ត្រេ​ស រហូតដល់​រលាក​ប្រហោង​ឆ្អឹង​ក្នុង​មុខ​ឯណោះ​។ យ៉ាងណាមិញ ការឈឺ​ក្បាល​ដែល​កើតឡើង​ពេល​មាន​អាកា​រៈ​ក្តៅខ្លួន ឬ​ឈ​រាងកាយ​ទៀត​នោះ អាចជា​ជំងឺ​ផ្តាសាយ​ហើយ​។​
 
​ឈឺខ្លួន​
​វា​គឺជា​រឿង​មួយ​ដែល​កើតមាន​ញឹកញាប់​ណាស់​ក្នុង​ការឈឺ​ខ្នង ឬ​ឈឺខ្លួន​ម្តងម្កាល ប៉ុន្តែ​បើសិនជា​អ្នក​ឈឺខ្លួន និង​សាច់ដុំ​ច្រើន​ថ្ងៃនោះ វា​អាច​គិតថា​ជា​ជំងឺ​ផ្តាសាយ​ហើយ​។​
 
​ខ្សោយ​អស់កម្លាំង​
​ករណីខ្លះ ជំងឺ​ផ្តាសាយ​អាច​ចេញ​ជា​រោគសញ្ញា​ខ្សោយ​អស់កម្លាំង​ពី​ខ្លួន​តែម្តង​។ ប៉ុន្តែ​បើសិនជា​វា​កើតឡើង​ម្តង​ហើយ​ម្តងទៀត​នោះ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​រក​ឲ្យ​ឃើញ​អំពី​មូលហេតុ​ជាក់លាក់​របស់​វា​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com