កីឡាជាតិ
ជាតិ
«អប់រំគុណតម្លៃអូឡាំពិក»ជាកត្តារួមចំណែកជួយឲ្យការអប់រំកាន់តែមានគុណភាព
28, Nov 2020 , 9:59 am        
រូបភាព
ដោយ:
«អប់រំគុណតម្លៃអូឡាំពិក»មិនត្រឹមតែជួយបំផុស និងផ្សព្វផ្សាយពីវិស័យកីឡាទៅកាន់យុវជនប៉ុណ្ណោះទេ វាជាកត្តាមួយក្នុងការរួមចំណែកជួយលើកម្ពស់វិស័យអប់រំផងដែរ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលើកឡើងពីគុណសម្បត្តិរបស់កម្មវិធី«អប់រំគុណតម្លៃអូឡាំពិក»ក្នុងការជួយរួមចំណែកលើកកម្ពស់វិស័យកីឡា និងអប់រំដល់ស្រទាប់មហាជន និងសិស្សនិស្សិត។ លោក អះអាងថា កម្មវិធីនេះមិនត្រឹមតែជួយបំផុស និងផ្សព្វផ្សាយក្នុងការទាក់ទាញយុវជនឲ្យចូលហ្វឹកហាត់កីឡានោះទេ វាក៏ជាកត្តារួមចំណែកជួយឲ្យការអប់រំរបស់សិស្សកាន់តែមានប្រសិទ្ធភាពផងដែរ។
 


«អប់រំគុណតម្លៃអូឡាំពិក គឺជាចំណែកមួយក្នុងការជំរុញឲ្យការអប់រំមានគុណភាព ដែលយើងឃើញថា កម្មវិធីនេះយើងមានការអប់រំជាសកម្មភាពកីឡាផង និងអប់រំជាទ្រឹស្តីផង»។ ទន្ទឹមនឹងលើកឡើងបែបនេះ លោក វ៉ាត់ ចំរើន បានពន្យល់ថា ការហ្វឹកហាត់និងលេងកីឡាជាចលករក្នុងការពង្រឹងឲ្យសិស្សានុសិស្សមានរាងកាយរឹងមាំ និងស្មារតីរហ័សរហួន។ កត្តានេះជួយឲ្យពួកគេមានសុខភាពកាយ និងផ្លូវចិត្តល្អ ដែលជាជំនួយជួយឲ្យការសិក្សារបស់ពួកគេកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។  
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ផងនោះបានបញ្ជាក់បន្ថែមថា នៅឆ្នាំក្រោយៗលោកនឹងប្រើប្រាស់កម្មវិធី«អប់រំគុណតម្លៃអូឡាំពិក» ធ្វើជាឧបករណ៍ដើម្បីផ្សព្វផ្សាយពីការត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ 
 
លោក បានបន្ថែមថា NOCC នឹងបញ្ចូលទ្រឹស្តី និងផ្នត់គំនិតល្អៗមួយចំនួន ដើម្បីលើកទឹកចិត្តសិស្សានុសិស្ស និងផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់មិនល្អមួយចំនួនរបស់ពួកគេ។ ជាពិសេសដើម្បីពញ្ញាក់ និងពន្យល់ពួកគេឲ្យមានផ្នត់គំនិតថា ពួកគេជាចំណែកមួយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣៕




 

Tag:
 វ៉ាត់ ចំរើន
  អប់រំគុណតម្លៃអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com