អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់ សន្យាសងសឹកឲ្យអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែររបស់ខ្លួន ដោយចោទថាអ៊ីស្រាអែលនៅពីក្រោយខ្នង
29, Nov 2020 , 7:59 pm        
រូបភាព
មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ រូបភាព៖ Reuters
មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ រូបភាព៖ Reuters
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសថា នឹងសងសឹកឲ្យលោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្រ្ត និងជាបុគ្គលដ៏សំខាន់សម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានសម្លាប់ខណៈលោកធ្វើដំណើរតាមរថយន្តនៅក្រុងAbsard ភាគខាងកើតក្រុងតេហេរ៉ង់។ ករណីស្លាប់នេះ បានបង្កឲ្យមានភាពតានតឹងជាថ្មីរវាងអ៊ីរ៉ង ជាមួយអ៊ីស្រាអែល និងប្រទេសលោកខាងលិច។

 
លោក Fakhrizadeh អាយុ៦២ឆ្នាំ ដែលត្រូវបានអ៊ីស្រាអែល និងប្រទេសលោកខាងលិចចាត់ទុកថាជា អ្នកវិទ្យាសាស្រ្ត និងជាបុគ្គលដ៏សំខាន់សម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានរងការបាញ់ប្រហារ និងរងរបួសធ្ងន់។ ប៉ុន្តែលោក Fakhrizadeh បានទទួលមរណភាព បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ បន្ទាប់ពីករណីស្លាប់របស់អ្នកជំនាញរូបនេះ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បានចេញសារព្រមានសងសឹកវិញ ក្នុងកាលៈទេសៈត្រឹមត្រូវមួយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
សរសេរលើបណ្តាញសង្គមTwitter លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រាប់មន្រ្តីអ៊ីរ៉ង់យ៉ាងដូច្នេះថា៖ « កិច្ចការទី១ គឺបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មនេះ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើអ្នកប្រព្រឹត្ត និងអ្នកបញ្ជា»។ ក្នុងសារដដែលនេះ លោក Khamenei បានបន្តថា អ៊ីរ៉ង់ នឹងបន្តកិច្ចការ និងកិច្ចខិតខំប្រឹងប្រែងរបស់លោក Fakhrizadeh ថែមទៀត។ 
លោក Khamenei បានចាត់ទុកលោក Fakhrizadeh ជាអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យមួយ ដែលបានបូជាពេលវេលារបស់ខ្លួនជាមួយនឹងកិច្ចការ ក៏ដូចជាវិទ្យាសាស្រ្តរបស់អ៊ីរ៉ង់។ ដោយសារករណីស្លាប់បុគ្គលសំខាន់បែបនេះ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បានថ្លែងប្រាប់គណៈរដ្ឋមន្រ្តីថា អ៊ីរ៉ង់ នឹងឆ្លើយតបលើបញ្ហានេះវិញ ក្នុងឱកាសដ៏ត្រឹមត្រូវមួយមកដល់។
 
ក្នុងក្រសែភ្នែកអ៊ីរ៉ង់ ករណីស្លាប់របស់អ្នកវិទ្យាសាស្រ្តរូបនេះ គឺមានពាក់ព័ន្ធជាមួយអ៊ីស្រាអែល។ បើតាមរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Javad Zarif វាមានការកត់សម្គាល់មួយចំនួន លើអ៊ីស្រាអែល ដែលមានពាក់ព័ន្ធនឹងករណីស្លាប់របស់លោក Fakhrizadeh។ ទន្ទឹមនេះ លោក Zarif ក៏បានទាមទារឲ្យសហគមន៍អន្តរជាតិ បញ្ឈប់ការដាក់ បទដ្ឋានពីរជាន់ មកលើអ៊ីរ៉ង់តទៅទៀតផងដែរ។ 
 
ចំណែកភាគីអ៊ីស្រាអែល មិនទាន់ចេញសេចក្តីថ្លែងការណ៍អ្វីទេ ជុំវិញករណីស្លាប់នេះ ខណៈក្រសួងការបរទេសអាមេរិក បានបដិសេធមិនបញ្ចេញមតិអ្វីទាំងអស់។ ដោយឡែកអាល្លឺម៉ង់ ដែលជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ បន្ធូរភាពតានតឹងជាមួយគ្នា ដើម្បីការពារពីការបំផ្លាញកិច្ចចរចានាពេលខាងមុខ។ 
សូមបញ្ជាក់ថា ក្នុងថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីករណីស្លាប់របស់អ្នកជំនាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់កើតឡើង អ្នកនាំពាក្យកងនាវាអាមេរិកទី៥ លោក Rebecca Rebarich បានអះអាងថា ក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិក បានធ្វើដំណើរមកឈូងសមុទ្រពែរ្សវិញ ប៉ុន្តែក្បួននាវា ដែលវត្តមាននាវាដឹកយន្តហោះ USS Nimitz គឺមិនមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ណាមួយឡើយ៕ 
 

Tag:
 អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com