ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! ចង់ឱ្យ​ធ្មេញ​ស កុំ​រំលង​អាហារ​ទាំងនេះ​
30, Nov 2020 , 6:59 pm        
រូបភាព
​ក្រៅពី​អនាម័យ​មាត់​ធ្មេញ​ត្រឹមត្រូវ​ហើយ​នោះ​ការរួមបញ្ចូល​អាហារ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ក៏​នឹង​ជួយ​ឱ្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​កាន់តែ​ប្រសើរឡើង​ផងដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ជួយ​ឱ្យ​ធ្មេញ​ស​រឹងមាំ​តាមបែប​ធម្មជាតិ ៖
 
១. ផ្កា​ខាត់ណា​ខៀវ​
 
​បន្លែ​នេះ​មាន​ផ្ទុក​ជាតិ​ដែក​ដែល​ជួយ​ការពារ​ធ្មេញ​ទប់ទល់​នឹង​ជាតិ​អាស៊ីត​ពី​ភេសជ្ជៈ ក៏ដូចជា​អាហារ​ដែល​អ្នក​បានទទួល​ទាន​។​
 
២. គ្រាប់​ធញ្ញជាតិ​
 
​ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​ដូចជា​អាល់​ម៉ុ​ន គ្រាប់ល្ង គ្រាប់​វ៉ាល់​ណឺ​ត និង​គ្រាប់ស្វាយចន្ទី គឺ​អាចជួយ​កម្ចាត់​ស្នាម​ប្រឡាក់​ជាប់​ធ្មេញ​បាន​យ៉ាង​ប្រសើរ​។ វា​ក៏​បង្កើន​ការផលិត​ទឹកមាត់​ដែល​អាចជួយ​បន្ថយ​បាក់តេរី​ក្នុង​មាត់​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​ទាំងនេះ​ក្រោយពេល​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ដែល​អាច​បង្ក​ស្នាម​ប្រឡាក់​ជាប់​ធ្មេញ​។​
 
៣. ផ្លែ​ប៉ោម​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​សំអាត​ស្នាម​ប្រឡាក់​ជាប់​ផ្ទៃ​ខាងក្រៅ​នៃ​ធ្មេញ​រាល់ពេល​អ្នក​ទំពារ​។ ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក​ដែល​ជួយ​សម្អាត​ពេញ​ក្នុង​មាត់ រួមទាំង​ធ្មេញ​ផងដែរ​។​
 
៤. ម្នាស់​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​អង់ស៊ីម bromelain ដែល​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់​លើ​ផ្ទៃ​ធ្មេញ​ដោយ​មិន​បង្ក​ផលប៉ះពាល់​ដល់​អញ្ចាញ​។​
 
៥. ផ្លែ​សេ​រ៊ី​
 
​ក៏​ដូចនឹង​ផ្លែ​ប៉ោម​ដែរ ផ្លែ​សេ​រ៊ី​ជួយ​សម្អាត​ធ្មេញ​បាន​យ៉ាង​ប្រសើរ​។ នៅ​រាល់ពេល​ទំពារ​ផ្លែ​សេ​រ៊ី គឺអាច​ប្រៀបបាន​នឹង​អ្នក​កំពុងតែ​ខាត់​សម្អាត​និង​កម្ចាត់​កំទេចកំទី​អាហារ ព្រមទាំង​បាក់តេរី​ចេញពី​ធ្មេញ​។​
 
៦. ស្ត្រ​បឺ​រី​
 
​អាស៊ីត Malic ក្នុង​ផ្លែ​ស្ត្រ​បឹ​រិ​ដែល​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់​ជាប់​ធ្មេញ ព្រមទាំង​បាក់តេរី​។ ការទទួល​ទាន​ស្ត្រ​បឹ​រី​អាចជួយ​ឱ្យ​ធ្មេញ​ស​ជាង​មុន​។ អ្នក​អាច​លាយ​ស្ត្រ​បឹ​រី​ជាមួយ​ម្សៅ Baking soda ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​ល្បាយ​លើ​ធ្មេញ​និង​រងចាំ​បាច់​សម្រាប់​រយៈ​ពេល ១៥ នាទី សឹម​ខ្ពុរ​លាង​សម្អាត​មាត់​ចេញ​។​
 
៧. ផ្លែ​គី​វី​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​អញ្ចាញ​សំខាន់​ចំពោះ​ធ្មេញ​។​
 
៨. ត្របែក​
 
​ក្រៅពី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​វីតាមីន C ហើយ​នោះ ត្របែក​ក៏មាន​ផ្ទុក​សារធាតុ tannic ផូស្វ័​រិ​ក និង​អាស៊ីត malic ដែល​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​ធ្មេញ​និង​រក្សា​សុខភាព​អញ្ចាញ​គួរឱ្យកត់សម្គាល់​។ ត្របែក​ក៏​អាចជួយ​ខាត់​សម្អាត​ផ្ទៃ​ខាងក្រៅ​នៃ​ធ្មេញ​កម្ចាត់​ស្នាម​ប្រឡាក់​បាន​យ៉ាង​ប្រសើរ​។​
 
៩. ក្រូច​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ហើយ​នោះ ក្រូច​ក៏​ជា​ប្រភព​នៃ​ជាតិ​អាស៊ីត​ដែល​ជួយ​ធ្វើឱ្យ​ធ្មេញ​ស​ជាង​មុន​បាន​ផងដែរ​។ ទោះជា​យ៉ាងណា​ដើម្បី​រក្សា​សុខភាព​កាចា​ធ្មេញ ចូរ​កុំ​ដុស​សម្អាត​ធ្មេញ​ភ្លាមៗ​ក្រោយ​ទទួលទាន​ក្រូច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com