ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ដឹង​ទេ​? ពេលព្រឹក​មិនបាច់​ញ៊ាំ​ស៊ុត ក៏​អាហារ​ទាំងនេះ​ផ្ដល់​ប្រូតេអ៊ីន​ខ្ពស់​ដល់​រាងកាយ​ដែរ​
30, Nov 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា​ស៊ុត​ជា​អាហារ​ពេលព្រឹក​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​។​ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​អាហារ​ពេលព្រឹក​មួយចំនួន​ផ្សេងទៀត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​ដែរ​? ថា​តើ​អាហារ​អ្វីខ្លះ​ដែល​អ្នក​គួរ​ទទួលទាន ឬ​រួមបញ្ចូល​ក្នុង​អាហារ​ពេលព្រឹក​ដើម្បី​ទទួលបាន​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ពេលព្រឹក​ដែល​សម្បូរ​ប្រូតេអ៊ីន ក្រៅពី​ស៊ុត ៖
 
១. យ៉ា​អួរ Greek
 
​គួបផ្សំ​ជាមួយ​ផ្លែឈើ​ស្រស់ៗ​នោះ​អ្នកនឹង​ទទួលបាន​អាហារ​ពេលព្រឹក​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ល្អ​បំផុត​មួយ​។ យ៉ា​អួរ Greek មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​និង​ជា​ប្រភេទ​នៃ​អាហារ​សុខភាព​ល្អ​ជាងគេ​ក្នុងចំណោម​យ៉ា​អួរ​ប្រភេទ​ផ្សេងទៀត​។​
 
២. សាច់​គ្មាន​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ប្រូតេអ៊ីន​។ អ្នក​អាច​ទទួលបាន​ប្រូតេអ៊ីន​ដល់​ទៅ ៧ ក្រាម​ក្នុង ២៣ ក្រាម​នៃ​សាច់​គ្មាន​ខ្លាញ់​។​
 
៣. ទឹកដោះគោ​
 
​មួយ​ពែង​នៃ​ទឹកដោះគោ​ស្រស់​មាន​ផ្ទុក​ប្រូតេអ៊ីន​ដល់​ទៅ ៨ ក្រាម​ឯណោះ​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​ផងដែរ​។​
 
៤. ទឹក​សណ្ដែក​
 
​អ្នក​ក៏​គួរ​ទទួលទាន​ទឹក​សណ្ដែក​ជា​អាហារ​ពេលព្រឹក​ផងដែរ​ដោយ​វា​មាន​ផ្ទុក​ប្រូតេអ៊ីន ៨ ក្រាម​ក្នុង​មួយ​ពែង​ដូចនឹង​ទឹកដោះគោ​។​
 
៥. បឺ​រ​សណ្ដែកដី​
 
​ការទទួល​ទាន​ក្នុង​កម្រិត​មធ្យម ២ ស្លាបព្រា​បាយ​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ប្រូតេអ៊ីន​ដល់​ទៅ ៨ ក្រាម​។ ក្រៅពី​ប្រូតេអ៊ីន បឺ​រ​សណ្ដែកដី​ក៏មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ផងដែរ​។​
 
៦. គ្រាប់​ធញ្ញជាតិ​
 
​អ្នក​ក៏​គួរ​រួមបញ្ចូល​គ្រាប់​ធញ្ញជាតិ​ក្នុង​អាហារ​ពេលព្រឹក​ផងដែរ​។ ប្រមាណ ២៣ ក្រាម​នៃ​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​ប្រូតេអ៊ីន​ពី ៤ ទៅ ៦ ក្រាម​ឯណោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com