ជាតិ
សង្គមជាតិ
CCHR ស្នើឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចសិទ្ធិមនុស្ស ដើម្បីរួមគ្នា បញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ
29, Nov 2020 , 10:29 pm        
រូបភាព
យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សារបស់ក្រសួងកិច្ចការនារី និង CCHR នៅតាមបណ្ដាញសង្គម។ (រូបពីទំព័រហ្វេសប៊ុក ក្រសួងកិច្ចការនារីនិងCCHR)
យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សារបស់ក្រសួងកិច្ចការនារី និង CCHR នៅតាមបណ្ដាញសង្គម។ (រូបពីទំព័រហ្វេសប៊ុក ក្រសួងកិច្ចការនារីនិងCCHR)
ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ម.ស.ម.ក (CCHR) ស្នើឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចក្នុងការលើកកម្ពស់ ការពារ និងគោរពសិទ្ធិមនុស្ស ពិសេសនៅអំឡុងពេលយុទ្ធនាការ១៦ថ្ងៃដើម្បីរួមគ្នាបញ្ឈប់អំពើហិង្សា។ ជាយុទ្ធសាស្ត្រដើម្បីបញ្ឈប់អំពើហិង្សា ក្រសួងកិច្ចនារីក៏កំពុងផ្សព្វផ្សាយដែរ ផ្ដោតសំខាន់លើយុទ្ធនាការរយៈ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រី្ត។

 
ចាប់ពីថ្ងៃទី២៥ដល់ទី១០ធ្នូ CCHR និងក្រសួងកិច្ចការនារី កំពុងផ្សព្វផ្សាយពីយុទ្ធនាការរបស់ខ្លួន ពាក់ព័ន្ធការបញ្ឈប់អំពើហិង្សា ក្នុងCCHR ជ្រើសយកយុទ្ធនាការស្ដីពី «សកម្មភាព១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ»។ ចំណែកក្រសួងកិច្ចនារីជ្រើសយកយុទ្ធនាការស្តីពី យុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី។ 
 
នៅអំឡុងពេលយុទ្ធនាការនេះ CCHR បានស្នើឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការលើកកម្ពស់ ការពារ និងគោរពសិទ្ធិមនុស្ស។ CCHR ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងដូច្នេះថា៖ «នៅក្នុងថ្ងៃដ៏មានសារៈសំខាន់ទាំងនេះ ម.ស.ម.ក សូមជំរុញឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការលើកកម្ពស់ ការពារ និងគោរពសិទ្ធិមនុស្សនៅទូទាំងប្រទេស  ពិសេស ចាត់វិធានការដើម្បីការពារសិទ្ធិស្រី្តនិងលើកកម្ពស់សមភាពយេនឌ័រ»។ 
 
ជុំវិញយុទ្ធនាការនេះ ភាគីរដ្ឋាភិបាលខាងក្រសួងកិច្ចការនារី លោកស្រី ម៉ាន ចិន្តា ជាអ្នកនាំពាក្យរបស់ក្រសួងបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងបានបង្កើត ច្បាប់ គោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីនានាជាច្រើន ពាក់ព័ន្ធនឹងផែនការកម្មវិធីយុទ្ធនាការរយៈពេល១៦ថ្ងៃនេះ។ ក្រសួងបានផ្សព្វផ្សាយដោយផ្ទាល់និងតាមបណ្ដាញសង្គម ក្នុងការរួមចែកលើកកកម្ពស់និងសារស្ដីការការពារដល់ស្រី្ត។ លើសពីនេះ នៅថ្ងៃទី៨ ខែធ្នូ ខាងមុខនេះ ក្រសួងនឹងផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣ផងដែរ។ 
 
«រាជរដ្ឋាភិបាលបានបង្កើតយន្តការនៅថ្នាក់ជាតិនិងក្រោមជាតិ ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្ត្រីនិងកុមារ និងអំពើហិង្សាគ្រប់ទម្រង់ ហើយអង្គការមួយនឹង(CCHR)ក៏ជាសមាជិកក្រុមការងារ TWGG- GBV ដែរ នៅថ្នាក់ជាតិនិងក្រោមជាតិ។ លើកពីនេះក្រសួងតែងតែរៀបចំយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីជារៀងរាល់ឆ្នាំ ស្របពេលនេះក្រសួងកំពុងអនុវត្តសកម្មភាពផ្សព្វផ្សាយតាមរយះផ្ទាល់និងប្រព័ន្ធបណ្តាញសង្គម...»។ នេះបើតាមលោកស្រី ម៉ាន ចិន្តា ដែលបានប្រាក់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ Telegram កាលពីថ្ងៃទី២៧វិច្ឆិកា។ 
យុទ្ធនាការសកម្មភាព១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ របស់CCHR នឹងចេញផ្សាយកាលប្បវត្តិបង្ហាញនូវព្រឹត្តិការណ៍សំខាន់ៗ ពាក់ព័ន្ធនឹងសិទ្ធិស្រី្តដែលកើតមានក្នុងឆ្នាំ២០២០។ ជាមួយគ្នាដែរ គឺមានការប្រកួតប្រជែងផ្ដល់ដំណោះស្រាយឆ្លើយតបនឹងបញ្ហាសិទ្ធមនុស្ស។ 
 
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព អះអាងថា ថ្ងៃសំខាន់ៗស្ដីពីសិទ្ធិមនុស្សដែលក្នុងរយៈពេល១៦ថ្ងៃនេះ គឺបញ្ជាក់ឲ្យឃើញថា សិទ្ធិមនុស្សអនុវត្តចំពោះមនុស្សគ្រប់រូប គ្រប់ទីកន្លែង ជាមួយនឹងគុណធម៌នៃភាពជាមនុស្សជាតិ។ ជាមួយដែរ អ្នកស្រីថា សង្ឃឹមថាយុទ្ធនាការ១៦ថ្ងៃនេះ នឹងជំរុញឲ្យសហគមន៍ចូលរួមប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់CCHR។ 
 
អ្នកស្រីចក់ សុភាពបន្តថា៖ «នេះជាការទទួលខុសត្រូវរបស់បុគ្គលគ្រប់រូបក្នុងការការពារ និងលើកកម្ពស់សិទ្ធិស្រ្តី និងក្មេងស្រី ហើយយើងខ្ញុំលើកទឹកចិត្តឲ្យសាធារណជន យកថ្ងៃនេះ ជាឱកាសក្រោកឈរដើម្បីសិទ្ធិមនុស្ស និងធានាថាពលរដ្ឋទាំងអស់នឹងទទួលបានសិទ្ធិសេរីភាពពេញលេញ»។ នេះបើតាមលើកលឡើងបន្ថែមរបស់អ្នកស្រី ៕ 
 

Tag:
 សិទ្ធិមនុស្ស
  យេនឌ័រ
© រក្សាសិទ្ធិដោយ thmeythmey.com