ជាតិ
សង្គមជាតិ
ករណីសង្ស័យពុលស្រានៅកំពង់ឆ្នាំងឡើងដល់ជាង១២០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់៦នាក់
29, Nov 2020 , 7:29 pm        
រូបភាព
អ្នកពុលស្រានៅកំពង់ឆ្នាំង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបពីមន្តីរព័ត៌មានខេត្តកំពង់ឆ្នាំង)
អ្នកពុលស្រានៅកំពង់ឆ្នាំង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបពីមន្តីរព័ត៌មានខេត្តកំពង់ឆ្នាំង)
ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី២៩វិច្ឆិកានេះ អ្នកដែលសង្ស័យពុលស្រា មានចំនួន១២២នាក់ ក្នុងនោះមានអ្នកស្លាប់៦នាក់។ នេះបើតាមការបញ្ជាក់របស់លោក អៀរ ប៊ុនធឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។


ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់សារព័ត៌មានថ្មីតាមទូរស័ព្ទនៅរសៀលម៉ោង៣ថា ក្នុងចំណោម១០៥នាក់ដែលសង្ស័យថាពុលស្រាលក្នុងស្រុកទឹកផុស មានមនុស្ស៦នាក់បានបញ្ជូនមកពេទ្យកាល់ម៉ែត។ ប៉ុន្តែអ្នកដែលបញ្ជូនមកគឺបានស្លាប់ចំនួន៣នាក់។ ជាមួយគ្នាដែរ អ្នកសង្ស័យថាពុលស្រាម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ហើយ២នាក់ទៀតបានស្លាប់នៅក្នុងមូលដ្ឋានពលរដ្ឋ។ 
 
«អ្នកពុលគិតត្រឹមរសៀលនេះ មាន១០៥នាក់ ក្នុងនោះស្លាប់៦នាក់។ អ្នកទាំង៦នាក់នោះ មាន២នាក់ស្លាប់នៅក្នុងមូលដ្ឋានរស់នៅ, ២អ្នកស្លាប់ពេលបញ្ជូនទៅពេទ្យកាល់ម៉ែត្រ, ម្នាក់ស្លាប់នៅមន្ទីរពេទ្យខេត្ត និងម្នាក់ទៀតស្លាប់នៅកាល់ម៉ែត»។ នេះបើតាមការលើកឡើងរបស់លោក វ៉ុន ដោយបញ្ជាក់បន្ថែមថា បច្ចុប្បន្នអ្នកពុលស្រាលធ្ងន់ធ្ងូរសម្រាក់នៅពេលកាល់ម៉ែត៣នាក់ មានស្ថានភាពល្អប្រសើរហើយ។ ចំណែកអ្នកផ្សេងទៀត គឺសម្រាក់នៅពេទ្យខេត្តក៏មានបានធូរស្រាលដែរ។ លោកបន្តថា ក្រុមការងារមន្ទីរនិងក្រសួងសុខាភិបាលបានយកសារធាតុដែលមានក្នុងស្រាលនិងសំណាកទៅពិនិត្យ ហើយកំពុងរង់ចាំលទ្ធពិនិត្យដើម្បីដឹកពីករណីពុលនេះឲ្យបានច្បាស់ រួមទាំងផ្សព្វផ្សាយចេញវិធានការទប់ស្កាត់បន្ថែម។ 
 
លុះដល់ម៉ោងប្រមាណ៦ល្ងាចនេះ លោក អៀរ ប៊ុនធឿន បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនូវទិន្ន័យសុរប ករណីសង្ស័យថាពុលស្រានេះ គឺមបានកើនដល់១២២នាក់។ 
ចំណែកអភិបាលខេត្តកំពង់ឆ្នាំង លោក ឈូរ ច័ន្ទឌឿន ប្រាប់សារព័ត៌មានថ្មីៗដែរថា កម្លាំងសមត្ថកិច្ចបានចុះដកហូតស្រាបានចំនួន១៥កាន ដែលជាប្រភេទស្រាស ក្នុងទីតាំងចំនួន៥កន្លែង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកទីតាំង និងអ្នកដែលបានទិញស្រានេះ។ 
 
សូមជម្រាបថា ករណីដែលកំពុងសង្ស័យថាពុលស្រានេះ កើតឡើងកាលពីថ្ងៃទី២៨វិច្ឆិកា ខណៈពេលដែលពលរដ្ឋផឹកស្រាក្នុងពិធីបុណ្យសពរបស់បុរសម្នាក់ដែលបានស្លាប់ដោយសារពុលថ្នាំបាញ់នៅចម្ការឪឡឹក ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕ 
 

Tag:
 ពុលស្រា
© រក្សាសិទ្ធិដោយ thmeythmey.com