អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ការី ឡាំ ថា គ្មានគណនីធនាគារ បន្ទាប់ពីរងទណ្ឌកម្មអាមេរិក
28, Nov 2020 , 10:59 pm        
រូបភាព
ប្រធានប្រតិបត្តិទីក្រុងហុងកុងលោកស្រីការីឡាំ។រូបភាព៖EPAEFE
ប្រធានប្រតិបត្តិទីក្រុងហុងកុងលោកស្រីការីឡាំ។រូបភាព៖EPAEFE
ប្រមុខដឹកនាំហុងកុង លោកស្រី ការី ឡាំ បានអះអាងថា បន្ទាប់ពីរងទណ្ឌកម្មរបស់អាមេរិក លោកស្រីគ្មានគណនីធនាគាឡើយ និងចាយប្រាក់សុទ្ធតែប៉ុណ្ណោះ។ នេះបើតាមកិច្ចសម្ភាសរបស់ប្រមុខដឹកនាំហុងកុងជាមួយទូរទស្សន៍អង់គ្លេសមួយ ដែលបានចាក់ផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា។

 
អាមេរិក នៅខែសីហាកន្លងទៅ បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើលោកស្រីការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង និងមន្រ្តីចិន ក៏ដូចជាមន្រ្តីហុងកុងផ្សេងទៀត ដើម្បីឆ្លើយតបនឹងច្បាប់សន្តិសុខជាតិហុងកុង ដែលត្រូវបានចូលជាធរមាននៅដើមខែកក្កដា។ ទាក់ទិននឹងបញ្ហានេះ លោកស្រីការី ឡាំ មិនមានគណនីធនាគាឡើង បន្ទាប់ពីទណ្ឌកម្មនោះ។ 
 
តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍អង់គ្លេស HKIBC លោកស្រីការី ឡាំ បានអះអាងយ៉ាងដូច្នេះថា៖ « លោកស្រីបានប្រើប្រាស់ប្រាក់សុទ្ធជារៀងរាល់ថ្ងៃ លើសម្ភារទាំងអស់»។ បើតាមការអះអាងរបស់ប្រធានប្រតិបត្តិហុងកុងរូបនេះ បន្ទាប់ពីរងទណ្ឌកម្មអាមេរិក គ្មានធនាគារណា ផ្តល់សេវាដល់លោកស្រីឡើយ ហើយពេលនេះ ផ្ទះលោកស្រី មានសុទ្ធតែគំនរក្រដាសប្រាក់។ ចំណែកប្រាក់ខែវិញ ក៏លោកស្រីបើកជាប្រាក់សុទ្ធពីរដ្ឋាភិបាលផងដែរ។ 
 
លោកស្រីការី ឡាំ មានប្រាក់បៀវត្សក្នុងមួយឆ្នាំ ប្រមាណ ៦៧ម៉ឺនដុល្លារ ដែលជាប្រាក់បៀវត្សដ៏ខ្ពស់មួយ ក្នុងចំណោមមេដឹកនាំប្រទេសដទៃទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែត The Straits Times។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខដឹកនាំហុងកុង បានឌឺដងដាក់អាមេរិកថា វាពិតជាមានកិត្តិយសណាស់ ដែលបានទទួលរងទណ្ឌកម្មដ៏អយុត្តិធម៌ពីអាមេរិក។ 
ការលើកឡើងរបស់ប្រមុខហុងកុងខាងលើ បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាជនហុងកុងមួយចំនួន។ អ្នកលេងបណ្តាញសង្គមខ្លះ បានបង្ហោះរូបភាពកាក់នៅក្នុងកូនជ្រូករបស់គេ ដើម្បីធៀបទៅនឹងការលើកឡើងរបស់ប្រមុខហុងកុង ដែលថាផ្ទះលោកស្រីពោរពេញដោយគំនរក្រដាសប្រាក់។ ខណៈមនុស្សចំនួន ចោទជាសំណួរថាតើប្រាក់ ដែលមានចំនួនច្រើនបែបនោះ ត្រូវដឹកជញ្ជូនទៅផ្ទះបែបណា៕
 

Tag:
 ហុងកុង
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com