COVID-19
អន្តរជាតិ
អាល្លឺម៉ង់​ជា​ប្រទេស​ទី​១២​ដែលមាន​អ្នក​ឆ្លង COVID-19 លើសពី​១​លាន​ករណី​
27, Nov 2020 , 11:19 am        
រូបភាព
ដោយ: រួបរួម
​អាល្លឺម៉ង់​ចូលក្នុង​បញ្ជី​ប្រទេស​ដែលមាន​ករណី​ឆ្លង​កូ​វីដ​-១៩ លើសពី​១​លាន ខណៈ​ពិភពលោក​ទាំងមូល​មាន​ជាង​៦១​លាន​ករណី ក្នុងនោះ​ស្លាប់​ជាង​១.៤៣​លាន​នាក់ និង​សះស្បើយ​ជាង​៤២​លាន​នាក់​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែវិច្ឆិកា នេះ អាល្លឺម៉ង់ ក្លាយជា​ប្រទេស​ទី​១២​នៅលើ​ពិភពលោក​ដែលមាន​ជាង​១​លាន​ករណី បន្ទាប់ពី​សហរដ្ឋអាមេរិក (​ជាង​១២.២៤​លាន​), ឥណ្ឌា (​ជាង​៩.៣​លាន​), ប្រេ​ស៊ី​ល (​ជាង​៦.២​លាន​), រុស្ស៊ី (​ជាង​២.១៨​លាន​), បារាំង (​ជាង​២.១៨​លាន​), អេ​ស្ប៉ា​ញ (​ជាង​១.៦៣​លាន​), ចក្រភព​អង់គ្លេស (​ជាង​១.៥៧​លាន​), អ៊ីតាលី (​ជាង​១.៥​លាន​), អា​ហ្ស​ង់​ទីន (​ជាង​១.៣៩​លាន​), កូ​ឡុំ​ប៊ី (​ជាង​១.២៨​លាន​) និង​ម៉ិ​ក​ស៊ិ​ក (​ជាង​១.០៧​លាន​)​។​
 
​ប៉េ​រូ ប៉ូឡូញ និង​អ៊ីរ៉ង់ មាន​ជាង​៩០​ម៉ឺន​ករណី​រៀងៗ​ខ្លួន រីឯ​ប្រទេស​ផ្សេងទៀត​ដែលមាន​ករណី​ឆ្លង​ជាង​កន្លះ​លាន​រួមមាន អា​ហ្សិ​ក​ខាងត្បូង អ៊ុយ​ក្រែ​ន បែលហ្ស៊ិក ស៊ី​លី អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី ឆេ​ក តួ​ក​គី និង​ហូ​ឡង់​។​
 
​ហ្វីលីពីន​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​ជាង​៤០​ម៉ឺន​ករណី ដូច​បង់​ក្លា​ដែ​ស និង រូ​ម៉ា​នី រីឯ​តួលេខ​នៅ​ប៉ា​គី​ស្ថាន អា​រ៉ា​ប៊ី​សា​អូឌីត កាណាដា ម៉ា​រ៉ុ​ក អ៊ីស្រាអែល និង​ស្វី​ស កាន់តែ​កើនឡើង​ជា​លំដាប់​។​
 
​នៅ​អាស៊ី​អាគេ្នយ៍ បន្ទាប់ពី​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន តួលេខ​នៅ​មី​យ៉ាន់​ម៉ា​ឡើងដល់​ជាង​៨៥០០០​ករណី ម៉ាឡេស៊ី​ជាង​៦​ម៉ឺន​ករណី សិង្ហ​បុរី​ជាង​៥៨០០០​ករណី ថៃ​មាន​ជិត​៤០០០​ករណី វៀតណាម​មាន​១៣៣១​ករណី កម្ពុ​ជាមាន​៣០៧​ករណី ឡាវ​ឡើងដល់​៣៩​ករណី និង​ទី​ម័​រ​ខាងកើត​សះស្បើយ​ទាំង​៣០​ករណី​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជាង​១.៤៣​លាន​នាក់ សហរដ្ឋអាមេរិក​មាន​ជិត​២៧​ម៉ឺន​នាក់ ប្រេ​ស៊ី​ល​ជាង​១៧​ម៉ឺន​នាក់ ឥណ្ឌា​ជាង​១៣.៥​ម៉ឺន​នាក់ និង​ម៉ិ​ក​ស៊ិ​កជាង​១០​ម៉ឺន​នាក់​។ ជាង​២០​ប្រទេស​មាន​អ្នកស្លាប់​ចន្លោះ​ពី​ជាង​១​ម៉ឺន​ទៅជា​ង​៥​ម៉ឺ​នាក់ ក្នុងនោះ​ឥណ្ឌូណេស៊ី មាន​១៦០០០​នាក់​។​
 
​កម្ពុជា ឡាវ និង​ទី​ម័​រ​ខាងកើត ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​មិនមាន​ករណី​ស្លាប់ រីឯ​អ្នកជំងឺ​បន្ត​សះស្បើយ​ជា​បន្តបន្ទាប់​។ ក្នុងចំណោម​អ្នក​ឆ្លង​៣០៧​នាក់​នៅ​កម្ពុជា ២៩៨​នាក់ បាន​សះស្បើយ ខណៈ​អ្នក​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅសល់​៩​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com