សង្គមអន្តរជាតិ​
អន្តរជាតិ
UN៖ អំពើហិង្សាលើស្ត្រី កើនឡើងអំឡុងពេលជំងឺកូវីដ-១៩
28, Nov 2020 , 8:59 am        
រូបភាព
យុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។ រូបភាព៖AFP
យុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។ រូបភាព៖AFP
ដោយ:
អង្គការសហប្រជាជាតិ(UN) ក្នុងទិវាអន្តរជាតិស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី បញ្ជាក់ថា អំពើហិង្សាគ្រប់ទម្រង់ និងរូបភាពលើស្ត្រី និងកុមារីមានការកើនឡើងខ្លាំង ជាពិសេសអំពើហិង្សាក្នុងគ្រួសារអំឡុងពេលបិទប្រទេសដោយសារជំងឺកូវីដ-១៩។ បើតាម UN  នៅតាមតំបន់ខ្លះ ការរាយការណ៍ពីករណីអំពើហិង្សាកើនឡើងរហូតដល់ទៅ៥ដង។ ជាមធ្យមស្ត្រី១៣៧នាក់ នៅទូទាំងពិភពលោកត្រូវបានសម្លាប់ដោយដៃគូ ឬសមាជិកគ្រួសារជារៀងរាល់ថ្ងៃ។
 
សកម្មជននៅជុំវិញពិភពលោកចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ នាំគ្នាប្រារព្ធយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។ យុទ្ធនាការឆ្នាំនេះផ្តោតទៅលើអំពើហិង្សាលើស្ត្រីដែលបណ្តាលមកពីការបិទប្រទេសក្នុងការទប់ទល់ជាមួយជំងឺកូវីដ-១៩។ ការបិទប្រទេស បណ្តាលឲ្យស្ត្រី និងកុមារីមួយចំនួនជាប់នៅក្នុងផ្ទះជាមួយអ្នកដែលបំពាន ឬប្រព្រឹត្តអំពើហិង្សាមកលើខ្លួន។
 
«អំពើហិង្សារបស់បុរសមកលើស្ត្រីក៏ជាជំងឺរាតត្បាតផងដែរ ហើយវាមានមុនវីរុស និងរស់បានយូរជាងជំងឺឆ្លងទៅទៀត»។ នេះជាការលើកឡើងរបស់លោកស្រី Phumzile Mlambo-Ngcuka អង្គនាយិកាទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីស្ត្រី(UN Women) ដោយបន្ថែមថា អំពើហិង្សាលើស្ត្រីប៉ះពាល់ដល់ប្រជាជនជាច្រើន និងគ្រប់អាយុ ហើយចាំបាច់ត្រូវការការឆ្លើយតបជាសាកល។
 
កាលពីឆ្នាំ២០១៩ ស្ត្រី និងកុមារ២៤៣លាននាក់នៅជុំវិញពិភពលោករងអំពើហិង្សាផ្លូវភេទ និងផ្លូវកាយពីសំណាក់ដៃគូរបស់ពួកគេ។ ចំណែករបាយការណ៍ឆ្នាំនេះ បង្ហាញថា អំពើហិង្សាលើស្ត្រីកើនឡើង ដោយមានការធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិត ការបៀតបៀន និងអំពើហិង្សាផ្លូវភេទ។ ការបិទប្រទេស ឬទីក្រុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ធ្វើស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ។ 
 
តាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារខាងលើ បើសិនជាមានការបិទប្រទេសរយៈពេល៣ខែបន្តទៅមុខទៀត នោះករណីហិង្សាលើស្ត្រីនឹងកើនឡើង១៥លានករណីបន្ថែម។ បញ្ហាដែលគួរឲ្យបារម្ភទៀតនោះ គឺស្ត្រីដែលរងអំពើហិង្សា មិនដល់៤០ភាគរយទេ ដែលបានរាយការណ៍ ឬស្វែងរកជំនួយ។
 
ដូចគ្នានេះដែរ ការស្រាវជ្រាវរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងសង្គមអ៊ីតាលីបានបង្ហាញថា អំឡុងពេលបិទប្រទេស ដែលតម្រូវឲ្យប្រជាជនស្ថិតនៅក្នុងផ្ទះ ករណីអំពើហិង្សាលើគ្រួសារកើនឡើង។ វិទ្យាស្ថានបន្ថែមថា ផ្ទះនៅតែបន្តជាកន្លែងមានជម្លោះ និងហិង្សាលើស្ត្រី ហើយដោយសារតែសម្ពាធសេដ្ឋកិច្ចស្ត្រី និងកុមារដែលក្រីក្រត្រូវចាកចេញពីសាលារៀន និងគ្មានការងារ  ការរៀបការដោយបង្ខំ និងរងការបំពានជាដើម។
 
ជាការឆ្លើយតបទៅនឹងការកើនឡើងករណីអំពើហិង្សាលើស្ត្រី ប្រទេសចំនួន១២១ បានចេញវិធានការពង្រឹងសេវាសម្រាប់ស្ត្រីរងគ្រោះ ចំណែកប្រទេស៤៨ផ្សេងទៀតបានរួមបញ្ចូលការបង្ការ និងឆ្លើយតបទៅនឹងអំពើហិង្សាលើស្ត្រី និងកុមារី ក្នុងផែនការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ UN ក៏បញ្ចេញទឹកប្រាក់២៥លានដុល្លារ សម្រាប់គម្រោងប្រយុទ្ធប្រឆាំងហិង្សាផ្លូវភេទដែរ។ ទឹកប្រាក់ចំនួន១៧លានដុល្លារ នឹងត្រូវផ្តល់ឲ្យមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និង៨លានដុល្លារសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីស្ត្រី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com