COVID-19
អន្តរជាតិ
អាមេរិក​មាន​ចំនួន​អ្នកស្លាប់​កើន​ខ្ពស់ ខណៈ​ពលរដ្ឋ​រាប់លាន​នាក់​នៅតែ​ធ្វើដំណើរ​អំឡុង​បុណ្យ​Thanksgiving
27, Nov 2020 , 7:59 pm        
រូបភាព
​អ្នកធ្វើដំណើរ​រង់ចាំ​ចុះឈ្មោះ​យក​សំបុត្រ​ដើម្បី​ឡើង​យន្តហោះ នៅ​អាកាសយានដ្ឋាន LaGuardia នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​អ្នកធ្វើដំណើរ​រង់ចាំ​ចុះឈ្មោះ​យក​សំបុត្រ​ដើម្បី​ឡើង​យន្តហោះ នៅ​អាកាសយានដ្ឋាន LaGuardia នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​កាលពី​ថ្ងៃ​ពុធ​សហរដ្ឋអាមេរិក​បាន​បាន​កត់ត្រា​ចំនួន​ខ្ពស់បំផុត​នៃ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ប្រចាំថ្ងៃ​តាំងពី​ខែ​ខែឧសភា​មក ហើយ​ថែមទាំង​បន្ថែម​ករណី​ឆ្លង​ជិត ២០០.០០០ ករណី​ទៀត​ទៅនឹង​រលក​នៃ​ការឆ្លង​ថ្មី ដែល​ពេលនេះ​ជា​ស្ថានភាព​អាក្រក់​បំផុត​ដែល​ប្រទេស​នេះ​បាន​ជួបប្រទះ​តាំងពី​មានការ​រាតត្បាត​នេះ​។​
 
​មនុស្ស​ជាង ៨៩.០០០ នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​គិត​ត្រឹម​ថ្ងៃ​ពុធ​ដែលជា​តួលេខ​ខ្ពស់​មិន​ធ្លាប់មាន និង​កើតឡើង​ចំពេល​មានការ​ព្រួយបារម្ភ​ថា​ថ្ងៃ​ឈប់សម្រាក​បុណ្យ​រំឭក​គុណ Thanksgiving​របស់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នឹង​នាំឱ្យមាន​ការឆ្លង​កាន់តែច្រើន​ដោយសារ​ប្រជាជន​ធ្វើដំណើរ​ទៅ​ជួបជុំ​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ​។​
 
​មាន​មនុស្ស​ប្រមាណ​១​លាន​នាក់​បាន​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅតាម​ព្រលានយន្តហោះ​ទូទាំង​សហរដ្ឋអាមេរិក​ក្នុង​មួយថ្ងៃៗ​ចាប់ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដល់​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ដែលជា​ចំនួន​ធ្លាក់ចុះ​៦០% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ប៉ុន្តែ​នៅតែ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ចាប់តាំងពី​វិបត្តិ​កូ​វីដ​១៩​បានកើត​មាននៅ​អាមេរិក​មក​។​
 
​ការមិន​អើពើ​របស់​អ្នកដំណើរ​ចំពោះ​ការព្រមាន​កំពុង​បង្កឱ្យមាន​ការព្រួយបារម្ភ​អំពី​រលក​នៃ​ការឆ្លង​វីរុស​និង​ការស្លាប់​ដោយសារ​កូ​វីដ​១៩​ក្នុងពេល​រដូវ​បុណ្យ​ឈប់សម្រាក​នៅ​ខែធ្នូ​។ កំណើន​ការឆ្លង​ខ្លាំង​ជាធម្មតា​បណ្តាលឱ្យមាន​ចំនួន​អ្នកស្លាប់​កើនឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​។​
 
​មន្ត្រី​នៅក្នុង​រដ្ឋ​ជាច្រើន​បានដាក់​ការ​រឹតត្បិត​ដើម្បី​បន្ថយ​ការរីក​រាលដាល​នៃ​វីរុស​នេះ​។​
 
​ទោះយ៉ាងណា​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បានចេញ​បទបញ្ជា​បណ្តោះអាសន្ន​មួយ​ដែល​រារាំង​រដ្ឋ​ញូវយ៉ក​ពី​ការ​រឹតបន្តឹង​ចំនួន​មនុស្ស​ជួបជុំគ្នា​នៅឯ​កន្លែង​គោរពបូជា​នៅតាម​តំបន់​ដែល​ការឆ្លង​ច្រើន​។​
 
​តុលាការ​បានចង្អុលបង្ហាញ​អំពី​ការកម្រិត​មនុស្ស​១០​ឬ ២៥ នាក់​នៅក្នុង​កន្លែង​គោរពបូជា​ហើយ​ហាង​នៅ​តំបន់​តែមួយ​នេះ​និង​កន្លែង​អាជីវកម្ម​សំខាន់ៗ​ដទៃទៀត​អាច​ដំណើរការបាន​ដោយ​គ្មាន​កម្រិត​ចំនួន​មនុស្ស​។​
 
​នៅ​ទូទាំង​សហរដ្ឋអាមេរិក​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ជំងឺ​កូ​វីដ​១៩​បាន​ឆ្លង​ដល់​មនុស្ស​ជាង ១២,៧​លាន​នាក់​និង​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជាង​២៦២.០០០​នាក់​។​នេះ​បើ​យោងតាម​សាកលវិទ្យាល័យ​Johns Hopkins៕

© រក្សាសិទ្ធិដោយ thmeythmey.com