COVID-19
កីឡាជាតិ
ជាតិ
ផ្អាកកម្មវិធីពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាប និងព្រឹត្តិការណ៍ផ្សេងទៀត ក្រោយករណីឆ្លងកូវីដ-១៩ មិនដឹងប្រភព
29, Nov 2020 , 12:17 pm        
រូបភាព
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង គណៈកម្មការរៀបចំកម្មវិធីអមតៈ ២ធ្នូ សម្រេចផ្អាកទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី២៥ និងស្មារតីអមតៈ២ធ្នូ ដែលគ្រោងនឹងរៀបចំនៅដើមខែក្រោយនេះ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរកឃើញករណីឆ្លងកូវីដ-១៩លើស្ត្រីម្នាក់ ដោយមិនដឹងប្រភពច្បាស់នៅឡើយថា ឆ្លងពីក្រៅប្រទេសឬក្នុងសហគមន៍។

 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC អះអាងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ Telegram នៅថ្ងៃនេះថា ការរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅថ្ងៃទី៦ធ្នូ ក្នុងខេត្តសៀមរាប ត្រូវលើកពេល ដោយសារស្ត្រីដែលរកឃើញថាឆ្លងកូវីដ-១៩ មានប្រវត្តិស្នាក់នៅក្នុងខេត្តសៀមរាប។ ក្រោមហេតុផលនេះ លោក ចំរើន អះអាងថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានសម្រេចឲ្យផ្អាកព្រឹត្តិការណ៍នេះមួយរយៈពេលសិន។ 
 
«លើកពេលហើយ(ការរត់ពាក់កណ្ដាលម៉ារ៉ាតុង) ដោយសារយើងមិនមានភាពច្បាស់លាស់, បងស្រីដែលគាត់ជំងឺហ្នឹង(កូវីដ-១៩)នៅសៀមរាប ហើយគាត់មិនដឹងទៅណាខ្លះ អ៊ីចឹង យើងកំពុងតាមដាន។ យើងមិនមានភាពច្បាស់លាស់ក្នុងការត្រួតពិនិត្យឬការគ្រប់គ្រងរឿងហ្នឹងបានទេ អ៊ីចឹង, បានយើងត្រូវផ្អាក តាមការណែនាំរបស់ឯកឧត្តម ថោង ខុន ឲ្យផ្អាក លើកពេកសិន, ពេលចាប់ផ្ដើមកម្មនេះ យើងនឹងជូនដំណឹងតាមក្រោយទៀត» នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន។ 
 
ជាមួយគ្នាដែរ គណៈកម្មការរៀបចំកម្មវិធីអមតៈ ២ធ្នូ ក៏សម្រេចផ្អាករៀបចំកម្មវិធីស្មារតីអមតៈ២ធ្នូដែរ។ ការសម្រេចនេះ គឺដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ កម្មវិធីនេះ គ្រោងរៀបចំឡើងក្នុងថ្ងៃទី១ដល់២ធ្នូ ក្នុងខេត្តព្រៃវែង។ នេះបើតាមតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបកម្មវិធីអមតៈ ២ឆ្នូ។ 
 
ដោយសារក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៧នាក់ កាលពីថ្ងៃទី២៨វិច្ឆិកា ក្នុងនោះមានអ្នករស់នៅនិងជាសមាជិតគ្រួសារលោក របស់លោក ឆែម សាវុធ អគ្គនាយកពន្ធគារកម្ពុជា ទើបក្រសួងតម្រូវឲ្យឱ្យអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល នាំគ្នាយកសំណាកទៅពិនិត្យរកមេរោគ។ ជាវិធានការទប់ស្កាត់ការរីកដាលឆ្លងកូវីដ-១៩នេះ ក្រសួងសុខាភិបាលបានសម្រេចបិទ ផ្សារទំនើបអ៊ីអន១ សណ្ឋាគារភ្នំពេញ និងសាលារៀនអន្តរជាតិអាមេរិកាំង សាខាចាក់អង្រែ ដែលជាកន្លែងដែលអ្នកឆ្លងកូវីដ-១៩ធ្លាប់ទៅ។ 
 
គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ១៩ សរុប៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕
 

Tag:
 កូវីដ-១៩
  ផ្អាកព្រឆត្តិការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com