សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សកាន់អំណាចស្កុតឡែន ប្រកាសបំណងធ្វើប្រជាមតិជាលើកទី២ ចេញពីចក្រភពអង់គ្លេស
28, Nov 2020 , 7:59 pm        
រូបភាព
ទង់ជាតិស្កុតឡែន និងទង់ចក្រភពអង់គ្លេស។ រូបភាព៖AFP
ទង់ជាតិស្កុតឡែន និងទង់ចក្រភពអង់គ្លេស។ រូបភាព៖AFP
ដោយ:
ថ្នាក់ដឹកនាំបក្សជាតិនិយម និងឯករាជ្យនិយមស្កុតឡែន អះអាងថា ប្រជាមតិស្តីពីឯករាជ្យភាពប្រទេសស្កុតឡែននិងត្រូវធ្វើឡើងភា្លមៗ ក្រោយការបោះឆ្នោតសភាតំបន់នៅខែឧសភាឆ្នាំ២០២១។ ការធ្វើប្រជាមតិស្តីពីឯករាជ្យភាពស្កុតឡែន ធ្លាប់បានធ្វើម្តងហើយកាលពីឆ្នាំ២០១៤ ដោយអ្នកបោះឆ្នោត៥៥ភាគរយ សម្រេចបន្តរួមរស់ជាមួយអង់គ្លេស។ ចក្រភពអង់គ្លេស ជាបណ្តុំនៃប្រទេស៤ គឺអង់គ្លេស ស្កុតឡែន វែល និងអៀរឡង់ខាងជើង។
 
បើសិនជាប្រជាជនស្កុតឡែនធ្វើបោះឆ្នោតចាកចេញពីអង់គ្លេសមែននោះ ឯករាជ្យភាពស្កុតឡែនគឺជារឿងរញ្ជួយដល់នយោបាយអង់គ្លេស ក្រោយការចាកចេញពីសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៦ ក៏ដូចជាការដែលអៀរឡង់ប្រកាសឯករាជ្យពីអង់គ្លេសកាលពីឆ្នាំ១៩២១ ដូច្នោះដែរ។
 
លោកស្រី Nicola Sturgeon នាយករដ្ឋមន្ត្រីស្កុតឡែន រំពឹងថា ប្រជាមតិស្តីពីឯករាជ្យស្កុតឡែន នឹងត្រូវធ្វើឡើងក្នុងដំណាក់កាលដំបូង ក្រោយការបោះឆ្នោតសភាតំបន់នៅខែឧសភា ឆ្នាំ២០២១។ លោកស្រីអះអាងថា មានហេតុផលជាច្រើនសម្រាប់ការធ្វើប្រជាមតិជាលើកទី២ ដូចជាការគ្រប់គ្រងមិនបានល្អនូវជំងឺរាតត្បាតកូវីឌ-១៩ដោយរដ្ឋាភិបាលអង់គ្លេស និងការចាកចេញពីសហភាពអឺរ៉ុប (Brexit) ។
 
ការណ៍ដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ជាហេតុផលចម្បងជាងគេនៃការទាមទារធ្វើប្រជាមតិសារជាថ្មី ដ្បិតអីប្រជាជនស្កុតឡែនដែលបោះឆ្នោតក្នុងប្រជាមតិ Brexit ចំនួន៦២ភាគរយចង់បន្តស្ថិតក្នុងសហភាពអឺរ៉ុប។
 
ក្នុងការស្ទង់មតិចំនួន១៤ចុងក្រោយ បង្ហាញថាប្រជាជនស្កុតចំនួន៥១ ទៅ៥៩ភាគរយចង់បានឯករាជ្យ។ លទ្ធផលនេះផ្ទុយពីការស្ទង់មតិកាលពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩ ដែលប្រជាជនស្កុតបង្ហាញឆន្ទៈបន្តរួមរស់ជាមួយអង់គ្លេស។នេះយោងតាមទីភ្នាក់ងារព័ត៌មានReuters។
 
គណបក្សជាតិស្កុតឡែន (SNP) របស់លោកស្រី Nicola Sturgeon ត្រូវបានរំពឹងថា នឹងឈ្នះអាសនៈភាគច្រើនក្នុងការបោះឆ្នោតសភាស្កុតឡែនអាណត្តិក្រោយនេះ។ ការណ៍ដែលបក្សនេះបន្តជាប់ឆ្នោត អាចនឹងបើកផ្លូវឲ្យមានការធ្វើប្រជាមតិ ត្បិតអីវាជាការសន្យា និងគោលនយោបាយដែលបក្សនេះតែងតែឃោសនាកន្លងមក។
 
ចំពោះការបំណងការធ្វើប្រជាមតិនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន អះអាងថា ប្រជាមតិឆ្នាំ២០១៤បានបង្ហាញលទ្ធផលដាច់ស្រេច និងគ្រប់គ្នាត្រូវគោរពលទ្ធផល ហើយជាការធ្វើប្រជាមតិតែម្តងគត់ និងមិនគួរមានប្រជាមតិអ្វីទៀតឡើយនាពេលអនាគត។ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០១៩ សភាស្កុតឡែន បានអនុម័តច្បាប់ស្តីពីប្រជាមតិ ដោយសំឡេងយល់ព្រម៦៥ ទល់នឹង៥៥បដិសេធ។ ច្បាប់នេះ អនុញ្ញាតឲ្យស្កុតឡែន ធ្វើប្រជាមតិបាន។ 
 
ប៉ុន្តែបើបក្ស SNP របស់លោកស្រី Sturgeon ឈ្នះឆ្នោត និងជម្នះទាមទារឯករាជ្យនោះ លោក ចនសុន មានជម្រើស២ ទី១គឺបដិសេធមិនឲ្យធ្វើប្រជាមតិតែម្តង ដែលនឹងបណ្តាលឲ្យប្រជាជនស្កុតខឹងសម្បារលើសដើម និងជម្រើសទី២ គឺអនុញ្ញាតឲ្យធ្វើប្រជាមតិដែលអាចនឹងធ្វើឲ្យរលំរលាយចក្រភពអង់គ្លេស៕

Tag:
 អង់គ្លេស
  នយោបាយអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com