ជាតិ
បោះឆ្នោត
គ.ជ.ប នឹងបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យានៅឆ្នាំ២០២១
27, Nov 2020 , 10:59 pm        
រូបភាព
រូបតំណាង (ពីទំព័រហ្វេសប៊ុករបស់ គ.ជ.ប)
រូបតំណាង (ពីទំព័រហ្វេសប៊ុករបស់ គ.ជ.ប)
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅឆ្នាំ២០២១ ដើម្បីឲ្យការបោះឆ្នោតកាន់តែមានភាពសុក្រឹត តាមរយៈបច្ចេកវិទ្យាថ្មី ដោយទទួលមានការចូលរួមដោយសេរីនិងយុត្តិធម៌។ នេះបើតាមការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប។
 
លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃនេះថា ការរៀបចំការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺរៀបចំការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជន តាមប្រព័ន្ធអនឡាញ។ ទន្ទឹមនឹងនេះ ការបូកសរុបលទ្ធផលនៃការបោះឆ្នោត គឺត្រូវធ្វើតាមប្រព័ន្ធអនឡាញ។ លោកបញ្ជាក់ថា ការបញ្ជូននិងការទទួលលទ្ធផលបោះឆ្នោតបឋម, ការបែងចែកអសនៈ និងការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត សុទ្ធតែត្រូវធ្វើតាមប្រេព័ន្ធកុំព្យូទ័រ។ រីឯ ដំណើរការប្រជាពលរដ្ឋទៅធ្វើការបោះឆ្នោតគឺដំណើរការដូចមុន។ 
 
«ការបោះឆ្នោតសាកល្បងហ្នឹង មិនមែនមានន័យថា បោះឆ្នោតតាមអនឡាញទេ គឺប្រើប្រាស់បច្ចេកវិទ្យាតាមរយៈអនឡាញ បានន័យថាពីមុនមកគណៈបក្សនយោបាយលោក ដាក់ប្រកួតប្រជែងហ្នឹងឯង ដាក់ពាក្យបេក្ខជនហ្នឹងឯង គឺត្រូវធ្វើលិខិតជា(Hard Copy), ឥឡូវយើងចង់សាកល្បងដំណើរការចុះឈ្មោះគណបក្សដែលប្រកួតប្រជែង បេក្ខជនហ្នឹងឯង តាមរយៈអនឡាញ, បាទ!»នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យ គ.ជ.ប។ 
 
ការរៀបចំសាកល្បងនេះ គឺមានគោលបំណងក្នុងការទទួលបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ក្នុងវិស័យបោះឆ្នោត។ ទន្ទឹមនឹងនេះ ការបោះឆ្នោតតាមបច្ចេកវិទ្យា នឹងកាន់តែសុក្រឹតជាងមុន ដោយមានការចូលដោយសេរីនិងយុត្តិធម៌។ ដូច្នេះ ការប្រើប្រាស់បច្ចេកវិទ្យាកត់ត្រាតាមប្រព័ន្ធកុំព្យូទ័រ នឹងធ្វើឲ្យសាធារណជនមានជំនឿចិត្តក្នុងការបោះឆ្នោតជាងមុនដែរ។ នេះបើតាមលោក ពុទ្ធា ដោយអះអាងថា ប្រសិនការសាកល្បងនេះ ទទួលលទ្ធផលវិជ្ជាមាន នោះ គ.ជ.ប នឹងដាក់កម្មវិធីការងារនេះ ចូលដំណើរការបោះឆ្នោតឆ្នាំ២០២២និង២០២៣។ 
គ.ជ.ប គឺជាអ្នកផ្តួចផ្ដើមគំនិតនៃគម្រោងបោះឆ្នោតសាកល្បងនេះ ដោយឆ្លងកាត់ការសិក្សាពីការបោះឆ្នោតនៅបណ្ដាប្រទេសមួយចំនួនដែលប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យបោះឆ្នោត។ សម្រាប់គម្រោងនេះដែរ គ.ជ.ប បានស្នើសុំជប៉ុនឲ្យបន្ត ជួយសម្ភារ បរិក្ខារ ក្នុងនោះមានកុំព្យូរទ័រ២ពាន់គ្រឿង និង Power Bank ២ពាន់គ្រឿង ដើម្បីបម្រើឲ្យការបោះឆ្នោតសាកល្បងនៅឆ្នាំ២០២១។ សូមជម្រាបថា កន្លងមកកម្ពុជាទទួលបានជំនួយឧបត្ថម្ភពីសហគមន៍អឺរ៉ុប ជប៉ុន និងអាមេរិក ក្នុងដំណើរការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់លោក ពុទ្ធា៕ 
 

Tag:
 គ.ជ.ប
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com