COVID-19
អន្តរជាតិ
ក្រុមហ៊ុន AstraZeneca ថា វ៉ាក់សាំង​ខ្លួន ត្រូវការ​ការសិក្សា​បន្ថែ​ម​ទៀត
27, Nov 2020 , 11:58 am        
រូបភាព
ដបថ្នាំ ដែលត្រូវសរសេរថាវ៉ាក់សាំងកូវីដ-១៩ ជាមួយយីហោក្រុមហ៊ុន AstraZeneca និងឈ្មោះសកលវិទ្យាល័យ Oxford។ រូបភាព៖ AFP
ដបថ្នាំ ដែលត្រូវសរសេរថាវ៉ាក់សាំងកូវីដ-១៩ ជាមួយយីហោក្រុមហ៊ុន AstraZeneca និងឈ្មោះសកលវិទ្យាល័យ Oxford។ រូបភាព៖ AFP
​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ​ដ៏​ធំ​របស់​អង់គ្លេស​AstraZeneca នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា បាន​អះអាងថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ខ្លួន ត្រូវការ​ការសិក្សា​បន្ថែ​ម​ទៀត បន្ទាប់ពី​មាន​សំណួរ​មួយចំនួន​បាន​លេចឡើង​ជុំវិញ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ដែល​ប្រែប្រួល​ទៅតាម​បរិមាណ​វ៉ាក់សាំង​ដែល​បាន​ចាក់​។ ប៉ុន្តែ​ការសិក្សា​បន្ថែម​នេះ នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​នីតិវិធី​នៃ​ការផ្តល់​អាជ្ញាប័ណ្ណ​វ៉ាក់សាំង​នៅ​អង់គ្លេស​ឡើយ​។
 
​ថ្មីៗ​នេះ ក្រុមហ៊ុន​ថ្នាំពេទ្យ AstraZeneca បានប្រកាសថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​របស់ខ្លួន មាន​ប្រសិទ្ធិ​ភាពជា​មធ្យម​ចំនួន ៧០​ភាគរយ​។ ក្រុមហ៊ុន​ថ្នាំពេទ្យ បាន​សាកល្បង​លើ​អ្នកចូលរួម​សាកល្បង​វ៉ាក់សាំង​ចំនួន​ពីរ​ក្រុម​។ 
 
​មនុស្ស​មួយក្រុម ត្រូវ​ចាក់​វ៉ាក់សាំង​តែ​ពាក់កណ្តាល​ដូ​ស​ប៉ុណ្ណោះ ហើយ​មួយខែ​ក្រោយ​ទើប​គេ​ចាក់​មួយ​ដូ​ស​។ លទ្ធផល​របស់​ក្រុម​នេះ បង្ហាញថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ មាន​ប្រសិទ្ធភាព​រហូតដល់ ៩០​ភាគរយ​។ ផ្ទុយទៅវិញ មនុស្ស​មួយក្រុម​ទៀត ដែល​ត្រូវ​ចាក់​វ៉ាក់សាំង មួយ​ដូ​ស​លើកដំបូង និង​១​ខែក្រោយ ត្រូវ​ចាក់ មួយ​ដូ​ស​ទៀត ដែល​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញថា មាន​ប្រសិទ្ធភាព​ត្រឹមតែ​៦២​ភាគរយ​។ លទ្ធផល​នេះ​មានន័យថា ការចាក់​វ៉ាក់សាំង​មាន​បរិមាណ​តិចជាង មាន​ប្រសិទ្ធភាព​ជាង​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក Pascal Soriot ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ថ្នាំពេទ្យ​អង់គ្លេស​ដ៏​ធំ​ខាងលើ បាន​បញ្ជាក់ថា AstraZeneca អាច​សិក្សា​បន្ថែមទៀត ដើម្បី​វាយតម្លៃថា តើ​ហេតុអ្វី​បានជា​វ៉ាក់សាំង ដែលមាន​កម្រិត​ដូ​ស​តិចជាង​មាន​ប្រសិទ្ធ​ភាពល្អ​ជាង​វ៉ាក់សាំង​ដែលមាន​កម្រិត​ដូ​ស​ពេញ​? 
 
​ប្រធាន​ប្រតិបត្តិ AstraZeneca បាន​បន្តទៀតថា ពេលនេះ ក្រុមហ៊ុន​បាន​រកឃើញថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មុខ ហើយ​ក្រុមហ៊ុន​ត្រូវតែ​សិក្សា​បន្ថែមទៀត ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ប្រសិទ្ធភាព​ជាក់លាក់​របស់​វា​។ បើតាម​លោក Soriot ក្រុមហ៊ុន អាច​នឹងមាន​ការសិក្សា​ជា​អន្តរជាតិ​បន្ថែមទៀត ប៉ុន្តែ​ការសិក្សា​នោះ ត្រូវតែ​លឿន ដោយសារតែ​ក្រុមហ៊ុន បានដឹងថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​រួចស្រេច ហើយ​ក្រុមហ៊ុន​ត្រូវការ​តែម​នុស្ស​មួយក្រុម​តូច​ប៉ុណ្ណោះ​ក្នុងការ​សិក្សា​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Al Jazeera ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយចំនួន បាន​សង្ស័យ​ពី​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​AstraZeneca ដែលមាន​កម្រិត​ខ្ពស់​រហូតដល់ ៩០​ភាគរយ បន្ទាប់ពី​ចាក់​លើ​អ្នកចូលរួម ដែល​ដំបូង​ឡើយ​មាន​បញ្ហា​មួយចំនួន​បានកើត​ឡើង​។ 
 
​បើទោះបីជា​មានការ​សិក្សា​បន្ថែម​លើ​វ៉ាក់សាំង​ក្តី ប៉ុន្តែ​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លើកឡើងថា វា​មិនបាន​បង្អាក់​នីតិវិធី​នៃ​ការផ្តល់​អាជ្ញាប័ណ្ណ​ដល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ខ្លួន​ឡើយ​។ ចំណែក​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស លោក Matt Hancock ក៏បាន​ស្នើ​ទៅ​អ្នកផ្តល់​អាជ្ញាប័ណ្ណ​លើ​វ៉ាក់សាំង វាយតម្លៃ​លើ​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca ផងដែរ ដោយ​សង្ឃឹមថា កម្មវិធី​ចាក់​វ៉ាក់សាំង អាច​ចាប់ផ្តើម​មុន​ថ្ងៃបុណ្យ​ណូអែល​៕

© រក្សាសិទ្ធិដោយ thmeythmey.com