ជាតិ
សេដ្ឋកិច្ច
ជប៉ុនជួយ៣លានដុល្លារ ដើម្បីឲ្យទប់ស្កាត់សំណល់ប្លាស្ទិកនៅក្នុងសមុទ្រ
28, Nov 2020 , 9:29 pm        
រូបភាព
ពិធីចុះហត្ថលេខាទទួលគម្រោង ការទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ(រូបពីក្រសួងបរិស្ថាន)
ពិធីចុះហត្ថលេខាទទួលគម្រោង ការទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ(រូបពីក្រសួងបរិស្ថាន)
ភ្នំពេញ៖ ជប៉ុនផ្ដល់ជំនួយឥតសំណង៣លានដុល្លារ សម្រាប់គម្រោងទប់ស្កាត់សំណល់ប្លាស្ទិក្នុងសមុទ្រដល់ក្រសួងបរិស្ថានដើម្បីចូលរួមក្នុងការជួយការពារការ កាត់បន្ថយ និងទប់ស្កាត់សំណល់ក្នុងសមុទ្រ។
 
គម្រោងនេះ នឹងត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ធ្វើយ៉ាងណាកាត់បន្ថយឲ្យបានអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិក ពិសេសក្នុងសមុទ្រ។ គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនេះ នឹងជំរុញឲ្យមានការអនុវត្តគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាននៅលើទំព័រហ្វេសប៊ុក។ 
 
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួនរបស់ជប៉ុននេះ ធ្វើឡើងនៅថ្ងៃទី២៥វិច្ឆិកា ដោយមានការចូលរួមពីលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃ UNDP ប្រចាំកម្ពុជា។ 
 
លោក សាយ សំអាល់ បានលើកឡើងថា ក្រុមការងារក្រសួងនឹងខិតខំ ធ្វើយ៉ាងណាដើម្បីសម្រេចបានគម្រោងនេះ ក្នុងការការពារបរិស្ថាន។ ជាមួយគ្នាដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា៖ «ការកាត់បន្ថយសំណល់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់គ្នា»។ 
  
 លោក Mikami Masahiro បានមានប្រសាសន៍ថា ការបំពុលប្លាស្ទិកនៅតាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំៗនាពេលបច្ចុប្បន្ននេះ។ 
 
«សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជាថង់ ដប និងប្រដាប់ដាក់វត្ថុនានា បច្ចុប្បន្ននេះ មានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការរបស់យើង។ ប៉ុន្តែការប្រើប្រាស់ឥតសំចៃបែបនេះ បានបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ»។ នេះបើតាមការលើកឡើងរបស់លោក Masahiro ដោយបានសង្កត់ធ្ងន់ថា សំណល់ប្លាស្ទិកក្នុងសមុទ្របានបង្កឲ្យថនិកសត្វ ត្រី និងបក្សីជាង១លានក្បាល ដែលរងគ្រោះថ្នាក់ ដោយសារការលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ជាមួយនឹងវត្ថុដែលធ្វើពីប្លាស្ទិក។ 
ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសារប្លាស្ទិក គម្រោងថ្មីនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមតំបន់គោលដៅ ព្រមទាំងជំរុញឱ្យមានការកែច្នៃសំណល់ និងការប្រើប្រាស់សម្ភារផ្សេងក្រៅតែពីប្លាស្ទិក។
 
 តំបន់គោលដៅ រួមមានក្រុងធំៗ និងខេត្តដែលនៅតាមតំបន់ឆ្នេរ ដូចជា សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមសមុទ្រឱ្យមានប្រសិទ្ធភាព នៅតាមតំបន់ប្រភពសំណល់តែម្ដង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក Masahiro។ 
 
ចំណែក លោក Nick Beresford បានលើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក គឺជាការកិច្ចការដ៏សែនពិបាកមួយ។ ប៉ុន្តែគម្រោងនេះនឹងនាំមកនូវការផ្លាស់ប្តូរ និងបង្ហាញឱ្យឃើញពីអនុភាពនៃការងាកទៅរកសេដ្ឋកិច្ចវិលជុំបែបបៃតង។ 
 
សូមជម្រាបថា បរិមាណប្លាស្ទិកសរុបក្នុងសកលលោកទាំងមូលបានកើនឡើងដល់ ៨,៣ពាន់លានតោន។ ជារៀងរាល់ឆ្នាំ មានប្លាស្ទិក១៣លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើនឹងការចាក់សំរាមមួយឡានដឹកសំរាមពេញរៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិកប្រមាណ ៩០% ដែលហូរចូលទៅក្នុងសមុទ្រមានប្រភពពីទន្លេធំៗចំនួន១០ ដែលក្នុងនោះមានទន្លេមេគង្គមួយផងដែរ។ បញ្ហាធំជាងគេនោះគឺ ថង់ប្លាស្ទិកមិនងាយនឹងរលាយក្នុងដីនោះឡើយ ហើយបន្តវត្តមាននៅលើភពផែនដីរាប់រយឆ្នាំទៅមុខទៀត។ 
 
ដោយឡែកនៅក្នុងសមុទ្រវិញ មានថនិកសត្វ ត្រី និងបក្សីជាង ១លានក្បាលដែលរងគ្រោះថ្នាក់ ដោយសារការលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ជាមួយនឹងវត្ថុដែលធ្វើពីប្លាស្ទិក។ បក្សីនិងត្រីជាង ៩០ភាគរយ មានកម្ទេចប្លាស្ទិកនៅក្នុងពោះរបស់វា។ សារធាតុគីមីពុលទាំងនេះបន្តការកើនឡើង ហើយហូរចូលទៅក្នុងរបបអាហារ និងក្នុងរាងការយរបស់មនុស្សយើង៕ 
 

Tag:
 ជំនួយឥសំណង
  ជប៉ុន
  បរិស្ថាន
  ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com